Tuesday, November 19, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ជួបជនបង្ក ដាក់លក្ខខណ្ឌ៣ចំណុច

ទេព បូព្រឹក្ស ជួបជនបង្ក ដាក់លក្ខខណ្ឌ៣ចំណុច

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2018 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញាទេព បូព្រឹក្ស បានជួបផ្ទាល់ជាមួយនិងជនបង្កឈ្មោះឆេង រស្មី ដែលជាអ្នកគប់កំប៉ុងស្រាបៀរលើកញ្ញាទេព បូព្រឹក្ស។ ពេលនោះ ជនបង្កបានសារភាពថា អ្វីដែលកើតមានយប់នោះ គឺមកពីខ្លួនស្រវឹង ទើបកាន់ស្រាបៀរជះ និងគប់ស្រាបៀរទៅលើកញ្ញាទេព បូព្រឹក្ស។
ប៉ុន្តែកញ្ញាទេព បូព្រឹក្ស មិនបានឆ្លយតបអ្វីនោះទេ គ្រាន់តែដាក់លក្ខខណ្ឌ៣ចំណុច ឲ្យភាគីជនបង្កអនុវត្ត ទី១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ទី២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយស ចំនួន10ម៉ឺនដុល្លារ
និង៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមីនគុំគួនសងសឹកគ្នាបញ្ចុះទំនាស់ដោយសន្តិវិធី។ ប៉ុន្តែការដាក់លក្ខខណ្ឌ៣ចំណុចខាងលើនេះ ភាគីជនបង្កសុំពេលពិចារណាសិន។

គួរបញ្ជាក់ថា  កាលពីវេលាម៉ោង10និង 05នាទីយប់ ថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 នៅចំណុចភោជនីយដ្ឋានយីហោ “សមុទ្រ” ដែលមានទីតាំង ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី1 ខណ្ឌទួលគោក តារាចម្រៀងស្រីល្បីឈ្មោះ ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះនិងគប់កំប៉ុងស្រាបៀរមកលើនាង ខណៈដែលនាងកំពុងច្រៀងនៅលើឆាកតន្ត្រី ក្នុងភោជនីយដ្ឋាននោះ។

តាមសម្តីរបស់កញ្ញា ទេព បូព្រឹក្ស បានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងត្រូវបានគេអញ្ជើញឱ្យមកច្រៀង និងសម្តែងនៅក្នុងកម្មវិធី Hite X’mas Edition Party ដែលប្រព្រឹត្តទៅ យប់ថ្ងៃអង្គារ ទី25 ខែធ្នូ ឆ្នាំ2018 នៅភោជនីយដ្ឋាន “សមុទ្រ” ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ “Hite” របស់ប្រទេសកូរ៉េ ហើយនាងបានត្រៀមចម្រៀងចំនួន6បទ ដើម្បីយកទៅសម្តែងក្នុងកម្មវិធីមួយនេះ។ ចំណែកម៉ោងដែលនាងត្រូវឡើងច្រៀង គឺនៅវេលាម៉ោង10យប់ ហើយនាងបានទៅដល់ហាង នៅវេលាម៉ោង9និង50នាទីយប់ ពោលគឺមុនកម្មវិធីចាប់ផ្តើម10នាទី ស្រាប់តែម្ចាស់ហាងខឹង ប៉ុន្តែមិននិយាយអីនោះទេ លុះពេលដែលនាងកំពុងឡើងច្រៀងនៅលើឆាក ស្រាប់តែលេចមុខបុរសម្នាក់ ដើរមកជះ និងគប់កំប៉ុងស្រាបៀរដាក់នាង នៅចំពោះមុខភ្ញៀវពេញក្នុងហាងតែម្តង។

ដោយសារតែទទួលរងការអាម៉ាស់ និងកើតទុក្ខមិនសុខចិត្តចំពោះទង្វើមិនគប្បីរបស់បុរសរូបនោះ ទើបកញ្ញាទេព បូព្រឹក្ស បានធ្វើការឡាយវីដេអូតាមហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើឱ្យមហាជនអ្នកនិយមលេងហ្វេសប៊ុកជាច្រើនបាននាំគ្នាចែករំលែកតៗគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកញ្ញាទេព បូព្រឹក្ស បានស្រែកទ្រហោយំយ៉ាងខ្លាំង ចំពោះការប្រមាថលើនាងបែបនេះ។

ជុំវិញករណីដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺ ពីភាគីម្ចាស់ហាងកើតហេតុខាងលើ ពិសេសបុរសជាជនដៃដល់ ដែលជះនិងគប់កំប៉ុងស្រាបៀរ មកលើតារាចម្រៀង ទេព បូព្រឹក្ស នោះ បានទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

