បន្ទាប់ពីមានករណីបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើកញ្ញាទេព បូព្រឹក្ស កាលពីយប់មិញក្នុងហាងផឹកសុី សមុទ្រ នោះ នៅព្រឹកនេះ លោកអុឹម ជីវ៉ា បានបង្ហោះស្នើឲ្យលោកស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការស្វែងរកមុខជននោះមកផ្តន្ទាទោសតាមច្បាប់។
ក្នុងគណនីហ្វេសប៊ុក លោកអុឹម ជីវ៉ា បានបង្ហោះសារថា “ខ្ញុំបាទ អុឹម ជីវ៉ា សូមគោរព ឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការចាប់ជនល្មើសនិងបក្សពួក ដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដោយចេតនាចំពោះតារាចំរៀង កញ្ញា ទេព បូព្រឹកផង”។
លោកជីវ៉ា ក៏បានបញ្ជាក់ថា “នេះត្រឹមតែស្រាបៀនិងកំប៉ុងគប់និងជះលើ ចុះបើក្នុងកំប៉ុងនោះជាទឹកអាសុីត និងជាអ្វីផ្សេងវិញ តើតារាចំរៀងម្នាក់នេះទទួលគ្រោះថ្នាក់យ៉ាងណា??? បើសិនជាបុគ្គលនោះមិនពេញចិត្តតារាចំរៀង ទេព បូព្រឹក្ស គាត់មិនត្រូវប្រព្រឹត្តទង្វើបែបនេះឡើយ តែទង្វើដ៏សែនថោកទាប និងការមើលងាយមកលើជនរងគ្រោះជាតារាចម្រៀងម្នាក់នេះ គឺជាចេតនាគិតទុកជាមុនចំពោះជនល្មើស ដែលអាចចាត់ទុកថាជាការករណីប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនាគិតទុកជាមុន។ អាស្រ័យដូចបានជំរាបជូនឯកឧត្តមខាងលើ សូមឯកឧត្តម និងសហការី មេត្តាជួយចាត់វិធានការជាបន្ទាន់ កុំឲ្យជនល្មើសរួចខ្លួនឲ្យសោះ និងដាក់ទោសទៅតាមច្បាប់ ដើម្បីកុំអោយប្រជាជនខ្មែរមួយចំនួនទៀត គាត់យកតម្រាប់គំរូតាម”។
ដោយឡែក នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក នៅស្ថានីយទូរទស្សន៍ហង្សមាស លោកមាស រិទ្ធី ក៏បានលើកឡើងផងដែរករណីកញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើនោះ ដោយថា បុរសនោះគឺជាកូនម្ចាស់ហាង បន្ទាប់ពីកើតហេតុ ម្ចាស់ហាងបានលុបរូបភាពវីដេអីកាមេរាសុវត្ថិភាពចោលអស់។
លោកមាស រិទ្ធី បានរៀបរាប់ថា បុរសម្នាក់ដែលបានប្រើប្រាស់អំពើមិនសមរម្យទៅលើតារាចម្រៀងរូបនេះ ជាកូនម្ចាស់ហាងនេះផ្ទាល់ តែមិនបានប៉ុន្មានផង ស្រាប់តែពួកគេថាគ្រាន់តែជាភ្ញៀវប៉ុណ្ណោះ។ ចំណែកជនបង្កហេតុ ក៏តបានរត់គេចខ្លួនទៅបាត់ហើយ។
លោករិទ្ធី ក៏បានបន្ថែមផងដែរថា កាមេរ៉ាសុវត្ថិភាពដែលបង្ហាញពីសកម្មភាពទាំងស្រុង និងមុខមាត់របស់ជនជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរលើទេព បូព្រឹក្ស នោះ ត្រូវបានម្ចាស់ហាងលុបចោលទាំងអស់ ដែលមើលទៅហាក់ដូចជាគ្មានយុត្តិធម៌បន្តិចសោះឡើយ។
លោកក៏បានបញ្ជាក់ថា យ៉ាងណា វីដេអូជាច្រើនក៏ចាប់ផ្តើមបែកធ្លាយបណ្តើរៗហើយនៅក្នុងបណ្តាញសង្គម។ ហើយលោកក៏ចង់ឲ្យភាគីទាំងសងខាងបកស្រាយ និងពន្យល់ឲ្យបានច្បាស់ ទាក់ទងនឹងមួយនេះ ដើម្បីរកយុតិ្តធម៌ជូនតារាចម្រៀងខ្មែរ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង០៥នាទីយប់ ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញាទេព បូព្រឹក្ស តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានបុរសម្នាក់ដែលគេស្គាល់ថាជាសាច់ញាតិម្ចាស់ហាងលក់គ្រឿងសមុទ្រមួយកន្លែង បានជះស្រាបៀរ និងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងរានៅលើឆាកយ៉ាងសប្បយាក្អាកក្អាយ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចភោជនីយដ្ឋានមួយយីហោ សមុទ្រ នៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយកើតហេតុ កញ្ញាទេព បូព្រឹក្ស រៀបរាប់ទាំងអារម្មណ៍ឈឺចាប់ថា នាងបានមកភោជនីយដ្ឋានសមុទ្រ គឺត្រៀមច្រៀង៦បទ នៅក្នុងកម្មវិធី Hite X’mas Edition Party “ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite រួចទៅច្រៀងមួយកន្លែងផ្សេងទៀត។ អំឡុងពេលដែលនាងកំពុងឈរច្រៀងនៅឆាកសុខៗ ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថា ជាសាច់ញាតិរបស់ម្ចាស់ហាង បានយកស្រាបៀរជះទៅលើ និងគប់កំប៉ុងស្រាបៀរលើនាង ធ្វើឲ្យនាងខឹងសម្បាជាខ្លាំង។ ក្រោយពីបានធ្វើសកម្មភាពអសីលធម៌បែនេះហើយ បុរសខាងលើ និងមិត្តភក្តិផ្សេងទៀតបាននាំគ្នាគេចខ្លួនបាត់អស់។
ក្រោយកើតហេតុ គេបានឃើញលោកងួន ចាន់ដេវីត បានទៅដល់កន្លែងកើតហេតុ ហើយបានចូលទៅដោះស្រាយជាមួយម្ចាស់ហាង ហលយលោកក៏បានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុដែរថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោក បានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី។
ដោយឡែក សកម្មភាពអសីលធម៌របស់បុរសខាងលើនេះ ត្រូវបានមជ្ឈដ្ឋានមហាជន អ្នកសិល្បៈនានា រិះគន់ជាខ្លាំង ហលយបានស្នើសុំឲ្យស្ថាប័ននានា ជួយរកយុត្តិធម៌ចំពោះទេព បូប្រឹក្ស ដែលកំពុងរងគ្រោះ ៕
(ព័ត៌មានលម្អិត “នគរធំ” នឹងចេញផ្សាយនៅពេលក្រោយ)