ភ្នំពេញ៖ កាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញាទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាសាច់ញាតិម្ចាស់ហាងលក់គ្រឿងសមុទ្រមួយកន្លែង បានជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងរានៅលើឆាកយ៉ាងសប្បយាក្អាកក្អាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភោជនីយដ្ឋានមួយយីហោ សមុទ្រ នៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ កញ្ញាទេព បូព្រឹក្ស រៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា នាងបានមកភោជនីយដ្ឋានសមុទ្រ គឺត្រៀមច្រៀង៦បទ នៅក្នុងកម្មវិធី Hite X’mas Edition Party “ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite រួចទៅច្រៀងមួយកន្លែងផ្សេងទៀត។ អំឡុងពេលដែលនាងកំពុងឈរច្រៀងនៅឆាកសុខៗ ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថា ជាសាច់ញាតិរបស់ម្ចាស់ហាង បានយកស្រាបៀរជះទៅលើ និងគប់កំប៉ុងស្រាបៀរលើនាង ធ្វើឲ្យនាងខឹងសម្បាជាខ្លាំង។ ក្រោយពីបានធ្វើសកម្មភាពអសីលធម៌បែនេះហើយ បុរសខាងលើ និងមិត្តភក្តិផ្សេងទៀតបាននាំគ្នាគេចខ្លួនបាត់អស់។
ក្រោយកើតហេតុ គេបានឃើញលោកងួន ចាន់ដេវីត បានទៅដល់កន្លែងកើតហេតុ ហើយបានចូលទៅដោះស្រាយជាមួយម្ចាស់ហាង ហលយលោកក៏បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុដែរថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។
ដោយឡែក សកម្មភាពអសីលធម៌របស់បុរសខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជន អ្នកសិល្បៈនានា រិះគន់ជាខ្លាំង ហលយបានស្នើសុំឲ្យស្ថាប័ននានា ជួយរកយុត្តិធម៌ចំពោះទេព បូប្រឹក្ស ដែលកំពុងរងគ្រោះ ៕
(ព័ត៌មានលម្អិត “នគរធំ” នឹងចេញផ្សាយនៅពេលក្រោយ)