ខណៈដែលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកកំពុងតែល្បីខ្លាំងរឿងតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់ជះស្រាបៀរ និងគប់កំប៉ុងសា្របៀរលើនោះ អ្នកលេងបណ្តាញសង្គមក៏ចង់ដឹងផងដែរថា បុរសអសីលធម៌រូបនេះមានឈ្មោះអី? មានមុខមាត់យ៉ាងម៉េច? នៅពេលនេះ មានអ្នកស្និទ្ធនឹងបុរសរូបនោះ បានទម្លាយប្រាប់ “នគរធំ” ហើយ។
តាមប្រភពជិតស្និទ្ធនឹងបុរសរូបនោះ បានប្រាប់ថា បុរសអសីលធម៌ដែលបានជះស្រាបៀរលើទេព បូព្រឹក្ស នោះ មានឈ្មោះក្នុងហ្វេសប៊ុកថា “Ret Pov”។ បុរសរូបនេះគ្រាន់តែជាមិត្តភក្តិជិតស្និទ្ធនឹងម្ចាស់ហាងប៉ុណ្ណោះ គឺមិនមែនជាកូនម្ចាស់ហាងនោះទេ។ លុះដល់វេលាកើតហេតុ ខណៈដែលលោកនិងបុរសរូបនោះកំពុងតែផឹកសុីសប្បាយ អមជាមួយអ្នកចម្រៀងទេព បូព្រឹក្ស កំពុងតែច្រៀងផងនោះ ស្រាប់តែបុរសរូបនេះបានក្រោកដើរចេញពីតុ ដោយដៃមានកាន់ស្រាបៀរផងនោះ សំដៅទៅឆាកតន្ត្រី ក៏បានជះស្រាបៀរទៅលើទេព បូព្រឹក្ស តែម្តង។
យ៉ាងណា ចំពោះកាបង្ហើបប្រាប់ពីអ្នកស្និទ្ធនឹងបុរសរូបនោះ អ្នកសារព័ត៌មានយើងកំពុងប្យាយាមទាក់ទងសុំការបំផ្លឺពីបុរសរូបនោះ តែមិនសម្រេច។
ដោយឡែក នៅព្រឹកមិញនេះ ទេព បូព្រឹក្ស បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ប្តឹងមនុស្ស៤នាក់ ទី១. បុរសដែលជះស្រាបៀមកលើរូបនាង ទី២. ម្ចាស់ហាង “សមុទ្រ” ទី៣. អ្នករៀបចំកម្មវិធី និងទី៤. ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀងអ្នករាំផ្ទាល់ខ្លួននាង ៣ដៃ ដោយទាមទារ សំណង១០មុឺនដុល្លារ ហើយសំណងដែលនាងទទួលបាន នាងនឹងយកទៅបរិច្ចាគឲ្យមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា ជាដើម។
ចំណែកលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ញ៉ែម មរកត បានបញ្ជាក់នៅក្នុងគ្រុបសមាគមសិល្បៈស្ម័គ្រចិត្តថា “បិទហាងនេះ ចាប់ខ្លួនជនដៃដល់ និងជនសមគំនិត ទាមទារជំងឺចិត្ត សូមមេត្តាកុំយោគយល់ ហើយក៏អាចប្ដឹងមកក្រសួងកិច្ចការនារី បន្ថែមក៏បានដែរ។ នៅក្រសួងកិច្ចការនារីមានគណៈកម្មាធិការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ដែលសមាសភាពមានថ្នាក់ដឹកនាំស្ត្រីមកពីគ្រប់ក្រសួងស្ថាប័ន ក្នុងនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស”៕