ខេត្តកណ្តាល ៖ ករណីបុរសកំហូចចេះតែតាមអុកឡុក បង្កហិង្សាដាក់អតីតសង្សាររបស់ខ្លួន ព្រោះតែខឹងនាងមិនព្រមរួមផ្តើមស្នេហ៍ជាថ្មី រហូតដល់អតីតស្រីស្នេហ៍ទ្រាំលែងបានប្តឹងប៉ូលិសចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខហាងយីហោ ៧៤១ មានទីតាំងស្ថិតក្នុងភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរូន សុះ អាយុ៥៣ឆ្នាំ ជាជនជាតិខ្មែរឥស្លាម មុខរបរកាប់គោ មានលំនៅភូមិ បារ៉ែនក្រោម ឃុំស្វាយ ប្រទាល ស្រុកស្អាង។
ចំណែកនារីជាស្រីស្នេហ៍ដែលត្រូវជនសង្ស័យតាមអុកឡុក និងប្រើអំពើហិង្សាដាក់ មានឈ្មោះផល ស្រីល័ក្ខ អាយុ២៧ឆ្នាំ មុខរបររត់តុ នៅហាងយីហោ ៧៤១ សព្វថ្ងៃស្នាក់នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។ ចំណែកម្ចាស់ ហាងយីហោ ៧៤១ ដែលតែងត្រូវបានជនសង្ស័យចូលទៅរំខាន ជាញឹកញាប់ មានឈ្មោះញ៉ឹប ភីរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាង ៧៤១ មានលំនៅភូមិព្រៃពោធិ៍ ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានឆែកឆេរខ្លួនឈ្មោះរូន សុះ រកឃើញកូនកាំបិតចុងស្រួចផ្លែបត់ចំនួន១ និងសោសម្រាប់ចាក់ ម៉ូតូចំនួន១ផងដែរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