Tuesday, November 19, 2024
Homeតារាខ្មែរដល់ពេលខាងប្រុសថ្លែងម្តង!!! ឆានុន នឹងដឹកដៃម៉ូលីកា ចូលរោងការឆ្នាំក្រោយ

ដល់ពេលខាងប្រុសថ្លែងម្តង!!! ឆានុន នឹងដឹកដៃម៉ូលីកា ចូលរោងការឆ្នាំក្រោយ

ចំណងស្នេហា៣ឆ្នាំ រវាងអតីតតារាចម្រៀងផលិតកម្ម Rock ស្រីស្អាតម៉ូលីកា និងតារាសម្ដែងរូបសង្ហា លោកឆានុន ត្រូវបានលាតត្រដាងមុនពេលដែលពួកគេសម្ពោធហាងរក្សាសម្រស់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

មុននេះ ម៉ូលីកា អះអាងថា ឆ្លងកាត់ប្រវត្តិកម្សត់កម្រជាមួយគ្នាជាច្រើនឆ្នាំ តាំងពីជិះម៉ូតូដើរដាក់ជើងមាន់ឲ្យភ្ញៀវ និងផ្ដើមពីទុន៣០០ដុល្លារ ឡើងដល់រាប់ម៉ឺនដុល្លានេះ នាងជឿជាក់ថា ចំណងស្នេហារបស់នាងនិងសង្សារ គ្មានអ្វីត្រូវប្រែប្រួលឡើយ បើទោះជាមិនទាន់កំណត់ពេលវេលារៀបការជាក់លាក់ក្ដី។

ដោយឡែក ពេលនេះ លោកហុង មានុន ហៅឆានុន ដែលជាសង្សារម៉ូលីកា បានចេញមកនិយាយរឿងស្នេហាលោកនិងតារាចម្រៀងម៉ូលីកា ដោយលោកអះអាងថា ពេញចិត្តបណ្ដូលចិត្ត១០០%​ហើយនៅពេលខាងមុខ លោកនឹងដឹកដៃម្ចាស់ចិត្តចូលរោងការតាមប្រពៃណីខ្មែរ។

លោកឆានុន ដែលប្រឡូកសិល្បៈជាតារាសម្ដែង តាំងពីឆ្នាំ២០១៥នោះ ថ្លែងថា ”ខ្ញុំនិងម៉ូលីកា ស្រលាញ់គ្នា៣ឆ្នាំហើយ ពួកយើងគ្មានអ្វីត្រូវលាក់លៀមទេ ព្រោះចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ។ ការដែលខ្ញុំមិនទាន់កំណត់ពេលវេលាចូលរោងការនោះ ព្រោះខ្ញុំចង់មានមុខរបរច្បាស់លាស់ជាមុនសិន ហើយឥឡូវពួកយើងបានសម្រេចបំណងហើយ គឺបើកហាង Cosmetic ដែលសម្ពោធនៅថ្ងៃទី២៧ធ្នូនេះ។ ការដែលខ្ញុំស្រលាញ់ និងជ្រើសរើសម៉ូលីកា ជានារីពិសេសសម្រាប់អនាគតរបស់ខ្ញុំ ព្រោះគាត់រួសរាយរាក់ទាក់ ក្លាហាន និងស្មោះត្រង់ ដែលចំចំណុចខ្ញុំចង់បាន។ ខ្ញុំអាចគិតគូរពេលវេលារៀបការជាមួយគាត់ នៅឆ្នាំក្រោយ (២០១៩) នេះហើយ”។

តារាសម្ដែងឆានុន ដែលមានត្រេមុខដូចកូនកាត់ កំពុងថតរឿងភាគឲ្យទូរទស្សន៍ CTN ”វិញ្ញាណម្ចាស់ព្រែក” និងធ្លាប់ថតស្ពតស្រាបៀរអង្គរ និង MV បទចម្រៀងរបស់ផលិតកម្មហង្សមាស ផងដែរ។ តាមរយៈរូបរាងសង្ហា លោកឆានុន ក៏មានស្រីអ្នកមានទ្រព្យតោងស្នេហ៍ដែរ ខណៈដែលម៉ូលីកា វិញ មានសេដ្ឋីៗជាច្រើននាក់ រាយអន្ទាក់ស្នេហ៍ ដោយសុំចិញ្ចឹមស្រីស្អាតរូបនេះ មិនឲ្យពិបាកប្រឹងរកស៊ីលក់គ្រឿង Cosmetic និងជើងមាន់តាម Online ទៀតផង ហេតុនេះហើយមានជាមានការសន្និដ្ឋានថា ចំណងស្នេហាពួកគេអាចប្រែប្រួលគ្រប់ពេល ព្រោះជាស្រីស្រស់ប្រុសសង្ហាសម្បូរស្នេហ៍ដូចគ្នា។

លោកឆានុន និយាយមិនបង្អង់ថា ”ខ្ញុំមិនខ្លាចមានការប្រែប្រួលទេបង ព្រោះរយៈពេល៣ឆ្នាំនេះ ខ្ញុំបានស្គាល់និងដឹងចិត្តម៉ូលីកា ច្បាស់ណាស់។ ខ្ញុំដឹងថា គាត់មានគេស្រលាញ់ច្រើនចង់ចិញ្ចឹមអី តែបើគាត់ចង់ធ្វើអ៊ីចឹង គឺយូរហើយ មិនមែនប្រឹងប្រែងជាមួយគ្នាតាំងពីលក់ជើងមាន់ រហូតដល់ពេលនេះទេ។ ចំពោះខ្ញុំវិញ ក៏មានគេស្រលាញ់ដែរ តែខ្ញុំមិនចាប់អារម្មណ៍ ឬប្ដូរចិត្តទៅស្រលាញ់អ្នកណាក្រៅពីម៉ូលីកា ទេ។ ពួកយើងនឹងរៀបការជាមួយគ្នា នៅពេលដែលយើងមានមុខរបររឹងមាំមួយ ក្រៅពីសិល្បៈនេះ”៕

RELATED ARTICLES