ថ្លែងក្នុងកម្មវិធីសន្និសីទកាសែតរបស់ផលិតកម្មមហាហង្ស ជុំវិញអតីតតារាសម្តែងជើងចាស់ លោកយស បូវណ្ណៈ វិលមកថតកុនរឿង “លោកឪពុក” នោះ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា ជាតារាទី១ ដែលបាននិយាយចំៗនៅចំពោះមុខលោកអ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្ស ជុំវិញរឿងមតិខាងក្រៅដែលគេរិះគន់ថា មហាហង្ស លើកកូនស្រី (ភិន សុដាលីស) ឱ្យធ្វើតួឯក ហើយការថតរឿង តារាសម្តែងមានខ្សែបក្ខពួក ជាដើម។
ចន ច័ន្ទលក្ខិណា ដែលឡើងកាន់ក្បាលមីក្រូតាមការអញ្ជើញរបស់លោកអ៊ិន សុភិន នោះ អះអាងថា អ្នកនាងអត់សូវចេះនិយាយទេ គឺសុំនិយាយតិចទៅបានហើយ។ ប៉ុន្តែ គ្រាន់តែចាប់កាន់ក្បាលមីក្រូភ្លាម អ្នកនាងចន ច័ន្ទលក្ខិណា បានធ្វើឱ្យលោកសុភិន និងកូនស្រីសុដាលីស ប្រឹងស្តាប់ ដោយគ្មានឱ្យរំលងមួយម៉ាត់ឡើយ។
អ្នកនាងចន ច័ន្ទលក្ខិណា ថ្លែងថា “ខ្ញុំសូមនិយាយត្រង់បងសុភិន ព្រោះខ្ញុំឮថា ផលិតកម្មបងថតយកតែតួខ្សែ បក្ខពួក ហើយតួឯកស្រីវិញ យកតែកូនគាត់ (ភិន សុដាលីស) ថតរហូតហ្នឹង ខ្ញុំធ្លាប់ឮគេនិយាយអ៊ីចឹង។ ប៉ុន្តែខ្ញុំធ្លាប់សម្តែងជាមួយដាលីស ដែរ អ៊ីចឹងខ្ញុំដឹងពីសមត្ថភាពរបស់គាត់ បើគាត់លេងមិនកើត តើបានធ្វើតួឯកដែរអត់? ខ្ញុំក៏សូមទោសបងសុភិន ដែរ ដែលកន្លងមក ហៅខ្ញុំថតរឿងថ្មី តែខ្ញុំជាប់រវល់មិនបានថតឱ្យ។ ខ្ញុំសូមជូនពរបងឱ្យចំណេញលុយច្រើនៗក្នុងរឿង ដែលមានការចូលរួមសម្តែងរបស់បងយស បូវណ្ណៈ នៅពេលនេះ”។
ថៅកែផលិតកម្មមហាហង្ស ដែលស្តាប់អ្នកនាងចន ច័ន្ទលក្ខិណា យ៉ាងយកចិត្តទុកដាក់នោះ បាននិយាយតបទៅអ្នកនាងចន ច័ន្ទលក្ខិណា ថា “មិនគួរឱ្យជឿថា ឡើងមកនិយាយតិចទេ ឥឡូវតិចមែន។ មិននឹកស្មានថា ចន ច័ន្ទលក្ខិណា មិនត្រឹមតែរូបរាងស្អាតទេ តែគាត់ក៏ពូកែនិយាយដែរ សូមសរសើរ”។
អ្នកនាងចន ច័ន្ទលក្ខិណា បានប្រកាសផ្អាកថតសម្តែងភាពយន្តហើយពេលនេះ អ្នកនាងបានបើកផលិតកម្មផ្ទាល់ខ្លួនឈ្មោះ “ផលិតកម្មសិល្បៈខ្មែរភាពយន្ត” ដែលមុននេះ បានបើកសម្ពោធវណ្ណកម្មដំបូង រឿង “បន្តោងឆ្នាំងដី” នឹងកំពុងថតរឿងទី២ “ទារុណកម្មខ្មោច”។ ប៉ុន្តែរឿងស្នេហាផ្ទាល់ខ្លួនរបស់អ្នកនាងចន ច័ន្ទលក្ខិណា ជាមួយលោកហេង ឡុង វិញ រហូតមកដល់ពេលនេះ មិនទាន់មានដំណឹងចូលរោងការនៅឡើយ៕