ស្រីស្អាតបេប៊ី បានក្លាយទៅជាសមាជិកថ្មីរបស់ផលិតកម្មថោន បន្ទាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ សម្លឹងឃើញសមត្ថភាពរបស់នាង តាមរយៈបទដែលនាងផលិតដោយខ្លួនឯងផ្ទាល់ ចេញតាមយូធូប គឺបទ ”អំណាចលុយ”។ នេះជាជំហានថ្មីមួយទៀតរបស់បេប៊ី នៅឆ្នាំ២០១៩ ខាងមុខនេះ ដែលបទចម្រៀងផ្ទាល់ខ្លួនរបស់នាង នឹងចេញជាផ្លូវការនៅផលិតកម្មថោន ហើយគេជឿថា ស្រីស្អាតសាច់សខ្ចីរូបនេះ នឹងកាន់តែល្បីថែមទៀត បន្ថែមពីលើអាជីពចាស់របស់នាង ជាពិធីការិនីនៅ CTN នោះជាមិនខានឡើយ។
ក្នុងជំនួបផ្ទាល់ កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី វាចាទាំងទឹកមុខរីករាយថា នាងត្រេកអរខ្លាំងណាស់ ព្រោះថា ពេលនេះបំណងធំបានសម្រេច តែនាងមិនបោះបង់អាជីពពិធីការិនី និងការសម្ដែងភាពយន្ដឡើយ។
បេប៊ី និយាយដោយអារម្មណ៍រំភើបថា ”ខ្ញុំសប្បាយចិត្តណាស់បង ដែលថ្នាក់ដឹកនាំផលិតកម្មថោន គាត់ទទួលយករូបខ្ញុំ។ តាមដឹង គាត់ពេញចិត្តខ្ញុំ តាមរយៈបទ ”អំណាចលុយ” ហ្នឹង គាត់មើលឃើញសមត្ថភាពរបស់យើង ជឿជាក់លើយើង ទើបគាត់ឲ្យខ្ញុំចូល។ ចំពោះបទចម្រៀងវិញ អាចឃើញបទខ្ញុំនៅដើមឆ្នាំ២០១៩ហ្នឹងហើយ។ ពេលនេះ ខ្ញុំបានត្រៀមរួចជាស្រេច សម្រាប់ការថតបទចម្រៀងនៅថោន ហើយរំភើបគ្មានអ្វីប្រៀបបានទេ ព្រោះថោន ជាផលិតកម្មធំមួយនៅក្នុងស្រុក”។
ថ្វីត្បិតតែបេប៊ី សប្បាយចិត្តសឹងដេកមិនលក់ ព្រោះបានក្លាយទៅជាតារាចម្រៀងផលិតកម្មថោន ក្ដី ប៉ុន្តែស្រីស្រស់រូបនេះអាចពិបាកប្រឈមជាមួយតារាចម្រៀងផលិតកម្មថោន ២ដួង គឺមាស សុខសោភា ជាតួឯករបស់ថោន ចំណែករ៉ាប៊ី ជាតារាដែលថោន លើកស្ទួយខ្លាំង រហូតឈរក្នុងតំណែងលេខ២ បន្ទាប់ពីសោភា ទៀតផង ហេតុនេះហើយបេប៊ី ចូលទៅបានត្រឹមធ្វើតួរងប៉ុណ្ណោះ បើសិនជាគ្មានអ្នកនិពន្ធ និងបទភ្លេងផ្ទាល់ខ្លួនទេនោះ។
បេប៊ី និយាយមិនបង្អង់ថា ”ខ្ញុំគ្មានបំណងទៅប្រជែងអ្នកណានៅថោន ទេ។ ខ្ញុំចាត់ទុកបងមាស សុខសោភា ជារាជិនីសំឡេង និងរៀមច្បងម្នាក់ មានរឿងអីដែលត្រូវទៅប្រជែងជាមួយគាត់? ចំណែកកញ្ញារ៉ាប៊ី វិញ ខ្ញុំរាប់អានគ្នាធម្មតា ជួបតាមឆាកអី និយាយស្ដីជាមួយគ្នាជាមិត្តរួមអាជីពម្នាក់។ ចំពោះការធ្វើបទចម្រៀងវិញ ខ្ញុំមិនទាន់គិតទេ គឺនៅឆ្នាំ២០១៩ បានដឹង ហើយពេលនេះ ខ្ញុំក៏មិនទាន់ចុះកុងត្រាដែរ តែខាងថោន គាត់ទទួលយកខ្ញុំហើយ”។
បេប៊ី ស្ថិតក្នុងចំណោមតារាសម្ដែងក្លាយទៅជាតារាចម្រៀងអាជីពមានដូចជា ទេព បូព្រឹក្ស , ពេជ្រ សូលីកា , អេនជី , រ៉ាប៊ី ជាដើម ដែលពេលនេះឈរនៅផលិតកម្មផ្សេងៗគ្នា។ យ៉ាងណា សម្រាប់បេប៊ី វិញ ធ្លាប់ចេញចម្រៀងជាច្រើនបទនៅតាមយូធូប ដោយចំណាយលុយផលិតផ្ទាល់ខ្លួន។
អ្នកតាមដានសកម្មភាពច្រៀងរបស់បេប៊ី បានឲ្យដឹងថា ស្រីស្អាតនេះមានទឹកដមសំឡេងស្រដៀងគ្នាទៅនឹងតារាចម្រៀងមេម៉ាយវ័យក្មេងរបស់ផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង ដែរ ហេតុនេះហើយ ថោន កាន់តែមានតារាសម្បូរទេពកោសល្យថែមទៀត នៅពេលដែលបេប៊ី ចូលជាសមាជិកថ្មីនេះ។
ប៉ុន្ដែយ៉ាងណា រយៈពេលចុងក្រោយនេះ គេឃើញតារាល្បីៗរបស់ថោន ហាក់ឡើងកូដតែរ៉ាប៊ី ម្នាក់ប៉ុណ្ណោះ តារាផ្សេងៗទៀត រួមទាំង មាស សុខសោភា ផង គឺហាក់នៅទ្រឹងដូចគ្នា។ ប៉ុន្តែមាស សុខសោភា មិនពឹងទាំងស្រុងទៅលើផលិតកម្មថោន នោះទេ ព្រោះនាងមានផលិតកម្មផ្ទាល់ខ្លួន Camtrax អីចឹងហើយបើថោនចេញបទចម្រៀងមិនឲ្យនាងដិតដល់ ឬមានតារាថ្មីណាចូលថោន ចង់ប្រជែងជាមួយនាងនោះ ក៏សោភាមិនខ្វល់ដែរព្រោះនាងច្រៀងនៅថោនដោយគ្មានកុងត្រាហើយបើចង់បានបទចម្រៀងល្អៗគឺអាចធ្វើបទដោយខ្លួនឯងដោយសេរីបានគ្រប់ពេល៕