តារាសាច់សខ្ចី រ៉េត ស៊ូហ្សាណា ទើបតែចូលប្រឡូកក្នុងសិល្បៈបានតែ២ឆ្នាំប៉ុណ្ណោះ តែពេលនេះ នាងបានក្លាយទៅជាតារាចម្រៀងសំខាន់របស់ផលិតកម្មរស្មីហង្សមាស ទាំងការលេចមុខច្រៀង Concert ធំៗ និងស្ពតពាណិជ្ជកម្មលក្ខណៈស្ដង់ដារ ដែលធ្វើឲ្យតារារៀមច្បងៗមួយចំនួន នៅហង្សមាស ពិបាកដេញតាមស្រីស្អាតនេះ។
ស៊ូហ្សាណា ដែលលេងស្ទីលបែបយុវវ័យ ចេះគោរពពេលវេលា និងគោរពរៀមច្បងនៅហង្សមាស នោះ ធ្វើឲ្យលោកថៅកែហង្សមាស ពេញចិត្តខ្លាំង តាមរយៈការលើកឲ្យធ្វើតួឯក រឿង ”បិសាចគួរឲ្យស្រលាញ់” និងតួឯកភាពយន្ដក្រោយៗទៀត ឲ្យតែស្រីស្រស់រូបនេះ ពេញចិត្ត ទើបធ្វើឲ្យមានព័ត៌មានថា តារាថ្មីៗមួយចំនួននៅហង្សមាស ច្រណែនស្រីស្អាតរូបនេះ ដោយសារគ្រប់គ្នាដឹងថា ផលិតកម្មធំមួយនេះកំពុងប្រឹងលើកស្ទួយហ្សាណា ជាងតារាផ្សេងៗទៀត។
ប៉ុន្ដែដំណឹងនេះ ត្រូវបានតារាចម្រៀងដុះស្លែជើងចាស់នៅហង្សមាស ពេជ្រ សោភា បានធ្វើការច្រានចោល ដោយអះអាងថា ហង្សមាស មិនមែនលើកស៊ូហ្សាណា ជាងគេទេ គឺក្រុមហ៊ុន Agency ត្រូវការហៅនាងច្រៀង និងថតស្ពតដោយខ្លួនឯងតើ! ពេលគេលេចធ្លោអីចឹងថា ក្រុមហ៊ុនលើកតែតារាម្នាក់ តែតាមពិត ហង្សមាស លើកស្មើៗគ្នា។
រ៉េត ស៊ូហ្សាណា លេចធ្លោរតាមរយៈការល្បីបាន២បទ គឺបទ ”ឈប់” និងបទ ”ប្រយោគស្នេហ៍” ដែលបើកផ្លូវឲ្យនាងឈានទៅច្រៀង Concert ធំៗ ក្នុងការបង្ហាញខ្លួនម្តង តម្លៃខ្លួនជាង១ពាន់ដុល្លារ ហើយគេកត់សម្គាល់ថា នៅតាមឆាកតន្រ្ដីធំៗរបស់ហង្សមាស ក្រុមហ៊ុនមួយនេះតែងតែដាក់ហ្សាណា ទៅជានិច្ច។
អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ គឺហ្សាណា ត្រូវហង្សមាស បិទផ្លូវមិនឲ្យច្រៀងនៅប៉ុស្ដិ៍ណា ក្រៅពីទូរទស្សន៍ហង្សមាស និងបាយ័ន ឡើយ ព្រោះក្រុមហ៊ុនមួយនេះបានចាត់ទុកហ្សាណា ជាអ្នកចម្រៀងស្ថិតក្នុងចំណោមតារាសំខាន់របស់ខ្លួន។
ការឡើងកូដសឹងមិនគួរឲ្យជឿរបស់រ៉េត ស៊ូហ្សាណា នៅពេលនេះ គឺចំពេលដែលអតីតម្ចាស់ពាន Cambodian Idol រដូវកាលទី២ ឈិន ម៉ានិច្ច ដែលត្រូវបានគេចាត់ទុកថា មានទឹកដមសំឡេងក្រអួនក្រអៅនោះ ហាក់នៅទ្រឹងថ្កល់ បើទោះជាម៉ានិច្ច តាំងពីចូលហង្សមាស ល្បីបាន២បទ គឺបទ ”នារីក្នុងសុបិន្ដបង ជាអ្នកណា?” និងបទ ”ចិញ្ចៀនផ្កាស្មៅ” ក៏ដោយ តែមិនអាចមានទីផ្សារខ្ពស់ជាងហ្សាណា បានឡើយ។
អ្នកជំនាញសិល្បៈបានលើកឡើងថា មិនអាចប្រៀបធៀបរ៉េត ស៊ូហ្សាណា ជាមួយឈិន ម៉ានិច្ច បានទេ ព្រោះពួកគេមានបែបផែនខុសគ្នា ដោយហ្សាណា ក្រសោបទីផ្សារយុវវ័យ ចំណែកម៉ានិច្ច សំឡេងតម្រូវគ្រប់វ័យ។
ប្រភពនោះបន្ថែមថា ហ្សាណា មានរូបសម្រស់ស្អាតពូកែលេងខ្លួន ហេតុនេះហើយបានជាមានការចាប់អារម្មណ៍ច្រើនជាងម៉ានិច្ចតែទឹកដមសំឡេង គឺម៉ានិច្ច ទេ ដែលត្រូវអ្នកស្ដាប់ចាប់ពីវ័យកណ្ដាលឡើងទៅ។
រ៉េត ស៊ូហ្សាណា មិនធ្លាប់មានរឿងអាស្រូវស្នេហាឡើយ តាំងពីនាងឈានជើងចូលហង្សមាស នេះ គឺត្រូវឪពុកម្ដាយតាមការពារជាប់ជានិច្ច។ តារាសាច់សខ្ចីរូបនេះ ត្រូវបានមន្រ្ដីធំៗជាច្រើនជ្រួលជ្រើមស្នេហ៍ តែមិនអាចសាសងស្រីស្អាតធ្មេញច្រពើសបានឡើយ ព្រោះថា នាងមិនដែលឃ្លាតពីឪពុកម្ដាយឡើយ។
ដោយឡែក ឈិន ម៉ានិច្ច វិញ មានគូស្នេហ៍តាំងពីមុនលើកពាន Cambodian Idol រដូវកាលទី២មកម្ល៉េះ តែរហូតមកដល់ពេលនេះ នាងមិនទាន់ដឹកដៃសង្សារចូលរោងការឡើយ។
ទស្សនិកជននិយាយថា ម៉ានិច្ច បើនៅតែមិនព្រមអភិវឌ្ឍន៍ខ្លួនលេងក្បាច់រាំដូចគេនោះ ទោះជាកាន់ពានធំនេះ ក៏មិនអាចធ្វើឲ្យទីផ្សារចម្រៀងនាងប្រែប្រួលច្រើនបានឡើយ៕