ស្រីស្អាតសុផា លីនដា ដែលត្រូវបានអ្នកសិល្បៈ និងមហាជនទូទៅ ដឹងថា ជាសង្សារតារាចម្រៀងហង្សមាស នៅ ស៊ីនឿន នោះ ពេលនេះប្រាកដជាប្រឈមការបង្ហូរទឹកនេត្រាតែម្នាក់ឯង ជាមិនខានឡើយ ព្រោះថា នៅពេលដែលស៊ីនឿន ចេញទៅច្រៀងសម្ដែងនៅប្រទេសកាណាដា រយៈពេល១ខែ ដើម្បីសន្សំលុយរៀបការជាមួយនាងនោះ ពេលនេះបែរជាប្រុសស្នេហ៍ស្ទូចបានបេះដូងស្រីស្អាតម្នាក់នៅកាណាដា ត្រៀមភ្ជាប់ពាក្យចោលលីនដា ទៅវិញ។
ប្រភពបានឲ្យដឹងថា លីដា ស្ទើរតែក្អួតឈាមកកទាំងដុំៗទៅហើយ នៅពេលដែលស៊ីនឿន វិលត្រឡប់មកពីកាណាដា វិញ ស្រាប់តែនាំសង្សារថ្មីមកជាមួយនឹងត្រៀមភ្ជាប់ពាក្យជាមួយគ្នានោះ ហើយអ្វីដែលនាងសែនឈឺចាប់នោះ គឺតារាចម្រៀងហង្សមាស រូបនេះ ដើរប្រាប់មិត្តភក្ដិអ្នកសិល្បៈរួមអាជីពថា នារីមកពីកាណាដា នោះ ជាអនាគតភរិយារបស់ខ្លួនទៀតផង ដោយគ្មាននឹកនា ឬរំលឹកឈ្មោះលីនដា ឡើយ។
គួររំលឹកថា សុផា លីនដា បានភ្ជាប់ស្នេហ៍ជាមួយនៅ ស៊ីនឿន ចំពេលដែលអតីតតារាចម្រៀងផលិតកម្មស្វាងតារា រូបនេះ ត្រូវញាំញីដោយរឿងស្រលាញ់ភេទដូចគ្នា និងប្រភពខ្លះថា ស៊ីនឿន ជាសង្សារតារាចម្រៀងផន នីដា ហៅស្រីខួច ផងដែរ។ ប៉ុន្ដែលីនដា ហាក់មិនអើពើចំពោះពាក្យចរចាមអារ៉ាមទាំងឡាយឡើយ ហើយនាងធ្លាប់ប្រាប់ថា ត្រៀមខ្លួនរៀបការជាមួយស៊ីនឿន ដោយទាត់ចោលសំណើរស្នេហ៍ប្រុសៗជាច្រើនទៀតផង។ ប៉ុន្តែពេលនេះ ស៊ីនឿន ដែលចេញទៅច្រៀងនៅកាណាដា ត្រឹម១ខែនោះ រកបានទាំងលុយ ទាំងសង្សារថ្មី ហើយពួកគេនឹងត្រៀមធ្វើពិធីភ្ជាប់ពាក្យក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីស៊ីនឿន បាននាំនារីកាណាដា មកលេងស្រុកខ្មែរ ដើរលេងតាមតំបន់ទេសចរណ៍ជាច្រើននៅក្នុងស្រុក ដែលរូបភាពទាំងនេះ ធ្វើឲ្យសុផា លីនដា គ្មានអ្វីថ្លែង ក្រៅពីបង្ហូរទឹកនេត្រាទាំងតូចចិត្តម្នាក់ឯងឡើយ៕