Monday, January 20, 2025
Homeព័ត៌មានជាតិម៉េចចឹង!!! គ្រាន់តែជនសង្ស័យរំលោភក្មេងស្រីបដិសេធ ក៏ដោះលែងបាត់ទៅ

ម៉េចចឹង!!! គ្រាន់តែជនសង្ស័យរំលោភក្មេងស្រីបដិសេធ ក៏ដោះលែងបាត់ទៅ

ខេត្តតាកែវ៖ ក្មេងស្រីរងគ្រោះ ដែលត្រូវប្រុសចាប់រំលោភរហូតដល់មានផ្ទៃពោះ ទើបនឹងមានអាយុ១៣ឆ្នាំ មានលំនៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ (សព្វថ្ងៃកំពុងពពោះ៧ខែ)។ ចំណែកជនសង្ស័យដែលទទួលរងការចោទប្រកាន់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ តែក្រោយមក បែរជាដោះលែងវិញនោះ មានឈ្មោះខឹម ញេប អាយុ៥០ឆ្នាំ មុខរបរជាដង្ខៅគោ រស់នៅក្នុងឃុំជាមួយគ្នា។

ក្រោយពីមានការប្តឹងផ្តល់ លោកនាយប៉ុស្តិ៍បានហៅឈ្មោះខឹម ញេប ទៅសាកសួរដែរ តែក្រោយមកក៏ដោះលែងឱ្យមានសេរីភាពវិញ (ហើយពេលនេះបានគេចខ្លួនបាត់ទៅហើយ)។ ចំណែកលោកសុខ វិជ្ជា អធិការរងនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ចំពោះការដោះលែងជនសង្ស័យ គឺដោយសារតែជននេះបានបដិសេធ ហើយរឿងដោះលែងនេះ លោកក៏បានឆ្លងយោបល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរួចហើយ ព្រោះវាជារឿងស៊ើបអង្កេត ហើយក៏រង់ចាំលទ្ធផលចេញពីពេទ្យសិន ទើបធ្វើការស្រាវជ្រាវបន្ត មិនមែនដោះលែងជាថ្នូរនឹងលុយនោះទេ។

នៅថ្ងៃដដែលនោះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកប៊ុត សាត នាយប៉ុស្តិ៍ស្រែរនោងបានទេ ព្រោះទូរស័ព្ទចូលមិនលើក។ ទាក់ទិននឹងករណីនេះ អ្នកយកព័ត៌មាន ក៏បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដែរ តែពេលទូរស័ព្ទចូលហើយ លោកប្រាប់ថាជាប់រវល់។

 

ជុំវិញករណីខាងលើនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះបានអំពាវនាវឱ្យអាជ្ញាធរ និងសមត្ថកិច្ចមេត្តាជួយរកយុត្តិធម៌ជូនកូនស្រីរបស់ពួកគាត់ផង និងចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសឈ្មោះខឹម ញេប ជាដង្ខៅគោ បាននៅឡើយទេ៕

RELATED ARTICLES