តាមព័ត៌មានថា ក្រោយបាត់បង់តំណែងធំនៅទូរទស្សន៍ហង្សមាស The Voice Kids Cambodia រដូវកាលទី២មក សុគន្ធ និសា ត្រូវបានហង្សមាស លួងចិត្ត តាមរយៈការប្រគល់តំណែងជាតួឯកថ្មី ក្នុងរឿង ”ព្រះវេស្សន្ដរជាតក” ដែលនាងសម្ដែងជាតួនាងមទ្រី ប៉ះជាមួយថៅកែល្ខោនបាសាក់ តួឯកប្រុស លោកអុល សំអាង សម្ដែងជាតួព្រះវេស្សន្ដរ។
តាមរយៈការអះអាងរបស់លោកអុល សំអាង កន្លងមក លោកធ្លាប់ប្រាប់អ្នកកាសែតថា ពិតជាត្រូវចាប់ដៃគូសម្ដែងជាមួយសុគន្ធ និសា មែន ក្នុងរឿងល្ខោនបាសាក់នេះមែន ហើយដោយសារតែលោកធ្វើការផ្នែកនេះយូរហើយ អីចឹងមិនមានការពិបាកច្រើនទេ។ ចំណែកសុគន្ធ និសា គាត់ជាអ្នកចម្រៀងសម័យល្បី ហេតុនេះហើយមានផលវិបាកខ្លះៗ ហើយលោកក៏ជួយប្រាប់ច្រើនដែរ។
ប៉ុន្ដែក្នុងជំនួបជាមួយសុគន្ធ និសា កាលពីពេលថ្មីៗនេះ តារាចម្រៀងហង្សមាស រូបនេះ បានឲ្យដឹងថា ការពិត នាងមិនបានសម្ដែងឈុតនាងមទ្រី ក្នុងរឿង ”ព្រះវេស្សន្ដរជាតក” នោះទាំងស្រុងទេ គឺគ្រាន់តែមានឈុតខ្លះៗក្នុងរឿង ”រាជិនីភូមិគ្រឹះ” ប៉ុណ្ណោះ ហើយភាពយន្ដថ្មីមួយទៀតរបស់ហង្សមាស ដែលនាងតម្រូវថត គឺទាល់តែអំឡុងខែមេសា ទើបចេញថត។
តារាចម្រៀងរាងតូចច្រឡឹងរបស់ហង្សមាស បានឲ្យដឹងដែរថា “ការថតភាពយន្ដ គឺនាងគ្រាន់តែទុកជាឯកសារប៉ុណ្ណោះ មិនមានប្រជែងទីផ្សារភាពយន្ដឡើយ”។
សុគន្ធ និសា ក្រោយស្ពាយបង្វេចចេញពីផលិតកម្មថោន ចូលហង្សមាស វិញ នាងឆក់បានតំណែងតួឯក២រឿង គឺ ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ” និងរឿងថ្មីមួយទៀតដែលនាងថា ចេញថតនៅពេលចូលឆ្នាំខ្មែរ ខាងមុខនេះហើយ។
តារាចម្រៀងដែលធ្វើដំណើរមកពីខេត្តក្រចេះ សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរ នៅរដ្ឋឡូវែល៍ សហរដ្ឋអាមេរិក លោកពៅ សម្បត្តិ ហៅសាំបា នាយកផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនធានារ៉ាប់រង Manulife រហូតមកដល់ពេលនេះ និសា មិនទាន់ហ៊ានពពោះកូនដំបូងឡើយ៕