ប៊ុត សីហា ដែលប្រកាសតាំងពីខែមីនា ឆ្នាំ២០១៨ ថា រូបគេនឹងបង្ហាញខ្លួននៅផលិតកម្មថោន ក្នុងពេលឆាប់ៗនោះ រហូតមកដល់ពេលនេះ សីហា នៅតែមិនទាន់ចេញបទចម្រៀងថ្មីៗរបស់ខ្លួន នៅផលិតកម្មថោន ទេ ខណៈដែលសកម្មភាពរបស់សីហាចុងក្រោយនេះ ហាក់ដុនដាបខ្លាំង រហូតគេថា អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១នេះ ដើរដល់ផ្លូវទាល់ទៅហើយ។
តាមរយៈការចេញមុខបកអាក្រាតម្ចាស់ផលិតកម្មមរតក នោះ ប៊ុត សីហា ហាក់មានកំហឹងខ្លាំងទៅលើផលិតកម្មនេះ ដែលហ៊ានយកឈ្មោះរបស់ខ្លួនបង្កើតជាPage ផ្ទាល់ខ្លួនរបស់គេ ហើយបង្ហោះបទចម្រៀងថៃ ដែលកំពុងតែត្រូវមហាជនរិះគន់ តាមរយៈបទ ”ថ្ងូរហៅឈ្មោះបង”។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺប៊ុត សីហា ដែលធ្លាប់តែត្រូវបានតារាកំពូលទើស ម៉ៃ សុគន្ធ រិះគន់រឿងប្រើប្រាស់គ្រឿងញៀន រហូតបង្ខំឲ្យសីហា ទៅពិនិត្យទឹកនោម ដើម្បីឲ្យដឹងសខ្មៅនោះ ស្រាប់តែពេលនេះ សុគន្ធ បានសម្ដែងការអាណិតអាសូរទៅលើសីហា ជាខ្លាំង រហូតចង់ហៅម្ចាស់ពាននេះ ឲ្យទៅចូលរួមនៅផលិតកម្ម Zoom ទៀតផង។
ប៊ុត សីហា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងនៅក្នុងបទសម្ភាសន៍មួយថា រូបគេនឹងចូលច្រៀងនៅផលិតកម្មថោន ព្រោះនៅទីនោះ គេមានខ្សែបក្សពួក តែរហូតមកដល់ពេលនេះ សីហា នៅតែមិនទាន់ក្លាយទៅជាតារាចម្រៀងរបស់ថោន នៅឡើយ។
អ្នកជំនាញសិល្បៈបានឲ្យដឹងថា សីហា ជាតារាចម្រៀងដែលមានសំឡេងល្អជាងគេ ក្នុងចំណោមតារាចម្រៀងម្ចាស់ពានទាំងឡាយ នៅហង្សមាស ហេតុនេះហើយ បើរូបគេកែខ្លួន ឬកុំឲ្យមានរឿងពាក់ព័ន្ធជាមួយគ្រឿងញៀនទៀតមិនខ្វះទេផលិតកម្មដែលរង់ចាំស្វាគមន៍រូបគេ ថ្វីត្បិតតែសីហា រងភាពអាម៉ាស់ខ្លាំងនៅពេលដែលហង្សមាស បានដេញចេញ និងប្រកាសកាត់កាលតាំងពីដើមឆ្នាំ២០១៨ ក្រោយផ្ទុះរឿងសីហា សេពគ្រឿងញៀនក៏ដោយ។ ប៉ុន្ដែបើសីហា នៅតែមិនកែកំហុសទេទោះជាដល់ផលិតកម្មណាក៏មានបញ្ហាដែរហើយទោះជាព្រះឥន្ទ្រ ក៏មិនអាចជួយបានឡើយ៕