ធ្លាប់មានព័ត៌មានថា តារាចម្រៀងល្បីជួរមុខរបស់ផលិតកម្មរស្មីហង្សមាស ២ដួង គឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ គ្រោងនឹងដាក់ទុនរកស៊ីធំនៅក្រុងកំពង់សោម ដោយចំណាយទុនជាច្រើនជាមួយលោកឡេង ណាវ៉ាត់ត្រា បន្ទាប់ពីអ្នកទាំង៣ បានចាប់ដៃរកស៊ីជាមួយគ្នាលក់ដីឡូតិ៍នៅខេត្តកំពង់ស្ពឺ នោះ ប៉ុន្ដែពេលនេះ លោកណាវ៉ាត់ត្រា បានចេញមកអះអាងថា ចំពោះគម្រោងថ្មីនោះ មិនមានភាគហ៊ុនព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដឡើយ។
ថ្លែងបន្ទាប់ពីកាត់ខ្សែបូរសម្ពោធគម្រោងថ្មី កាលពីថ្ងៃទី២២ ខែធ្នូ លើទំហំដី១៥០ហិកតារ ចំណាយទុន១០០លានដុល្លារ នៅទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទួលទទឹង ឃុំទួលទទឹង២ ឃុំទួលទទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានចម្ងាយ២០គីឡូម៉ែត្រ ពីក្រុងកំពង់សោម នោះ។
លោកណាវ៉ាត់ត្រា បានឲ្យដឹងថា ការពិត កំពូលតារាចម្រៀងទាំង២ ក៏មានបំណងវិនិយោគរួមគ្នាលើទឹកដីកំពង់សោម នេះដែរ ប៉ុន្ដែដោយសារលោកជាប់កុងត្រាជាមួយម្ចាស់ភាគហ៊ុនរបស់ដែលជាអ្នកចែកចាយម៉ូតូហុងដា ផ្ដាច់មុខ ទៅខេត្ត២ គឺព្រៃវែង និងស្វាយរៀង ហើយតម្រូវឲ្យមានតែហ៊ុន២នាក់ ទើបមិនមានវត្តមានតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើយ។ ប៉ុន្តែតារាល្បីទាំង២ នឹងមានហ៊ុនជាមួយលោក ចំពោះគម្រោងផ្សេងទៀតនៅខេត្តព្រះសីហនុ នេះ។
អតីតពលករខ្មែរនៅកូរ៉េ ក្លាយជាឧកញ៉ាលោកឡេង ណាវ៉ាត់ត្រា បានឲ្យដឹងដែរថា ទោះជាគម្រោងថ្មីគ្មានវត្តមានតារាល្បីល្បាញលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្ដី តែគ្រាន់តែបើកសម្ពោធភ្លាម មានអតិថិជនសម្រុកទិញអស់ជាង១០០០ឡូតិ៍ទៅហើយ ក្នុងចំណោម១ម៉ឺនឡូតិ៍ ដែលក្នុងនោះ មានឡូតិ៍ផ្ទះល្វែង ឡូតិ៍វីឡា ឡូតិ៍ខុនដូ ឃ្លាំង និងផ្ទះជួល ជាដើម ដែលក្នុង១ឡូតិ៍ ចាប់ពីតម្លៃ៤ពាន់ រហូតដល់២០ម៉ឺនដុល្លារ អាស្រ័យទៅលើទីតាំង។
លោកណាវ៉ាត់ត្រា សង្ឃឹមថា នឹងបានចាប់ដៃជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ សារជាថ្មី នៅគម្រោងថ្មីខាងមុខនេះ លើទឹកដីក្រុងកំពង់សោម ដែលនឹងធ្វើឲ្យអតិថិជនកាន់តែចាប់អារម្មណ៍ថែមទៀតជាមិនខាន៕