ថ្វីត្បិតតែពេជ្រ សោភា មិនឆ្លើយទាល់តែសោះពីមូលហេតុដែលនាងលែងប្ដីអាណិកជនខ្មែរ នៅអាមេរិក នោះ បើទោះជាអ្នកយកព័ត៌មានយើងបានជជីកសួរជាច្រើនលើកថា តើលោកឡៅ ឆលី មិនឲ្យនាងកាន់លុយសោះ បានជាចែកផ្លូវគ្នាឬយ៉ាងណានោះ?
សោភា គ្រាន់តែនិយាយយ៉ាងខ្លីថា ការបែកបាក់គ្នារវាងនាងនិងអតីតប្ដី គឺបែកតាមសម្រួល ដោយគ្មានអ្នកណាគុំគួនអ្នកណាទេ ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អំឡុងពេលដែលម្ដាយរបស់នាងទៅអាមេរិក អតីតប្ដីនាង លោកឆលី បានទៅសួរសុខទុក្ខ និងគោរពស្រលាញ់ម្ដាយនាងដូចតែមុនអីចឹង។
ពេជ្រ សោភា ក្រោយធ្លាក់ខ្លួនជាមេម៉ាយមក ម្ចាស់បទ ”បីឆ្កែទៅរាំ” រូបនេះ ត្រូវបានបុរសជនជាតិស្វីសម្នាក់ តាមសុំស្នេហា តែចម្លើយវិញ គឺសោភា តបទៅប្រុសនោះថា នាងមិនត្រូវការគូស្នេហ៍ថ្មីជាប្រុសនៅក្រៅប្រទេសទៀតទេ គឺចង់រកគូស្នេហ៍ថ្មី ”ជួញជិតប្រសើរជាងជួញឆ្ងាយ” វិញ ទើបធ្វើឲ្យប្រុសស្វីស ដែលខំជិះយន្ដហោះស្កាត់មកស្រុកខ្មែរ ជួបនាងនេះ បានត្រឹមវិលទៅវិញទាំងសៅហ្មង។
ការលែងទុកចិត្តប្រុសក្រៅស្រុករបស់ពេជ្រ សោភា នៅពេលនេះ ដោយសារតែនាងធ្លាប់ប្រេះឆាស្នេហ៍ជាមួយអាណិកជនខ្មែរនៅអាមេរិក ចំនួន២លើករួចមកហើយ។ ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ កាលពីឆ្នាំ២០១០ តែមិនទាន់បានក្រាបផ្ទឹមផងចំណងស្នេហាមួយនេះ ក៏បានដើរដល់ទីបញ្ចប់ទាំងចម្រូងសម្រាស។ ដោយក្ដៅចិត្តនិងអតីតគូដណ្ដឹងបកអាក្រាតនោះ ពេជ្រ សោភា បានរៀបការជាមួយលោកឡៅ ឆលី ដើម្បីឲ្យសង្សារចាស់បានភ្លឺភ្នែក តែគួរឲ្យសា្ដយ រៀបការហើយពួកគេក៏បានលែងលះគ្នា សឹងតែមិនគួរឲ្យជឿនោះទេ រហូតមានពេលខ្លះ សោភា បានធ្លោយមាត់ថា នាងនិងអតីតប្ដី មិនដែលបានក្រេបចន្ទទឹកឃ្មុំជាមួយគ្នាទៀតផង។
តាមរយៈការបែកបាក់ស្នេហាជាច្រើនលើកច្រើនសារនេះ ពេជ្រ សោភា ត្រូវបានគេចាត់ទុកថា ជាតារាដែលជោគជ័យតែអាជីពចម្រៀងប៉ុណ្ណោះ តែរឿងស្នេហាវិញ នាងមិនសមប្រកបទេ គឺបរាជ័យផ្ទួន។ តែសោភា ឆេះដុំចំពោះការលើកឡើងបែបនេះ ដោយនាងថា បើមិនចុះសម្រុងគ្នាគូស្នេហ៍នីមួយៗ មានតែចែកផ្លូវគ្នា មិនមែនជារឿងបរាជ័យនោះទេ។
តាមរយៈការអះអាងថា មិនចង់រៀបការម្ដងទៀតនេះ ពេជ្រ សោភា ក៏បញ្ជាក់ថា ចំណងស្នេហាថ្មីរបស់នាងជាមួយប្រុសក្មេង ឆឹម សក្កដា នៅតែរលូនល្អដូចមុន គ្មានអ្វីត្រូវប្រែប្រួលឡើយ បើទោះជាមហាជនយល់ថា ស្នេហាថ្មីរបស់តារាហង្សមាស រូបនេះ គ្រាន់តែជាស្នេហា ”ក្លែងក្លាយ” ក៏ដោយ៕