កញ្ញាទេព បូព្រឹក្ស កាលពីរសៀលថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់1 ដើម្បីឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ច និងរៀបចំដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់។ លុះក្រោយពេលចាកចេញពីប៉ុស្តិ៍នគរបាលវិញ កញ្ញាទេព បូព្រឹក្ស បានបញ្ជាក់ថា នាងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឱ្យនាងរួចរាល់ហើយ ដោយប្តឹងទៅលើបុរសដែលគប់កំប៉ុងស្រាបៀរចំកណ្តាលមុខនាងនោះ ទាមទារសំណងជំងឺចិត្ត ចំនួន10ម៉ឺនដុល្លារ។

កញ្ញាទេព បូព្រឹក្ស បានរៀបរាប់ទាំងនៅពេលនោះថា “និយាយទៅ មកដល់ពេលហ្នឹង គាត់អត់មានបានទាក់ទងមកខ្ញុំ ឬក៏មានទំនួលខុសត្រូវអីទេ តាំងពីយប់មកដល់ពេលហ្នឹង។ ដំបូង កាលពីយប់ហ្នឹង ខ្ញុំអត់មានបាននិយាយអីច្បាស់លាស់ទេ ឥឡូវខ្ញុំទុកឱ្យច្បាប់គេ អ្នកធ្វើការ អ៊ីចឹងហើយខ្ញុំចង់និយាយថា ខ្ញុំធ្វើតាមច្បាប់ ហើយពាក្យបណ្តឹងដែលខ្ញុំដាក់ទៅហ្នឹង គឺខ្ញុំដាក់ទៅលើបុគ្គល4 អ្នកដែលគប់លើខ្ញុំហ្នឹង ដោយចេតនា ហើយនិងម្ចាស់ហាងដែលគ្មានទំនួលខុសត្រូវ គឺហាងគាត់អសន្តិសុខខ្លាំងបំផុត ដែលសូម្បីតែកាមេរ៉ាសុវត្ថិភាព នៅពេលដែលនាងខ្ញុំ ខាងក្រុមគ្រួសារនាងខ្ញុំចង់ឆែកមើល គឺគាត់ថាខូច ដល់ពេលប៉ូលិសទៅដល់ក្នុង រយៈពេល1ម៉ោង គាត់ឱ្យគេឆែកមើល អត់មាន គឺលុបទិន្នន័យចោលអស់ គឺមានត្រឹមថ្ងៃទី14 ហ្នឹងហើយ អ៊ីចឹងគឺខ្ញុំប្តឹងមួយទៀត គឺទៅលើអ្នកដែលរៀបចំកម្មវិធីហ្នឹង គឺមិនយកចិត្តទុកដាក់លើសន្តិសុខរបស់នាងខ្ញុំ ដែលនាងខ្ញុំជាតារាចម្រៀង ទៅសម្តែងឱ្យក្នុងផលិតផលរបស់គាត់ហ្នឹង ហើយមួយទៀត គឺម្នាក់ស្រីដែលគាត់ឡើងទៅអះអាងថា គាត់ហ្នឹងជាម្តាយអ្នកដែលគប់មកលើខ្ញុំហ្នឹង គាត់អះអាងថាជាម្តាយ ហើយគាត់បានលើកដៃទះ Dancer (អ្នករាំ) របស់ខ្ញុំចំនួន3ដៃ។ រីឯអ្នកដែលជះប៊ីយ៊ែ មកលើខ្ញុំ គឺគាត់ធ្វើដោយចេតនាតែម្តង។ និយាយទៅ ខ្ញុំចង់និយាយថា គាត់ធ្វើនេះបង្កមកលើខ្ញុំជានារី ហើយគាត់ធ្វើមកនេះ គឺជាការបង្អាប់បង្អោនកិត្តិយសស្ត្រី ដោយគាត់យកកំប៉ុងប៊ីយ៊ែរមកគប់ខ្ញុំ ដែលខ្ញុំជាតារាចម្រៀង គាត់អត់មានឱ្យតម្លៃមកលើខ្ញុំសោះ គឺគាត់បង្កនេះ ជាការបង្ករបួសស្នាមមកលើខ្ញុំដោយចេតនា។ និយាយទៅ នៅក្នុងការប្តឹងហ្នឹងនៅពេលនេះ ខ្ញុំសូមនិយាយប្រាប់បងទាំងអស់គ្នា ពីយប់ឡើង គឺបើសិនជា គាត់មកសុំទោសខ្ញុំជាសាធារណៈ គឺអូខេ ខ្ញុំបញ្ចប់រឿងហ្នឹងចុះ ប៉ុន្តែគឺគេអត់ព្រមទេ គឺគេបណ្តោះគ្នាចេញទៅអស់ហើយ អ៊ីចឹងគឺនៅក្នុងថ្ងៃនេះ ខ្ញុំសូមប្តឹងទាមទារសំណង10ម៉ឺនដុល្លារ សម្រាប់ជំងឺចិត្តខ្ញុំ តែ10ម៉ឺនដុល្លារនេះអ្នកឯង ចាំឱ្យច្បាស់ ខ្ញុំយកមក ខ្ញុំយកទៅបរិច្ចាគឱ្យមន្ទីរពេទ្យគន្ធបុប្ជាខ្លះ ឬក៏មណ្ឌលចាស់ជរា ឬក៏កន្លែងណាដែលសិល្បករចាស់ៗដែលឥឡូវហ្នឹងគាត់ កំពុងតែឈឺ គាត់មិនមានការងារធ្វើ 10ម៉ឺនដុល្លារហ្នឹង ខ្ញុំអត់ប៉ះពាល់លុយអ្នកឯងទេ គឺខ្ញុំយកមកបរិច្ចាគអ៊ីចឹង…”។

