នាយគ្រឿន ឆក់បានតំណែងជាតួឯកក្នុងភាពយន្ដខ្នាតធំ រឿង ”ព្រាយ” ប៉ះជាមួយស្រីស្អាតតារាបង្ហាញម៉ូដ សួង ស៊ីធឿន ហៅស្រីតូច ដែលផលិតកម្មបាដិហារ្យភាពយន្ដ ធ្វើពិធីសម្ពោធកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ នៅរោងភាពយន្ដ Legend នៅក្បែរដេអិន ដោយមានតារាសម្ដែងល្បីៗ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។
កញ្ញាសួង ស៊ីធឿនហៅស្រីតូច ដែលជាតួឯកស្រីរឿង ”ព្រាយ” បានឲ្យដឹងថា ភាពយន្ដនេះនាងលេងមានឈុតស្នេហាច្រើនដែរ ជាមួយអ្នកកំប្លែង CTN នាយគ្រឿនតែអ្វីដែលនាងចងចាំមិនភ្លេចនោះ គឺឈុតដែលនាងស៊ីដង្កូវពេញមាត់ហើយជាដង្កូវពោត វាឡើងរស់រវើក ពេលនេះនាងមិនទាត់បាត់បះរោមឡើយ។
នាងស្រីតូច អះអាងថា ”នាងមិនមែនជាតួព្រាយនោះទេ តែចុងក្រោយ ត្រូវស្លាប់ដដែល ហើយនាងសង្ឃឹមថា ភាពយន្ដនេះនឹងមានអ្នកចូលទស្សនាច្រើន ព្រោះឈុតឆាកភ័យរន្ធត់ច្រើនលាយឡំកំប្លែងអ៊ីចឹង ប្លែកជាងភាពយន្ដមុនៗ ដែលនាងធ្លាប់ថត”។
ទោះជាយ៉ាងណា នាងស្រីតូច ហាក់មិនខ្លាចលេងឈុតស្នេហាជាមួយនាយគ្រឿន ឬខ្លាចតារាកំប្លែងរូបនេះ កេងចំណេញលើនាងឡើយ។
មុននឹងត្រូវបានផលិតកម្មបាដិហារ្យភាពយន្ដ ប្រគល់តំណែងជាតួឯកនេះ នាងស្រីតូច ធ្លាប់គ្រងតំណែងតួឯក នូវភាពយន្ដខ្នាតធំមួយចំនួន ដូចជារឿង ”សសរកន្លោង”, ”និស្ស័យស្នេហ៍បងប្អូន”, ”ភូមិគ្រឹះជំពាក់ស្នេហ៍”, ”ទារុណកម្មខ្មោច” ជាដើម តែស្រីស្អាតនៅតែនិយាយដដែលៗថា នាងញាក់សាច់ជាងគេ គឺឈុតស៊ីដង្កូវ ក្នុងរឿង ”ព្រាយ” នេះតែម្ដង។
លោកស៊ុម ភារិន្ទ ចាងហ្វាងផលិតកម្មបាដិហារ្យភាពយន្ដ បានឲ្យដឹងថា “នេះជាភាពយន្ដខ្នាតធំទី៥ហើយ សម្រាប់ផលិតកម្មរបស់លោក ហើយរឿង ”ព្រាយ” នេះ ចម្លែកជាងភាពយន្ដដទៃទៀត ព្រោះនាយកដ្ឋានភាពយន្ដ និងបដិហារ្យភាពយន្ដផ្ទាល់ បានកំណត់ថា មិនឲ្យក្មេងៗអាយុក្រោម១៥ឆ្នាំ ឬអ្នកទៅមើលម្នាក់ឯងនោះទេពិសេស គឺអ្នកជំងឺបេះដូងមិនអាចចូលមើលបានជាដាច់ខាត ព្រោះឈុតឆាករន្ធត់ច្រើនពេកអ៊ីចឹង ដើម្បីការពារសុវត្ថិភាពអ្នកទស្សនា ត្រូវតែមានបម្រាបនេះ។
លោកភារិន្ទ បញ្ជាក់ថា ”ខាងនាយកដ្ឋានភាពយន្ដ និងក្រុមការងារបាដិហារ្យភាពយន្ដ បានទស្សនាមុនដាក់បញ្ចាំងនេះ ក៏បានឯកភាពគ្នាថា រឿង ”ព្រាយ” ហ្នឹង មានឈុតរន្ធត់ច្រើនណាស់ អ៊ីចឹងក្មេងៗក្រោមអាយុ១៥ឆ្នាំ មើលមិនបានទេ ហើយក៏មិនអាចមកមើលរឿងនេះម្នាក់ឯងដែរ ទាល់តែមក២នាក់ បានកើត។ អ្វីដែលពិសេសនោះ គឺអ្នកជំងឺបេះដូងមិនអាចមើលរឿងបានទេ ព្រោះខ្លាចគាំងបេះដូងនេះ ជាចំណុចដែលខាងនាយកដ្ឋាន និងបាដិហារ្យភាពយន្ដ យកចិត្តទុកដាក់ចំពោះអ្នកមកមើលកុន។ រឿង ”ព្រាយ” នេះ ខ្ញុំសង្ឃឹមថា ជោគជ័យ ព្រោះយើងមានប្លង់ថតល្អ បច្ចេកទេសកាន់តែល្អជាងមុន ហើយរឿងនេះឆ្លុះបញ្ចាំងតាមបែបព្រះពុទ្ធសាសានា អ្នកធ្វើល្អបានល្អ អ្នកធ្វើអាក្រក់បានអាក្រក់។ រឿងនេះចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ ហើយចាប់ដាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅគ្រប់រោងភាពយន្ដទំនើបៗនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត”៕