ដើម្បីឱ្យអស់មន្ទិលសង្ស័យរឿងមហាជនខ្លះបានសង្ស័យថា ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត មិនសូវត្រូវគ្នា ឬកាច់កុងទាំងបទចម្រៀង និងការរកស៊ីនោះ កាលពីព្រឹកថ្ងៃទី០៨ ខែធ្នូ នេះ កំពូលតារាចម្រៀងទាំង២ បានបង្ហាញខ្លួននៅចំពោះមុខអ្នកកាសែតជាច្រើនស្ថាប័ន ក្នុងកម្មវិធីកាត់ខ្សែបូសម្ពោធលក់ដីឡូតិ៍ ទំហំ៥០ហិកតារ នៅក្បែរផ្សារព្រៃទទឹង ម្តុំវត្តអន្លង់គគីរ “ខេត្តកំពង់ស្ពឺ។
ព្រាប សុវត្ថិ បានឆ្លើយសំណួរអ្នកកាសែត ដែលបានលើកឡើងថា ហេតុអីបានជាពេលនេះ លោកមកចាប់ដៃខេមរៈ សិរីមន្ត ព្រោះតែឮថា កាច់កុងគ្នាខ្លាំងណាស់នោះ ដោយតារាជើងចាស់របស់ហង្សមាស រូបនេះ ថ្លែងលាយឡំសំណើចថា “រឿងហ្នឹង គេជាអ្នកនិយាយពាក្យចចាមអារ៉ាមទេ។ ខ្ញុំមិនអាចហាមឃាត់គេមិនឱ្យនិយាយអាក្រក់ពីយើង និយាយតែល្អៗនោះបានទេ។ តាមពិត ខ្ញុំសូមបញ្ជាក់នៅថ្ងៃនេះថា ពួកយើងទាំង២ មិនដែលមានបញ្ហាអីជាមួយគ្នានោះទេ។ ខ្ញុំអត់ដែលមានរឿងអីជាមួយប្អូនខេមរៈ សិរីមន្ត ដូចគេនិយាយផង ហើយថ្ងៃនេះ ពួកយើងចាប់ដៃគ្នារកស៊ីលក់ដីឡូតិ៍ នៅពេលនេះ គឺបងប្អូនទាំងអស់គ្នាបានឃើញហើយ”។
ព្រាប សុវត្ថិ បានចាប់ដៃខេមរៈ សិរីមន្ត ឈរឱ្យអ្នកកាសែតថតយ៉ាងរីករាយ ក្រោមក្រសែភ្នែកអតិថិនជនមកទិញដីឡូតិ៍ និងអ្នកសារព័ត៌មានជាច្រើន បានដឹងឮថា ចាប់ពីពេលនេះ តទៅពាក្យចចាមអារ៉ាមដែលថា លោកមិនសូវត្រូវគ្នាជាមួយខេមរៈ សិរីមន្ត នោះ ច្បាស់ជានឹងត្រូវបញ្ចប់ជាមិនខាន។
លោកហេង ឡុង ដែលជាគូស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា និយាយលេងបន្លំមែនដាក់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត ថា “ចាប់ពីពេលនេះតទៅ ត្រូវនិយាយរកគ្នាណា៎”។
ដោយឡែក ខេមរៈ សិរីមន្ត វិញ បង្ហាញអារម្មណ៍រីករាយខ្លាំងណាស់ ចំពោះការចាប់ដៃរកស៊ីធំជាមួយព្រាប សុវត្ថិ និងលោកឡេង ណាវ៉ាត់ត្រា នៅពេលនេះ ហើយអ្នកចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ មានជំនឿចិត្តថា ដីឡូតិ៍ដែលលោកចាប់ដៃជាមួយលោក ព្រាប សុវត្ថិ និងណាវ៉ាត់ត្រា នៅពេលនេះ នឹង ទទួលបានជោគជ័យ ដូចគម្រោងមុនៗជាមិន ខានឡើយ។
លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា គម្រោងដីឡូតិ៍ប្រើទុនរហូតដល់២០លានដុល្លារ ហើយសម្រាប់អតិថិជនដែលមកទិញក្រោយថ្ងៃដែលលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត កាត់ខ្សែបូនេះនឹងមានការបញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់១ប្លង់ ២ពាន់ដុល្លារផងដែរ។
អតីតពលករនៅកូរ៉េ រូបនេះ អះអាងថា សម្រាប់គម្រោងមុនៗ ដែលលោកបានចាប់ដៃជាមួយលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត គឺលក់ដាច់លឿនខ្លាំងហួស ការរំពឹងទុកទៀតផង ហេតុនេះហើយពេលដែលកំពូលតារាចម្រៀងល្បីទាំង២ចាប់ដៃគ្នា នឹងធ្វើអតិថិជនកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀត។
ព្រាប សុវត្ថិ បានជោគជ័យអាជីពចម្រៀងជាង២ទសវត្សន៍មកហើយ អំឡុងពេលជ្រកកោននៅហង្សមាស ទើបធ្វើឱ្យមហាជនបានចាត់ទុកថា លោកស្ថិតក្នុងចំណោមតារាចម្រៀងមានទ្រព្យច្រើន។ ប៉ុន្តែ នៅឆ្នាំ២០១៨ នេះ ព្រាប សុវត្ថិ ដែលបណ្តុះកូនប្រុសទាំង៣ ឱ្យដើរតាមគន្លងរបស់ខ្លួនតាមរយៈការ ក្លាយទៅជាតារាចម្រៀងហង្សមាសនោះ ស្រាប់តែលោកបានងាកមករកស៊ីផ្នែកអចលនទ្រព្យ ដោយបោះទុនជាច្រើនលានដុល្លារ ជាបន្តបន្ទាប់។
ចំណែកខេមរៈ សិរីមន្ត វិញ ពេលនេះមិនត្រឹមតែដើរតាមគន្លងព្រាប សុវត្ថិ រឿងអាជីពចម្រៀងនោះទេ តែលោកប៊ុនថៃ ក៏បានហក់ចូលជ្រៅក្នុងវិស័យលក់ដីឡូតិ៍ ជាមួយលោកឡេង ណាវ៉ាត់ត្រា ហើយឈានមកចាប់ដៃព្រាប សុវត្ថិ រកស៊ីធំប្រើទុក រាប់លានដុល្លារនេះ តែសិរីមន្ត អះអាងថា ការងាកមករកស៊ីលក់ដីឡូតិ៍ នៅពេលនេះមិនប៉ះពាល់ ដល់អាជីពចម្រៀងឡើយ៕