Tuesday, January 21, 2025
Homeព័ត៌មានជាតិសង់ខ្ទមរស់នៅលើដីគេហើយ ម្ចាស់គេទៅធ្វើរបង បង្កហិង្សា ចាប់ខ្លួនប៉ូលិស

សង់ខ្ទមរស់នៅលើដីគេហើយ ម្ចាស់គេទៅធ្វើរបង បង្កហិង្សា ចាប់ខ្លួនប៉ូលិស

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីហិង្សា ទៅលើម្ចាស់អចលនវត្ថុ (ដី) កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះមានឈ្មោះទ្រី ស៊្រន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ មានលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យ មានឈ្មោះយ៉េន ហៀក ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីឆ្នាំ២០០៨ ឈ្មោះង៉ុយ យ៉េន និងប្រពន្ធឈ្មោះចក់ ប៉ិច ជាឪពុកម្តាយរបស់ឈ្មោះយ៉េន ហៀក (ជនសង្ស័យ) បានទៅចងការប្រាក់ពីឈ្មោះទ្រី ស៊្រន (ជនរងគ្រោះ) ចំនួន៦ពាន់ដុល្លារ។ បន្ទាប់មកនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០០៩ តុលាការបានដាក់លក់ឡាយឡុងផ្ទះនិងដី ហើយឈ្មោះទ្រី ស៊្រន បានទទួលទិញយក ទើបតុលាការបានចេញសាលក្រមសម្រេចប្រគល់ដី និងផ្ទះរបស់ឈ្មោះង៉ុយ យ៉េន ឱ្យទៅឈ្មោះទ្រី ស៊្រន។ លុះដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ តុលាការ បានចុះអនុវត្តសាលក្រម ប្រគល់ដីនិងផ្ទះឱ្យទៅឈ្មោះទ្រី ស៊្រន ហើយឱ្យឈ្មោះ ង៉ុយ យ៉េន និងក្រុមគ្រួសារ ចាកចេញពីដីនិងផ្ទះលំនៅដ្ឋាននោះ។

ប្រភពដដែលបន្តថា ក្រោយមកឈ្មោះង៉ុយ យ៉េន បានមកសង់ខ្ទមតូចមួយ ស្នាក់នៅលើដីនោះជាមួយប្រពន្ធកូន ហើយតុលាការខេត្តកណ្តាល បានឃាត់ខ្លួនឈ្មោះ ង៉ុយ យ៉េន ដាក់ពន្ធនាគារផងដែរ ពីបទប្រើអំពើហិង្សាលើម្ចាស់អចលនវត្ថុនោះ។ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក ខណៈដែលជនរងគ្រោះឈ្មោះទ្រី ស៊្រន បាននាំមនុស្សជាច្រើននាក់ ទៅកាប់ឆ្ការព្រៃលើដីរបស់ខ្លួន ដើម្បីធ្វើរបង ស្រាប់តែពេលនោះជនសង្ស័យឈ្មោះយ៉េន ហៀក ជាកូនរបស់ឈ្មោះង៉ុយ យ៉េន បានចេញមករារាំងជំទាស់ និងថែមទាំងបានបង្កអំពើហិង្សាមកលើជនរងគ្រោះជាម្ចាស់ដីទៀតផង ទើបជនរងគ្រោះជាម្ចាស់ដីឈ្មោះទ្រី ស៊្រន និងមនុស្សជាច្រើននាក់ បានឃាត់ខ្លួនឈ្មោះយ៉េន ហៀក ប្រគល់ឱ្យសមត្ថកិច្ច ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES