ប៉ែន ចំរ៉ុង រកបានអនាគតប្រពន្ធថ្មីទៀតហើយ ដែលម្ដងនេះ ទាំងចំរ៉ុង និងសង្សារស្រលាញ់គ្នាខ្លាំងណាស់ រហូតឱបថើបគ្នានៅចំពោះមុខចាស់ទុំទៀតផង មុនពេលដែលពួកគេដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០១៩។
ប៉ែន ចំរ៉ុង បានថ្នាក់ថ្នមសង្សារថ្មី តាមរយៈការនាំដើរលេងផ្សារទំនើបៗ និងទៅមើលកុន ដែលធ្វើឲ្យម្ចាស់ចិត្តរបស់ចំរ៉ុង និយាយថា នាងមានសំណាងដែលបានសង្សារដូចចំរ៉ុង។
អនាគតប្រពន្ធប៉ែន ចំរ៉ុង ថ្លែងថា”អរគុណរឿងល្អនិងរឿងអាក្រក់ទាំងឡាយ ដែលបានបង្រៀនខ្ញុំឲ្យរឹងមាំដើរដល់ផ្លូវមួយនេះ។ មនុស្សម្នាក់មិនអាចតម្រូវមនុស្សរាប់រយនាក់បានទេ កុំហាមមាត់គេ សំខាន់យើងធ្វើឲ្យល្អ និងមានសេចក្ដីសុខសម្រាប់ខ្លួនឯងទៅបានហើយ អាក្រក់ក្នុងក្រសែភ្នែកអ្នកដទៃដែលគេចេះតែវាយតម្លៃ តែជាមនុស្សល្អសម្រាប់ខ្ញុំ”។
ទោះជាយ៉ាងណា ក្រោយពីគូដណ្ដឹងប៉ែន ចំរ៉ុង បានសរសើរថា ចំរ៉ុង ជាមនុស្សល្អសម្រាប់នាងនោះ ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមលើកឡើងថា”តើកញ្ញាមិនខ្លាចដូចភិន សុដាលីស ទេអី? ដាលីស ក៏ធ្លាប់ប៉ែន ចំរ៉ុង សន្យាថា “បងនឹងធ្វើឲ្យអូនសើចសប្បាយរីករាយជាងទឹកភ្នែកដែរ តែចុងក្រោយ ពេលបានកូនមួយ តើទៅជាយ៉ាងណា?”។
ថ្វីត្បិតតែមានការលើកឡើងបែបនេះក្ដី ក៏អនាគតភរិយាប៉ែន ចំរ៉ុង ហាក់មិនខ្វល់ខ្វាយ ឬភ័យខ្លាចស្នេហារបស់នាងជាមួយចំរ៉ុង អាចដើរជាន់ដានភិន សុដាលីស ឡើយ គឺនាងនៅតែត្រៀមធ្វើជាកូនក្រមុំរបស់ចំរ៉ុង នៅឆ្នាំ២០១៩នេះ តាមគម្រោងដែលបានរៀបចំរួចហើយ។
គួររំលឹកថា អំឡុងពេលដែលប៉ែន ចំរ៉ុង កំពុងផ្អែមល្ហែមជាមួយសង្សារថ្មីនេះ អតីតប្រពន្ធភិន សុដាលីស នៅតែមិនប្ដូរចិត្តឡើយ គឺដាច់ខាតហាមមិនឲ្យចំរ៉ុង ហៅនាយឡប់ បានជួបមុខកូនស្រីរបស់នាងដែលជាតំណក់ឈាមរបស់តារាសម្ដែងនេះ ឈ្មោះ Katerina អាយុជិត២ឆ្នាំ ជាដាច់ខាត៕