ថ្មីៗនេះ ស្រីស្អាតម៉ាក សែនសូនីតា បានដឹកដៃសង្សារថ្មី លោកប៉ុល វិបូរ ហៅនីត ថៅកែផលិតកម្ម Angkor Picture ទៅសាងភាពផ្អែមល្ហែមស្នេហ៍លើទឹកដីកោះរ៉ុង ខេត្តព្រះសីហនុ ដែលធ្វើឲ្យគូស្នេហ៍តារាជាច្រើនច្រណែនពួកគេ ព្រោះថា គូស្នេហ៍ខុសវ័យនេះចូលចិត្តបង្ហាញភាពស្អិតល្មួតនៅតាមមាត់សមុទ្រខ្លាំងណាស់។
តូតា ដែលគ្រងឈុតប៊ីគីនី ពណ៌ខ្មៅ នោះ ពិតជាមានសម្រស់គួរឲ្យទាក់ទាញខ្លាំងមែន ធ្វើឲ្យទាំងភ្ញៀវជាតិនិងអន្តរជាតិ ចាប់អារម្មណ៍នាងជាខ្លាំងថា តារាសម្ដែងនិងបង្ហាញម៉ូដរូបនេះ ពិតជាពូកែថែរាងស្វែល ប្រុសណាដែលអាចទប់ចិត្ត ធ្លាក់ក្នុងអន្លង់ស្នេហ៍នោះ?
ទោះជាយ៉ាងណា ប្រុសៗទាំងឡាយដែលគយគនរូបសម្រស់តូតា ចង់ស្រឡេវភ្នែកនោះ មិនអាចទៅសាសងស្នេហ៍ស្រីស្អាតរូបនេះបានឡើយ ព្រោះថា នៅជិតកាយារបស់នាង គឺលោកនីត ដែលពាក់វ៉ែនតាខ្មៅនោះ នៅជាប់ជានិច្ចប្រៀបដូចអង្គរក្សបេះដូងអ៊ីចឹង ហេតុនេះហើយ អតីតនាយករងទូរទស្សន៍ CTN នេះ មិនបណ្ដោយឲ្យប្រុសណាចូលមកជិតកាយាកំពូលស្នេហ៍របស់លោកបានជាដាច់ខាត។
ម៉ាក សែនសូនីតា ឆក់បានតំណែងតួឯកធំៗជាបន្ដបន្ទាប់ នៅរយៈពេលចុងក្រោយនេះ ពិសេស គឺរឿង ”កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស ដែលធ្វើឲ្យនាងកាន់តែលេចធ្លោថែមទៀត។ ដោយឡែក នៅចុងឆ្នាំ២០១៨នេះ តូតាកំពុងថតរឿង ”សព្វសិទ្ធ” របស់ទូរទស្សន៍ PNN និងរឿងផ្សេងមួយទៀតរបស់ CTN ផងដែរ។
តូតា បានប្រាប់អ្នកយកព័ត៌មានយើងថា ក្រោយថតចប់រឿងទាំង២នេះហើយ នាងនឹងផ្អាកការថតកុនមួយរយៈសិន ព្រោះចង់យកពេលសម្រាកមួយអន្លើសិន ព្រោះថា នាងហត់នឿយខ្លាំងពេក រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៩ ទើបនាងទទួលថតកុនសារជាថ្មីឡើងវិញ៕