Monday, January 20, 2025
Homeព័ត៌មានជាតិ"ត្រឹមពាក្យសុំទោស" ឧកញ៉ាថៃ អាចត្រឡប់ទៅផ្ទះវិញបាន បន្ទាប់ពីវ៉ៃបោចសក់នារីខារ៉ាអូខេ

“ត្រឹមពាក្យសុំទោស” ឧកញ៉ាថៃ អាចត្រឡប់ទៅផ្ទះវិញបាន បន្ទាប់ពីវ៉ៃបោចសក់នារីខារ៉ាអូខេ

ខេត្តកំពង់ចាម ៖ ហេតុការណ៍បុរសជាឧកញ៉ា ប្រើហិង្សាដាក់នារីខារ៉ាអូខេ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នោចំណុចហាងខារ៉ាអូខេមួយកន្លែង យីហោ វីឡា មានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។

ឧកញ៉ាដែលផឹកស្រវឹង ប្រើហិង្សាដាក់នារីខារ៉ាអូខេ ខឹងគេមិនឱ្យលូកស្ទាប មានឈ្មោះវ៉ន ប៊ុនថៃ ហៅឧកញ៉ា ថៃ ជាអតីតអ្នករកស៊ីជួញដូរឈើដ៏ធំនៅភូមិភាគបូព៌ា មានលំនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកនារីរងគ្រោះ មានឈ្មោះច.ហ ជានារីបំរើខារ៉ាអូខេក្នុងបន្ទប់ លេខ ៦៦៦៦ ផ្ទះសំណាក់ និងខារ៉ាអូខេវីឡា ក្រុងកំពង់ចាម។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកឧកញ៉ា វ៉ន ប៊ុនថៃ បានចូលទៅផឹកស៊ីច្រៀងខារ៉ាអូខេ ផ្ទះសំណាក់ និងខារ៉ាអូខេ យីហោ វីឡា ក្នុងបន្ទប់លេខ៦៦៦៦។ លុះក្រោយពីស្រវឹងស្រឿងៗ ឧកញ៉ារូបនោះ ក៏ចាប់ផ្តើមរពឹសដៃ លូកលាន់បេះបោច ច្របាច់ខ្ញាំនារីដែលអង្គុយកំដរ បង្កឱ្យមានការឈឺចាប់ រហូតដល់នាងទ្រាំមិនបាន ក៏រត់ចេញពីបន្ទប់ខារ៉ាអូខេលែងចង់បានលុយតទៅទៀត។

ប្រភពដដែលបន្តថា ក្រោយពីនារីកំដររត់ចេញទៅបាត់ ឧកញ៉ារូបនោះ បានស្រែកឡូឡា ហៅរកនារីផ្សេងឱ្យមកអង្គុយកំដរខ្លួនជំនួសនាងមុន ប៉ុន្តែដោយសារតែឃើញទង្វើរបស់ឧកញ៉ារូបនោះ ពោរពេញដោយហិង្សា ទើបគ្មាននារីណាហ៊ានចូលខ្លួនទៅបម្រើឡើយ ស្រាប់តែធ្វើឱ្យឧកញ៉ារូបនោះ មួម៉ៅក្តៅចិត្តខឹងគ្មានស្រីកំដរ ក៏ស្រែកឡូឡា រករឿងខោកក្បាលនារីរងគ្រោះខាងលើ ដែលជាអ្នកបម្រើការក្នុងបន្ទប់ខារ៉ាអូខេ៦៦៦៦ និងថែមទាំងចាប់បោចសក់ទៀតផង ធ្វើឱ្យនារីរងគ្រោះរត់ចេញមកក្រៅបន្ទប់ស្រែកទ្រហោយំ បង្កឱ្យមានការភ្ញាក់ផ្អើលពេញខារ៉ាអូខេតែម្តង។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចខេត្តកំពង់ចាម និងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបាននាំខ្លួនលោកឧកញ៉ា វ៉ន ប៊ុនថៃ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបាននាំខ្លួនលោកឧកញ៉ាខាងលើមកសាកសួរ និងបានអញ្ជើញម្ចាស់ផ្ទះសំណាក់ និងខារ៉ាអូខេ យីហោវីឡា ព្រមទាំងនារីរងគ្រោះមកបំភ្លឺផងដែរ។ ដំណោះស្រាយចុងក្រោយ គឺភាគីរងគ្រោះមិនធ្វើការប្តឹងផ្តល់អ្វីឡើយ ដោយត្រឹមឱ្យឧកញ៉ា វ៉ន ប៊ុនថៃ ធ្វើការសុំទោសជនរងគ្រោះ បន្ទាប់មក សមត្ថកិច្ចបានអនុញ្ញាតលោកឧកញ៉ាថៃ ត្រឡប់ទៅផ្ទះវិញ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ា វ៉ន ប៊ុនថៃ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

RELATED ARTICLES