ខេត្តសៀមរាប៖ ស្ត្រីរងគ្រោះដែលត្រូវចោរច្រានទម្លាក់ពីលើម៉ូតូ ប្លន់យកម៉ូតូទៅបាត់ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។ មានឈ្មោះសាន់ ស៊ុនធារី អាយុ២៨ឆ្នាំ មានលំនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅ ម៉ាកស្កុបពី។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ស តែម្នាក់ឯង លុះពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានម៉ូតូ១គ្រឿង ជិះគ្នា២នាក់ បានជិះមកស្ទាក់ពីមុខ ភ្លាមនោះជនសង្ស័យម្នាក់ ក៏បានចុះមកច្រានគាត់ទម្លាក់ ពីលើម៉ូតូ រួចក៏ប្លន់យកម៉ូតូរបស់គាត់ ជិះចេញទៅបាត់ទៅដោយសុវត្ថិភាព។
ស្ត្រីរងគ្រោះបានបន្តថា រូបនាងមានផ្ទៃពោះចំនួន៤ខែ ទើបមិនអាចតតាំងជាមួយក្រុមចោរបានឡើយ ដែលជាហេតុធ្វើឱ្យក្រុមជនសង្ស័យបានយកម៉ូតូទៅបាត់តែម្តង។ ស្ត្រីរងគ្រោះ បានឱ្យដឹងទៀតថា នៅក្នុងកែបម៉ូតូរបស់គាត់មានទូរស័ព្ទដៃចំនួន២គ្រឿង គឺអាយហ្វូន មួយគ្រឿង ម៉ាកណូគាមួយគ្រឿង ប្រាក់ចំនួន១០០ដុល្លារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹកទៀតផង។
សូមបញ្ជាក់ដែរថា នៅយប់នោះក៏មានករណីកាច់សោរម៉ូតូមួយគ្រឿងផងដែរ ដែលកើតឡើងនៅ ចំណុចជិតសាលាស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលម៉ូតូនោះជា កម្មសិទ្ធិរបស់ឈ្មោះ សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