Tuesday, January 21, 2025
Homeព័ត៌មានជាតិចាក់ប្តីថ្មីស្លាប់ អតីតប្រពន្ធនិងម៉ែក្មេក របួសសុសខ្លួន ដោយសារស្នាដៃប្តីចាស់

ចាក់ប្តីថ្មីស្លាប់ អតីតប្រពន្ធនិងម៉ែក្មេក របួសសុសខ្លួន ដោយសារស្នាដៃប្តីចាស់

ភ្នំពេញ៖ ករណីឃាតកម្មដ៏ឃោឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងហាងស៊ុបមួយកន្លែង យីហោ Family BBQ buffet មានទីតាំងស្ថិតនៅផ្ទះលេខ៧៩៣ ផ្លូវ១០១ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ជនដៃដល់ជាឃាតករ មានឈ្មោះកុសល អាយុជាង៣០ឆ្នាំ មុខរបរជាមន្ត្រីយោធា និងជាអតីតប្តីដើម។ ចំណែកសាកសពបុរសរងគ្រោះ មានឈ្មោះ SONG QINGJUN អាយុ៤៦ឆ្នាំ ជាជនជាតិចិន ត្រូវជាប្តីក្រោយ។

ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះគង់ សុផារ៉ា រងរបួសធ្ងន់ រីឯស្ត្រីជាម្តាយបង្កើតស្ត្រីជាប្រពន្ធ ដែលរងរបួសធ្ងន់ដូចគ្នា មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ជនដៃដល់ជាឃាតករឈ្មោះកុសល និងអតីតប្រពន្ធឈ្មោះគង់ សុផារ៉ា បានលែងលះគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ព្រោះតែភាគីប្តី ប្រចណ្ឌហួងហែងខ្លាំងពេក។ ដោយឡែក បុរសរងគ្រោះជាជនជាតិចិន ទើបតែរាប់អានគ្នាជិតស្និទ្ធិជាមួយនឹងស្ត្រីជាប្រពន្ធឈ្មោះគង់ សុផារ៉ា មិនទាន់បានរៀបការនៅឡើយ។

តាមសម្តីសន្តិសុខយាមម៉ូតូនៅខាងមុខហាង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនដែលជាជនរងគ្រោះខាងលើ បានជិះកង់មួយគ្រឿងចូលក្នុងហាងស៊ុប ទីតាំងកើតហេតុ។ លុះបន្តិចក្រោយមក ក៏ឃើញស្ត្រី២នាក់ ត្រូវជាម្តាយនិងកូន ព្រមទាំងមានក្មេងប្រុសស្រី២នាក់ បើករថយន្តម៉ាកហាយឡិនឌ័រមួយគ្រឿង ចូលមកហាងខាងលើដែរ ហើយមកអង្គុយរួមតុជាមួយបុរសជាជនជាតិចិន ដែលមកមុន សរុបមានគ្នាចំនួន៥នាក់ កំពុងតែញ៉ាំស៊ុប ជជែកគ្នាលេងយ៉ាងសប្បាយក្អាកក្អាយ ក៏ស្រាប់តែលេចមុខជនដៃដល់ជាឃាតករ ដែលត្រូវជាអតីតប្តីដើម ជិះម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាង ក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បានសាកសួរទៅជនដៃដល់ថា អញ្ជើញពិសាអ្វីដែរ? តែជនដៃដល់ មិនឆ្លើយតបនោះទេ បែរជាដើរសំដៅទៅរកបុរសជនជាតិចិនជាជនរងគ្រោះ ដែលកំពុងអង្គុយហូបស៊ុប ជាមួយអតីតប្រពន្ធ និងកូន រួមទាំងម្តាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ មកចាក់ប្រហារទៅលើជនជាតិចិន ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមពេញហាង។ ភ្លាមនោះ ស្ត្រីជាប្រពន្ធ និងម្តាយ បានស្ទុះចូលទៅឃាត់ ស្រាប់តែត្រូវជនដៃដល់ ងាកមកចាក់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យរបួសធ្ងន់ទាំង២នាក់ថែមទៀត។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពចាក់ប្រហារទៅលើមនុស្ស៣នាក់ខាងលើ បណ្តាលឱ្យរងរបួសធ្ងន់ហើយ ជនដៃដល់ បានដើរចេញពីហាង សំដៅទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះមានភ្ញៀវ និងបុគ្គលិកក្នុងហាងបានរត់ចេញមក ប្រុងជួយចាប់ឃាត់ជន ដៃដល់ដែរ តែប្រទះឃើញនៅចង្កេះរបស់ជនដៃដល់ មានសៀតកាំភ្លើងខ្លី១ដើម ទើបនាំគ្នាដកថយវិញ ពោលគឺមិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ ជាហេតុធ្វើឱ្យជនដៃដល់ឡើងជិះម៉ូតូគេចចេញទៅបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ បុរសរងគ្រោះជាជនជាតិចិន និងស្ត្រី២នាក់ម្តាយកូន ដែលសុទ្ធតែរងរបួសធ្ងន់ដូចគ្នា ត្រូវបានបុគ្គលិកនៅក្នុងហាង ជួយដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែអកុសលពេលទៅមន្ទីរពេទ្យ បុរសជាជនជាតិចិនរូបនោះ បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ចំណែកស្ត្រី២នាក់ម្តាយកូន គ្រូពេទ្យកំពុងធ្វើការសង្គ្រោះ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងកងរាជអាវុធហត្ថខណ្ឌចំការមន បានចុះទៅកន្លែងកើតហេតុ និងខ្លះទៀតទៅមន្ទីរពេទ្យ ដើម្បីសាកសួរពីដំណើររឿង និងទំនាក់ទំនងហៅខាងជំនាញកោសលវិច័យរាជធានីភ្នំពេញ ចុះទៅពិនិត្យសពជនរងគ្រោះផងដែរ៕

RELATED ARTICLES