Tuesday, January 21, 2025
Homeព័ត៌មានជាតិប៉ះម៉ូយជើងល្អរត់បាត់ គ្មានលុយសងក្រុមហ៊ុន ចងកសម្លាប់ខ្លួន

ប៉ះម៉ូយជើងល្អរត់បាត់ គ្មានលុយសងក្រុមហ៊ុន ចងកសម្លាប់ខ្លួន

ខេត្តសៀមរាប៖ យុវជនគិតខ្លី ដែលចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ជនរងគ្រោះមានឈ្មោះម៉ែន ណារ៉ា អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកផ្នែកលក់ក្រុមហ៊ុនស៊ូនៗ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ និងមានស្រុកកំណើតភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះជាបុគ្គលិកផ្នែកលក់ និងតែងយកឥវ៉ាន់ (ប្រភេទគ្រឿងទេស) ពីក្រុមហ៊ុនទៅ បោះឱ្យម៉ូយនៅក្នុងខេត្តសៀមរាប លុះក្រោយពេលទូទាត់លុយពីម៉ូយបានហើយ ក៏តែងយកទៅប្រគល់ឱ្យក្រុមហ៊ុនវិញយ៉ាងទៀងទាត់។

ក្រោយមកជនរងគ្រោះ បានដាក់ឥវ៉ាន់ឱ្យម៉ូយម្នាក់ ប៉ះចំម៉ូយជើងល្អ ចេះតែជំពាក់វិលចុះវិលឡើង រហូតដល់ចំនួនទឹកប្រាក់ចេះតែកើនឡើងច្រើន ស្រាប់តែមិនទាន់បានទូទាត់លុយផង បែរជាម៉ូយឥវ៉ាន់ជើងល្អនោះ បានរត់ចោលស្រុកបាត់ ជាហេតុធ្វើឱ្យជនរងគ្រោះពិបាកដោះស្រាយជាមួយក្រុមហ៊ុន ខ្លាចប្រាប់ ក្រុមហ៊ុនថា ត្រូវម៉ូយបោក ខ្លាចក្រុមហ៊ុនមិនជឿ ទើបធ្វើឱ្យភ័យខ្លួន មិនដឹងរកប្រាក់ឯណាមកសងក្រុមហ៊ុនជំនួសម៉ូយឥវ៉ាន់រូបនោះបាន ក៏ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង៕

RELATED ARTICLES