ទាក់ទងទៅនឹងករណីជះ និងគប់កំប៉ុងស្រាបៀរទៅលើតារាចម្រៀងស្រី ទេព បូព្រឹក្ស នៅលើឆាកតន្ត្រីនេះ ទាំងអ្នកសិល្បៈ រួមទាំង សមាគមសិល្បៈបានទទូចអំពាវនាវដល់ស្ថាប័ន មានសមត្ថកិច្ច ពិសេស លោកស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ និងមានចំណាត់ការ វែកមុខរកជនបង្កហេតុខាងលើ ដែលបានប្រព្រឹត្តទង្វើមិនគប្បីមកលើអ្នកសិល្បៈ ពិសេសលើស្ត្រីភេទ។

លោកអ៊ឹម ជីវ៉ា ជាអ្នកសិល្បៈ និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ថា “ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមគោរពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយចាត់វិធានការចាប់ជនល្មើស និងបក្ខពួកដែលប្រព្រឹត្តបទល្មើសជាក់ស្តែងដោយចេតនា ចំពោះតារាចម្រៀងកញ្ញាទេព បូព្រឹក្ស កាលពីវេលាយប់មិញផង ដោយកន្លែងកើតហេតុ នៅហាងសមុទ្រ ទីតាំងផ្ទះលេខ72 ផ្លូវលេខ118 សង្កាត់ទឹកល្អក់1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះត្រឹមតែស្រាបៀរ និងកំប៉ុង គប់និងជះលើ ចុះបើក្នុងកំប៉ុងនោះជាទឹកអាស៊ីត និងជាអ្វីផ្សេងវិញ តើតារាចម្រៀងម្នាក់នេះទទួល គ្រោះថ្នាក់យ៉ាងណា? បើសិនជាបុគ្គលនោះមិនពេញចិត្តតារាចម្រៀង ទេព បូព្រឹក្ស គាត់មិនត្រូវប្រព្រឹត្តទង្វើបែបនេះឡើយ តែទង្វើដ៏សែនថោកទាប និងការមើលងាយមកលើជនរគ្រោះជាតារាចម្រៀងម្នាក់នេះ គឺជាចេតនាគិតទុកជាមុន ចំពោះជនល្មើស ដែលអាចចាត់ទុកថា ជាការករណីប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនា គិតទុកជាមុន។ អាស្រ័យដូចបានជម្រាបជូនឯកឧត្តមខាងលើ សូមឯកឧត្តម និងសហការី មេត្តាជួយចាត់វិធានការជាបន្ទាន់ កុំឱ្យជនល្មើសរួចខ្លួនឱ្យសោះ និងដាក់ទោសទៅតាមច្បាប់ ដើម្បីកុំឱ្យប្រជាជនខ្មែរមួយចំនួនទៀត គាត់យកតម្រាប់គំរូតាម។ ដោយក្តីគោរពអំពី ខ្ញុំបាទអ៊ឹម ជីវ៉ា ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ…”។

លោកហេង ឡុង ជាគូស្នេហ៍អ្នកនាងចន ច័ន្ទលក្ខិណា និងជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានសរសេរក្នុងគណនីហ្វេសប៊ុករបស់លោកដែរថា “ខ្ញុំជឿជាក់លើច្បាប់ ចង់ផ្តាំទៅម្ចាស់ហាង និងជនបង្កថា សម័យនេះ អស់លោកអ្នកដែលមានអំណាចមានលុយ មិនអាចបិទបាំងអំពើទុច្ចរិតរបស់ខ្លួនបានឡើយ។ អរគុណដែលបងប្អូនចែករំលែកសម្រាប់យុត្តិធម៌ ជូនកញ្ញាទេព បូព្រឹក្ស សមាគមធ្លាប់បានរកយុត្តិធម៌ជូនសិល្បករ សិល្បការិនី ដែលរងអំពើអយុត្តិធម៌ ជាច្រើននាក់រួចមកហើយ មិនថាបងប្អូន ល្បី ឬមិនល្បីនោះទេ…”។

