អតីតអ្នកគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មត្តេយ្យនៅក្រុងតាខ្មៅ កញ្ញាពេជ្រ ច័ន្ទធីតា ដែលបោះបង់អាជីពចាស់លោតចូលប្រឡូកក្នុងអាជីពចម្រៀងនិងពិធីការិនីនោះ មានព័ត៌មានថា តារាតូចច្រឡឹងរូបនេះនឹងអាចក្លាយទៅជាសមាជិករបស់ផលិតកម្មហង្សមាស ក្នុងនាមជាអ្នកចម្រៀងបន្ថែមពីលើអាជីពពិធីការិនីដែលមាននៅទូរទស្សន៍ហង្សមាស ព្រោះក្រុមហ៊ុនហង្សមាស ធ្លាប់ផ្ដល់ក្ដីសង្ឃឹមថា ពេលណាច័ន្ទធីតា ចង់ច្រៀង ហង្សមាស នឹងទុកច្រកផ្លូវឲ្យដើរតាមចិត្តចង់។ ប៉ុន្ដែរហូតមកដល់ពេលនេះ ពេជ្រច័ន្ទធីតា រង់ចាំសញ្ញាភ្លើងខៀវពីហង្សមាស ហាក់ដូចជា ”កាប់បំពង់ រង់ចាំទឹកភ្លៀង” អ៊ីចឹង ហេតុនេះហើយបានជាចុងក្រោយ ស្រីស្រស់រូបនេះនិយាយដោយមិនសប្បាយចិត្តថា នាងលែងខ្វល់ថា បានចូលច្រៀង ឬមិនច្រៀងនៅផលិតកម្មណាទៀតហើយ បើមិនបានច្រៀងផលិតកម្ម ធ្វើតែពិធីការិនីមួយមុខ ក៏មិនតូចចិត្តដែរ។
អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ តែបរាជ័យលើកពាន ព្រោះមិនអាចតទល់ជាមួយលោកនី រតនា បាននោះ វាចាទាំងមិនសប្បាយចិត្តថា ”មិនអីទេ បើគ្មានផលិតកម្មវច្រៀង ថ្ងៃក្រោយ ធ្វើតែពិធីការិនីតែមួយមុខក៏បានដែរ។ ខ្ញុំមិនចង់ចូលផលិតកម្មណាទៀតទេ ពិបាកណាស់ មិនមែនស្រួលទេ។ រហូតមកដល់ពេលនេះ ខ្ញុំគ្មានដំណឹងពីហង្សមាស ផង។ ពេលខ្លះ ខ្ញុំគិតថា ច្រៀងនៅខាងក្រៅផលិតកម្មល្អម្យ៉ាងដែរ មិនចាំបាច់តែចូលផលិតកម្ម បានច្រៀងកើតទេ”។
ការថ្លែងរបស់ពេជ្រ ច័ន្ទធីតា នៅពេលនេះ ហាក់បង្កប់នូវការឆ្អែតចិត្ត ព្រោះថា ផលិតកម្មខ្លះមានខ្សែបក្សពួក ទើបចូលច្រៀងបាន។
ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថា ហង្សមាស ហាក់ស្ទាក់ស្ទើរក្នុងការទទួលយកច័ន្ទធីតា ចូលច្រៀង ព្រោះថា សំឡេងប្រភេទនេះមានច្រើនណាស់ ហើយពេលនេះ ហង្សមាស មានតារាចម្រៀងសំឡេងស្ទើរគ្រប់ប្រភេទអស់ទៅហើយ ហេតុនេះហើយបើបញ្ចូលច័ន្ទធីតា ម្នាក់ទៀត ខ្លាចតែពិបាកឡង់សេឲ្យល្បី ទើបហង្សមាស បិទផ្លូវស្រីស្អាតរូបនេះ បណ្ដោះអាសន្នសិន។
ប្រភពបានឲ្យដឹងថា អតីតគ្រូបង្រៀនភាសាអង់គ្លេសដល់ក្មេងៗរូបនេះ គួរតែសម្លឹងទៅរកទ្រនំសាន់ដេ ឬថោន មានសង្ឃឹមជាងទន្ទឹងរង់ចាំផ្លូវពីហង្សមាស។
តារាចម្រៀងប្រចាំនៅហាងវីហ្វ្រេន រូបនេះ បន្ថែមថា ”ពេលនេះ ខ្ញុំមិនចង់ចូលផលិតកម្មណាទេ នៅច្រៀងខាងក្រៅធម្មតាអ៊ីចឹង ព្រោះអីឥឡូវរវល់ធ្វើពិធីការិនីនៅក្រៅដែរ”។
តាមព័ត៌មានបានឲ្យដឹងថា ការដែលពេជ្រ ច័ន្ទធីតា ហាក់មិនអន្ទះសារចូលច្រៀងនៅផលិតកម្មនោះ ព្រោះពិធីការិនីដែលហង្សមាស មើលមិនសូវឃើញរូបនេះ មានគូស្នេហ៍ជាតន្រ្ដីករល្បីឈ្មោះម្នាក់ ចាំជួយធ្វើបទភ្លេងឲ្យនាងច្រៀងជានិច្ច ដោយពួកគេថែមទាំងស្រលាញ់គ្នាស្ទើរលេប រហូតដល់ឃ្លាតគ្នា១វិនាទី មិនបានឡើយ៕