Tuesday, November 19, 2024
Homeតារាខ្មែរគួច ខេវិន រិះគន់តារាមានជំងឺតួឯក ហើយប្រាប់ឲ្យមើលតារាជិតខាងផង

គួច ខេវិន រិះគន់តារាមានជំងឺតួឯក ហើយប្រាប់ឲ្យមើលតារាជិតខាងផង

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ម្នាក់ និងមានបទពិសោធន៍យ៉ាងជោគជាំផ្នែកសិល្បៈនោះ បានចេញមុខរិះគន់តារាសិល្បៈខ្មែរមួយចំនួន ដែលប្រកាន់តួឯក ហើយមើលស្រាលចំពោះអ្នកដឹកនាំកម្មវិធីសិល្បៈ ដោយចាត់ទុកដូចធូលីនោះថា គួរតែពួកគេរៀនសូត្រឲ្យបានច្រើនពីតារាប្រទេសជិតខាង ដើម្បីកុំឲ្យអាជីពរបស់គេជួបបញ្ហាប្រឈម។

ដោយមិនចុចចំឈ្មោះតារាម្នាក់ណាដែលមានឬកពាជាតួឯកនិយម ហើយមើលមកអ្នកដឹកនាំកម្មវិធីសិល្បៈដូចសំរាមនោះ លោកខេវិន ប្រាប់ថា”តារាខ្មែរយើងមួយចំនួន មានជំងឺតួឯក ដែលមើលត្រឡប់ទៅទស្សនិកជន មហាជន ឬអ្នកដឹកនាំរបស់ខ្លួន ប្រៀបដូចធូលី។ អ្វីដែលអាចកែបាន គួរតែកែ អ្វីដែលអាចរៀនបាន គួរតែរៀន ដើម្បីភាពរុងរឿងថ្កុំថ្កើង​នៃវប្បធម៌ជាតិយើង និងសេចក្ដីថ្លៃថ្នូរបស់ខ្លួន”។

ការថ្លែងសាររិះគន់ក្នុងន័យស្ថាបនាតារាខ្មែរ មួយចំនួន ដែលកើតជំងឺតួឯករបស់លោកគួច ខេវិន នៅពេលនេះ ក្រោយពេលដែលថ្មីៗនេះ អ្នកផលិតកម្មវិធីសិល្បៈរូបនេះ បានហៅតារាចម្រៀងល្បីឈ្មោះរបស់ជនជាតិឡាវ គឺលោកសែក ឈុមផែ ឡើងច្រៀងកម្មវិធីប្រគុំតន្រ្ដី ”Anchor FunZone” របស់ទូរទស្សន៍ PNN ហើយអ្នកចម្រៀងល្បីរូបនេះ ហាក់មានចរិតខុសគ្នាទៅនឹងតារាល្បីៗរបស់ខ្មែរមួយចំនួនទៀត។

លោកគួច ខេវិន បន្ថែមថា ”ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រង និងផលិតកម្មវិធីទូរទស្សន៍ ខ្ញុំសូមសម្ដែងនូវសេចក្ដីកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះតារាចម្រៀងលំដាប់កំពូល លោកសែក ឈុមផែ ដែលបានច្រៀងបំពេលួងលោមអារម្មណ៍ទស្សនិកជនខ្មែរ ប្រកបទៅដោយសីលធម៌ ចរិយាធម៌ ឬកពាសុភាពរមទម និងសាមញ្ញាបំផុត គួរឲ្យស្រលាញ់រាប់អាន មិនសរសើរមិនបាន”។

លោកគួច ខេវិន ចង់ឲ្យតារាខ្មែរ ចេះគោរពពេលវេលា ធ្វើការឲ្យបានត្រឹមត្រូវ ព្រោះមានតារាល្បីៗខ្លះ អ្នកដឹកនាំកម្មវិធីទូរស័ព្ទទៅ១០ដង មិនលើក ឬមិនតេមកវិញក៏មានដែរ ហេតុនេះហើយបានជាលោកចង់ឲ្យពួកគេចាប់ផ្ដើមកែឬកពារ កុំមើលងាយអ្នកដឹកនាំ និងផលិតកម្មវិធីដូចធូលី ព្រោះគេហៅទៅច្រៀង មិនមែន ​​Free នោះទេ៕

RELATED ARTICLES