ស្រីស្អាតសុផា លីនដា ដែលត្រូវសង្សារចាស់ជាតារាចម្រៀងហង្សមាស នៅ ស៊ីនឿន យកថ្ងៃខួបកំណើតរបស់នាងទៅភ្ជាប់ពាក្យជាមួយសង្សារថ្មី អាណិកជនខ្មែរ មកពីកាណាដា នាង Dominique Som កាលពីថ្ងៃទី២៧ ខែធ្នូនោះ ពេលនេះ លីដា ដែលកំពុងខូចចិត្តសម្រក់ទឹកនេត្រាតែម្នាក់ឯង ព្យាយាមគេចមុខពីសង្សារចាស់ និងមិនព្រមរួមការងារសិល្បៈជាមួយគ្នាដូចមុនទៀតឡើយ។
អ្នករៀបចំប្រគំតន្រ្ដី បានឲ្យដឹងថាសុផា លីនដា កុំថាឡើយ ថតសម្អាងការជាមួយនៅ ស៊ីនឿន ជាឈុតកូនកំលោះក្រមុំដូចមុនទៀត ទោះជាកម្មវិធីនោះ ឲ្យតែលីនដា ដឹងថា មានស៊ីនឿន ទៅដែរ នាងបានលុបចោលមិនទៅក្បែរតែម្ដង។ ប៉ុន្ដែនៅពេលដែលមិត្តភក្ដិអ្នកសិល្បៈជិតស្និទ្ធចង់ជួយរំលែកទុក្ខសោកក្នុងបេះដូងនេះ គ្រប់ពេលលីនដា តែងឆ្លើយថា ”មិនអីទេ” ទៅវិញ ដែលមើលពីខាងក្រៅដូចជារឹងប៉ឹងខ្លាំងណាស់ តែពេលនៅម្នាក់ឯង លីនដា មានតែសម្រក់ទឹកភ្នែកដោយតូចចិត្ត។
សុផា លីនដា បានសាងស្នេហ៍ជាមួយនៅ ស៊ីនឿន ដែលអ្នកនៅក្នុងសិល្បៈ បានចាត់ទុកពួកគេថា ជាប្ដីប្រពន្ធទៀតផង ព្រោះទោះជាយប់អាធ្រាត្រយ៉ាងណា ក៏ពួកគេបណ្ដើរគ្នាយ៉ាងត្រសងដែរ។ ប៉ុន្ដែនៅឆ្នាំ២០១៨នេះ អំឡុងពេលដែលនៅ ស៊ីនឿន ចេញទៅច្រៀងសម្ដែងនៅប្រទេសកាណាដា ដើម្បីយកលុយមករៀបការជាមួយលីនដា នោះ តារាចម្រៀងហង្សមាសរូបនេះ បែរជាប្រែចិត្តសាវារកបានទាំងលុយ និងស្រីស្នេហ៍ថ្មី ហើយជ្រើសយកថ្ងៃខួបកំណើតលីនដា ធ្វើពិធីភ្ជាប់ពាក្យរបស់ខ្លួនទៅវិញ។
មហាជនជាច្រើនបានឲ្យតម្លៃទាបបំផុតចំពោះអត្តចរិតអ្នកចម្រៀងហង្សមាស នៅ ស៊ីនឿន ថា ដើម្បីលុយរូបគេ សុខចិត្តបំភ្លេចសង្សារកម្សត់កម្រជាមួយគ្នា ដោយគ្មានអាល័យ ហើយអ្នកដែលឱបទុក្ខស្នេហ៍តែម្នាក់ឯង គឺលីនដា ដែលប្រកាសត្រៀមរៀបការក្ដែងៗជាមួយអ្នកចម្រៀងហង្សមាស តែទីបំផុត ប្រុសស្នេហ៍ត្រៀមរៀបការជាមួយកូនក្រមុំ ជានារីអាណិកជនដែលមានទ្រព្យស្ដុកចោលលីនដា ទៅវិញ៕