ក្រោយពីបានដឹងដំណឹងថា កញ្ញាទេព បូព្រឹក្ស ជួបហេតុការណ៍ត្រូវបុរសម្នាក់ជះស្រាបៀ និងគប់កំប៉ុងស្រាបៀលើរូបនាងនោះ ស្រាប់តែតារាចម្រៀងប្រចាំផលិតកម្មថោន និងCamtrax បានបង្ហោះសារមុននេះបន្តិចថា នាងក៏ធ្លាប់កើតរឿងស្រដៀងកញ្ញាទេព បូព្រឹក្ស ដែរ
មាស សុខសោភា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា “សួស្តី បងប្អូន ពូមីង និងមហាជនទាំងអស់។ ក្នុងនាមខ្ញុំជាអ្នកសិល្ប:មួយរូបអស់រយៈពេល១៥ឆ្នាំមកនេះ ខ្ញុំសូមបញ្ចេញមតិខ្លះៗ ទាក់ទងនិងរឿងដែលបានកើតទៅលើប្អូនស្រី ទេព បូព្រឹក្ស កាលពីយប់ម្សិលមិញនេះ ហើយនេះជាបញ្ហាមួយ ដែលតែងតែកើតមានមកលើសិល្បករ សិល្បការិនីយើងមួយចំនួន ទាំងរូបនាងខ្ញុំផ្ទាល់ ក៍ធ្លាប់ជួបរឿងស្រដៀងគ្នានេះដែរ មិនថានៅក្នុងប្រទេស រឺក៏ក្រៅប្រទេសឡើយ”។
តារាចម្រៀងល្បីឈ្មោះនៅផលិតកម្មថោនរូបនេះ បានបន្តថា “ដូច្នេះខ្ញុំសូមឲ្យមហាជនទាំងអស់ មេត្តាជួយឲ្យតម្លៃសិល្បការិនីខ្មែរយើង ក៏ដូចជា លើកតម្កើងនិងឲ្យតម្លៃដល់ស្រ្តីទាំងអស់ទូទាំងពិភពលោក មិនថាគាត់ជាអ្នកសិល្ប: រឺក៏ជាអ្នកធ្វើការអ្វីមួយក៍ដោយ ពួកគាត់សុទ្ធតែមានតម្លៃរបស់ពួកគាត់ ហើយស្រ្តីទាំងអស់ប្រៀបបានទៅ នឹងកូនស្រី បងស្រី ប្អូនស្រី ម្តាយ និងលោកយាយ របស់យើងដូចគ្នា។
ជាចុងក្រោយ មាសសុខសោភា បានជូនពរថា “ខ្ញុំសូមជូនពរឲ្យប្អូនស្រីទេព បូព្រឹក្ស ឆាប់រកឃើញដំណោះស្រាយក្នុងប្រការណាមួយ ហើយក៏សូមឲ្យប្អូននៅតែមានកម្លាំងចិត្ត និងរឹងមាំ តស៊ូដើម្បីសិល្ប:ខ្មែរយើងតទៅមុខទៀត”។
គួរបញ្ជាក់ថា កញ្ញាទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ដែលគេស្គាល់ថា ជាមិត្តភក្តិជិតដិតរបស់ម្ចាស់ហាង សមុទ្រ បានជះស្រាបៀរ និងកំប៉ុងស្រាបៀរលើរូបនាង កាលពីវេលាម៉ោង១០ជាងយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ អំឡុងពេលនាងកំពុងច្រៀងរាំយ៉ាសងសប្បាយលើឆាកតន្ត្រី៕