ក្រោយពីលេចឮព័ត៌មាន សុខ សោម៉ាវត្តី មានស្នេហាជាមួយប្រុសក្មេងម្នាក់ ដែលជាកីឡាករបាល់ទាត់ លី វ៉ាហេទ នោះ នៅពេលនេះនាងព្រមទម្លាយការពិត លែងឲ្យទស្សនិកជនមានចម្ងល់ហើយ ។
សុខ សោម៉ាវត្តី បានប្រាប់អ្នកសារព័ត៌មានយើងថា “តាមពិតទៅ ខ្ញុំ និងលោកលី វ៉ាហេទ គឺគ្រាន់តែជាមិត្តភក្តិគ្នាតែប៉ុណ្ណោះ មិនមានអ្វីលើសពីហ្នឹងទេ ”។
ឆ្លើយនឹងសំណួរថា តើពេលណាទើបសុខ សោម៉ាវត្តី សម្រេចចិត្តចូលរោងការជាថ្មី?
អ្នកមេម៉ាយកូន១ រូបស្រស់នេះ បាននិយាយថា “ខ្ញុំគិតថា ការយកអ្នកថ្មីក្នុងពេលឆាប់ៗពេក គឺមិនមែនជាការស្រួលនោះទេ ព្រោះខ្ញុំស្គាល់និងស្រលាញ់គ្នាជាមួយប្តីខ្ញុំចាស់ (ទូច ដាណារ៉ា) ហ្នឹង 5ទៅ6ឆ្នាំ ទម្រាំតែខ្ញុំរៀបការ តែការហើយ រស់នៅជាមួយគ្នាបានតែ2ឆ្នាំ ក៏បែកគ្នា អ៊ីចឹងធ្វើឱ្យខ្ញុំខ្លាចមែនទែនរឿងគូស្នេហ៍ថ្មីហ្នឹង យើងមិនអាចជ្រើស ឃើញភ្លាម ស្រលាញ់ភ្លែតបានទេ។ ប៉ុន្តែពេលនេះ ទំនាក់ទំនងខ្ញុំនិងអតីតប្តី នៅរាប់អានគ្នាធម្មតា ញ៉ាំអីជាមួយគ្នាធម្មតា ហើយម៉ាក់ប៉ាក្មេកខ្ញុំ ស្រលាញ់ចៅគាត់ កូនខ្ញុំ ចាស្មីន ខ្លាំងណាស់”។
គួរបញ្ជាក់ថា អ្នកនាងសុខ សោម៉ាវត្តី បានរៀបការជាមួយអតីតប្តី លោកទូច ដាណារ៉ា ដែលបច្ចុប្បន្នមានតួនាទីជាស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលកិច្ចការព្រំដែន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២នេះដោយបន្សល់នូវកូនស្រីម្នាក់ ជាដំណក់ឈាម៕