លោកហេង ឡុង បានសរសេរបន្ថែមថា “ជំហានដំបូង រសៀលល្ងាចនេះ ខ្ញុំបាទ និងមេធាវីរបស់សមាគមសិល្បករខ្មែរ តំណាងឱ្យកញ្ញាទេព បូព្រឹក្ស នឹងចរចារកយុត្តិធម៌ជូនកញ្ញា សូមចែករំលែកជូនមហាជន ជ្រាបជាព័ត៌មានផង សូមបងប្អូនស្ងប់ចិត្ត និងជឿជាក់នៅលើច្បាប់ ខ្ញុំជឿថាគ្មានបុគ្គលណាហ៊ានចេញមុខការពារជនល្មើសឡើយ…”។

ចំណែកអ្នកនាងចន ច័ន្ទលក្ខិណា ប្រធាន សមាគមសិល្បករខ្មែរ បានបញ្ជាក់នៅលើហ្វេសប៊ុកដែរថា “សូមបងប្អូនជួយស៊ែរម្នាក់មួយផង ដើម្បីជួយរកយុត្តិធម៌ជូនប្អូនស្រី ទេព បូព្រឹក្ស បើក្នុងករណីគ្មានយុត្តិធម៌សម្រាប់ប្អូនស្រី Tep Boprek ទេ ស្អែកនេះ សមាគមសិល្បករខ្មែរ នឹងឱ្យមេធាវីទំនាក់ទំនងរកជនបង្ករួមទាំង បក្ខពួក…”។

ដោយឡែក កញ្ញាឌី សូនីតា  ជាតាសម្តែងមួយរូប បានសរសេរសារឈឺឆ្អាលចំពោះករណីកញ្ញាទេព បូព្រឹក្ស ផងដែរថា “មើលហើយយំ ទាំងយប់ បងអើយបង អូនឈឺហួសថ្លែង ម៉េចបានដល់ថ្នាក់ហ្នឹង ម៉េចក៏អស់លោកថោកទាបម៉្លេះ ម៉េចបានជាកើតមកជាមនុស្សហើយ បែរជាដាក់ខួរសត្វមកតាទៅវិញ? បើជាតិសាសន៍ដទៃ គេឃើញ គេសើចយំយ៉ាងណា? បើជាខ្ញុំវិញ ហាងហ្នឹងមិនរួចខ្លួនទេ សម័យនេះ សម័យហ្វេសប៊ុកណា អស់លោកឡើងតំណែងក៏លឿន ធ្លាក់ចុះវិញ ក៏រឹតតែលឿន។ ជូនពរឱ្យហាងអ្នកឯងរលាយឆាប់ៗ រកស៊ីមុខរបរអ្វីក៏រលាយទាំងអស់ ខឹងណាស់ខ្ញុំ…”។

ពាក់ព័ន្ធទៅនឹងករណីជះ និងគប់កំប៉ុងស្រាបៀរដាក់កញ្ញាទេព បូព្រឹក្សនេះ ដែរ លោកស្រីញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ចោញនូវប្រតិកម្មធ្ងន់ៗ និងលើកទឹកចិត្តឱ្យតារាចម្រៀង ទេព បូ ព្រឹក្ស ប្តឹងទៅលើជនសង្ស័យ រកយុត្តិធម៌ឱ្យបាន ក្នុងនោះក៏អាចប្តឹងបន្តមកក្រសួងកិច្ចការនារីផង លើករណីដែលនាងរងការប្រមាថ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀ ពេលនាងកំពុងច្រៀងលើឆាកនេះ។

លោកស្រីបានអះអាងថា ទង្វើដែលមានក្នុងហេតុការណ៍ពីខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ស្ត្រីទាំងមូល។ ដូច្នេះហើយ លោកស្រីស្នើឱ្យបិទហាងខាងលើ និងបន្តរកយុត្តិធម៌ដល់តារាចម្រៀងរងគ្រោះ។

លោកស្រីញ៉ែម មរកត បានលើកឡើងថា “បិទហាងនេះ ចាប់ខ្លួនជនដៃដល់ និងជនសមគំនិត ទាមទារជំងឺចិត្ត សូមមេត្តាកុំយោគយល់ ហើយក៏អាចប្តឹងមកក្រសួងកិច្ចការនារីបន្ថែម ក៏បានដែរ។ នៅក្រសួងកិច្ចការនារី មានគណៈកម្មាធិការលើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ដែលសមាសភាព មានថ្នាក់ដឹកនាំស្ត្រី មកពីគ្រប់ក្រសួងស្ថាប័ន ក្នុងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស…”៕

RELATED ARTICLES