ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលជ្រកកោនក្រោមដំបូលផលិតកម្មរស្មីហង្សមាស តែមួយរួមគ្នានោះ ក្រៅពីធ្លាប់លេចឮថា តារាទាំង២ មានការកាច់កុងគ្នាខ្លាំងក្នុងអាជីពចម្រៀង និងរកស៊ីលក់ដីឡូតិ៍ ដណ្ដើមម៉ូយគ្នានោះ អ្នកចម្រៀងទាំង២ ក៏ប្រជែងទ្រព្យគ្នាដែរ តាមរយៈការសង់វីឡា និងទិញរថយន្ដទំនើបៗជិះ មិនឲ្យចាញ់គ្នា។
ផ្ទះវីឡារបស់តារាចម្រៀងព្រាប សុវត្ថិ សង់នៅក្បែរផ្សារទួលគោក នោះ ត្រូវបានគេប្រមាណថា អស់ទឹកប្រាក់មិនក្រោម១លានដុល្លារឡើយ ព្រោះធ្វើពីខ្លឹមត្នោតសុទ្ធ រយៈពេលជាច្រើឆ្នាំទើបរួចរាល់។ ព្រាប សុវត្ថិ ក៏មានរថយន្ដទំនើបៗ២គ្រឿង ជិះឆ្លាស់គ្នាដែរ គឺRange Rover និងFord ១២កៅអី សរុបតម្លៃរថយន្ដទាំង២ មិនក្រោម២០ម៉ឺនដុល្លារឡើយ។ ក្រៅពីនេះ តារាចម្រៀងដែលឈរជើងនៅហង្សមាស ជាង២ទសវត្ស ក៏មានដីធ្លីមួយចំនួននៅខេត្តរតនគិរី និងក្បែរវត្តសំរោងអណ្ដែត ដែលមានតម្លៃលានដុល្លារផងដែរ។
ដោយឡែក ខេមរៈ សិរីមន្ដ វិញ ក៏បានសង់វីឡាដ៏ប្រណីត នៅក្បែរវត្តសំរោងអណ្ដែត តម្លៃមិនក្រោម១លានដុល្លារដែរ។ អតីតារាចម្រៀងU2 និងសាន់ដេ រូបនេះ ជិះរយន្ដទំនើប Lexus LX 570 ស៊េរីឆ្នាំ២០០៨ ឡើង២០១០ តម្លៃជិត១០ម៉ឺនដុល្លារ និងមានអង្គរក្សការពារជាប្រចាំ។ សិរីមន្ដ បានបើកហាងលក់ទឹកអប់ Or brand ដែលចំណាយទុនរាប់ម៉ឺនដុល្លារ និងមានដីធ្លីជាច្រើនផងដែរ។
មជ្ឈដ្ឋានមហាជនបានមើលឃើញថា តារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប្រជែងគ្នាខ្លាំងក្លាណាស់ នៅចុងឆ្នាំ២០១៨នេះ ហេតុនេះហើយបានជាមានគេលើកឡើងថា ”ភ្នំ១ មិនអាចមានខ្លា២” អីចឹង មិនយូរមិនឆាប់ឡើយ ប្រាកដជាមានតារាណាម្នាក់ដើរចេញពីហង្សមាស ជាមិនខានឡើយ។ ការអះអាងបែបនេះ ដោយសារតែគេមើលឃើញថា ក្រៅពីប្រជែងគ្នាខាងចម្រៀង ពេលនេះ ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ថែមទាំងកាច់កុងគ្នាខាងរកស៊ីពុះដីឡូតិ៍លក់ទៀតផង អីចឹងតើនៅផលិតកម្មជាមួយគ្នា ម៉េចនិងបានទៅ?
ប៉ុន្ដែដើម្បីបង្ហាញឲ្យអ្នកកាសែតឃើញច្បាស់ថា តារាទាំង២ គ្មានជម្លោះជាមួយគ្នានោះ ថ្មីៗនេះ ព្រាប សុវត្ថិ បានចាប់ដៃខេមរៈ សិរីមន្ដ រកស៊ីពុះដីឡូតិ៍លក់រួមគ្នា ដោយបោះទុន២០លានដុល្លារទៀតផង។
មហាជនជាច្រើនកាន់តែភ្ញាក់ផ្អើល នៅពេលដែលតារាល្បីជួរមុខទាំង២ ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហ៊ានបោះទុនម្ដងៗដល់ទៅលានដុល្លារបែបនេះ ទើបធ្វើឲ្យមានការលើកឡើងថាតើរវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅឆ្នាំ២០១៨នេះ មួយណាមានទ្រព្យច្រើនជាងគេ?
ទោះជាយ៉ាងណា យើងមិនអាចដឹងទិន្នន័យនៃទ្រព្យសម្បត្តិតារាចម្រៀងទាំង២ដួងនេះ ឲ្យបានច្បាស់លាស់ឡើយ ព្រោះដែលមានកូន៣ ដូចគ្នា ទាំងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនដែលនិយាយច្បាស់ថា ពេលនេះម្នាក់ៗមានទឹកលុយប៉ុន្មានឲ្យជាក់លាក់ទេ គ្រាន់តែថា មានជីវភាពសមរម្យធូរធាច្រើនហើយ។ ប៉ុន្ដែតាមរយៈការបោះទុនរកស៊ីលក់ដីឡូតិ៍ម្ដង រាប់លានដុល្លារ រវាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅពេលនេះ បញ្ជាក់ថា អ្នកចម្រៀងទាំង២ មានលុយមិនចាញ់ឧកញ៉ាៗឡើយ គឺម្នាក់ៗមានលុយក្នុងកណ្ដាប់ដៃរាប់លានដុល្លារទៅហើយ ហើយទុនដំបូងដែលធ្វើឲ្យតារាទាំង២ មានលុយច្រើនបែបនេះ គឺផ្ដើមចេញពីអាជីពចម្រៀងដូចគ្នា។
ក្រៅពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ តារាដែលត្រូវបានគេចាត់ទុកថា មានទ្រព្យច្រើននៅពេលនេះ គឺមានលោកចា រិទ្ធី , ឆាយ វីរៈយុទ្ធ , យុគ ចិន្ដា , គង់ សុជាតិ , ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម៕