តារាចម្រៀងសាច់សខ្ចី កញ្ញាម៉ូលីកា បានសម្រេចចិត្តបង្ហាញមុខម្ចាស់ចិត្តរបស់នាង ដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងរូបសង្ហា លោក”ឆានុន”។ តាមរយៈរូបភាពបង្ហាញពីផ្អែមល្ហែមស្នេហ៍រវាងម៉ូលីកា និងសង្សារនោះ ប្រាកដជាធ្វើឲ្យប្រុសៗទាំងឡាយដែលធ្លាប់តាមស្នេហាម៉ូលីកា ជាយូរមកហើយនោះ ខកចិត្តជាមិនខានឡើយ ព្រោះអ្នកទាំង២ ធ្លាប់មានប្រវត្តិកម្សត់កម្រជាមួយគ្នាជាច្រើនឆ្នាំ ទើបពេលនេះ ម៉ូលីកា មិនអាចសម្លឹងមើលឃើញប្រុសណាផ្សេងពីលោកឆានុន ឡើយ។
អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា វាចាថា ”ខ្ញុំនិងគាត់ (ឆានុន) ស្រលាញ់គ្នាមែន អ៊ីចឹងខ្ញុំមិនខ្លាចក្នុងការបង្ហាញទេ។ ពួកខ្ញំធ្លាប់កម្សត់កម្រជាមួយគ្នាច្រើន ដូចជាពេលដែលខ្ញុំលក់ជើងមាន់ តាមOnline ដំបូងហ្នឹង គាត់និងខ្ញុំជិះម៉ូតូដាក់ជើងមាន់ឲ្យភ្ញៀវជាមួយគ្នា។ ឥឡូវពួកយើងមានជីវភាពគ្រាន់បើជាងមុន ហើយមានឡានជិះសមរម្យ អ៊ីចឹងមិនចោលគ្នាទេ គឺត្រូវតែចាប់ដៃគ្នាតទៅមុខទៀត”។
ការសម្រេចចិត្តបង្ហាញមុខគូស្នេហ៍នៅពេលនេះ របស់ម៉ូលីកាស្របពេលដែលហាងរក្សារសម្រស់របស់នាង ឈ្មោះ ”ម៉ូលីកាខសម៉េសទិក” នៅក្បែរវិមានឯករាជ្យ ដែលមានទុករហូតទៅដល់១០ម៉ឺនដុល្លារនោះ គឺត្រូវធ្វើពិធីសម្ពោធនៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៨នេះហើយ។យ៉ាងណាម៉ូលីកា ប្រាប់ថានាងនិងលោក ”ឆានុន” មិនទាន់ឈានដល់ការភ្ជាប់ពាក្យជាមួយគ្នានោះទេ គ្រាន់តែពេលនេះ នាងច្បាស់ក្នុងចិត្តហើយថា អនាគតស្វាមីរបស់នាង គឺមានតែអតីតតារាសម្ដែងនេះម្នាក់ប៉ុណ្ណោះ។
ម៉ូលីកា បន្ថែមថា ”ខ្ញុំអត់ទាន់បានធ្វើពិធីភ្ជាប់ពាក្យ ឬកំណត់ពេលចូលរោងការច្បាស់លាស់ទេ។ពេលនេះ ខ្ញុំផ្ដោតលើការរៀបចំសម្ពោធហាងសិន ហើយបើខ្ញុំភ្ជាប់ពាក្យ គឺរៀបការតែម្ដង ដែលអាចនៅឆ្នាំ២០១៩នេះ។ មូលហេតុដែលខ្ញុំជ្រើសរើសយកគាត់ ព្រោះគាត់ស្រលាញ់ខ្ញុំស្មោះគ្មានចិត្តងាករេ។ ខ្ញុំចាំបានថា កាលគាត់ស្រលាញ់ខ្ញុំដំបូង គាត់មិនបានដឹងថា ខ្ញុំកូនអ្នកក្រ កូនកំព្រាអីទេ តែពេលដែលគាត់បានដឹងហើយ គាត់ស្រលាញ់ខ្ញុំលើសដើម មិនដូចប្រុសខ្លះទេ ពេលដឹងថា យើងកូនអ្នកក្រគេដកខ្លួនចេញទេ តែគាត់មានតែស្រលាញ់ខ្ញុំខ្លាំងជាងមុនថែមទៀត”។
ម៉ូលីកា អាយុ២៦ឆ្នាំ ចំណែកសង្សារនាង លោកឆានុន អាយុ២៧ឆ្នាំ។ ចំណងស្នេហាអ្នកទាំង២ ត្រូវបានចាស់ទុំទាំងសងខាងដឹងឮអស់ទៅហើយ ហេតុនេះហើយ ម៉ូលីកាមិនមានការព្រួយបារម្ភថា ចំណងស្នេហានាងអាចប្រែប្រួលឡើយ។ ទោះជាយ៉ាងណា មានចម្ងល់ថា ហេតុអីបានជាម៉ូលីកា ទាត់ចោលសំណើស្នេហ៍ប្រុសៗអ្នកមានទ្រព្យនិងមន្រ្ដីធំៗទាំងឡាយ ដែលចង់ឧបត្ថម្ភចិញ្ចឹមនាងឲ្យរស់នៅលើគំនរទ្រព្យ ហើយសុខចិត្តមករកស៊ីតាម Onlineដោយចាប់ដៃលោកឆានុន បែបនេះទៅវិញ?
អតីតតារាចម្រៀង Rock ម៉ូលីកា បញ្ជាក់ថា ”មានគេតាមស្រលាញ់ខ្ញុំ ចង់ចិញ្ចឹមខ្ញុំអី មិនខ្វះទេ។តែខ្ញុំជឿជាក់លើគាត់ (ឆានុន) ព្រោះគាត់ក៏ជាតារា ខ្ញុំក៏ជាតារាដែរ អ៊ីចឹងពួកយើងចុះសម្រុងនិងយល់ចិត្តគ្នា។ ខ្ញុំត្រូវការអ្នកស្រលាញ់ខ្ញុំស្មោះ មិនត្រូវការស្នេហាបោកប្រាស់ទេ ហើយខ្ញុំនឹងរៀបការជាមួយគាត់នាពេលខាងមុខ”។
ម៉ូលីកា ត្រូវបានគេចាត់ទុកថា ជាអ្នករកស៊ីតាម Online ដ៏ជោគជ័យម្នាក់ ព្រោះពេលនេះ នាងគ្រាន់តែបង្កើត Page Molika Online Shop ហើយ Live លក់គ្រឿង Cosmetic នោះ ក្នុង១ថ្ងៃ នាងថា អាចរកលុយបានដល់ទៅពាន់ដុល្លាឯណោះ។
តារារូបនេះអះអាងថា នាងបានផ្ដើមទុនពី៣០០ដុល្លារ ពីការលក់ជើងមាន់ មកបើកលក់គ្រឿងសម្អាង Cosmetic ពេលនេះកើនដល់ទុន១០ម៉ឺនដុល្លារ៕