តារាចម្រៀងផលិតកម្មភ្លេងរីខដ កញ្ញាលាង សុផាឡែន ដែលធ្លាប់រងភាពអាម៉ាសម្ដង កាលពីឆ្នាំមុន ព្រោះត្រូវប្រពន្ធតារាចម្រៀងធីអូ ចោទថា នាងដណ្ដើមប្ដីនោះ ធ្លាប់អះអាងថា មកពីនាងមិនដឹងតារាចម្រៀងរូបនេះមានប្រពន្ធហើយ ទើបសុខចិត្តភ្ជាប់ស្នេហ៍។ ប៉ុន្ដែទោះជាពេលនេះ សុផាឡែន ដឹងថា សង្សាររបស់នាងមានប្រពន្ធរួចទៅហើយ ក៏តារាចម្រៀងរូបនេះនៅតែបង្ហាញភាពស្និទ្ធស្នាលជាមួយតារាចម្រៀងដែលធ្លាប់ជាអ្នកកាសែតនេះដដែល។
អ្វីដែលគួររឲ្យចាប់អារម្មណ៍ថែមទៀតនោះ សុផាឡែន ក៏ត្រៀមដឹកដៃលោកធីអូ ចេញទៅច្រៀងសម្ដែងនៅអាមេរិក រយៈពេល៣ខែផងដែរ នាពេលខាងមុខនេះ ដែលធ្វើឲ្យមានការលើកឡើងថា ការរួមដំណើរតែ២នាក់នេះ អាចធ្វើឲ្យពួកគេមានឱកាសសាសង និងបញ្ឆេះភ្លើងស្នេហ៍ចាស់ឲ្យឆាបឆេះឡើងវិញជាមិនខានឡើយ ខណៈដែលភរិយាតារាចម្រៀងរូបនេះ ក៏មិនបានប្រចណ្ឌប្ដីជាមួយសុផាឡែន ដូចមុនទៀតដែរ។
លាង សុផាឡែន អតីតតារាចម្រៀង M និង BIGMAN លោតចូលផលិតកម្មភ្លេងរីខដ ធ្លាប់ល្បីបទ ”បេះដូង១០០” ហើយទឹកដមសំឡេងអ្នកចម្រៀងរូបនេះ ត្រូវបានគេគិតថា នាងអាចមានអនាគតល្អជាមួយហង្សមាស ទៀតផង។ ប៉ុន្ដែល្បីបានតែ១បទ សុផាឡែន ក៏ស្ងប់ស្ងាត់ទៅវិញ ព្រោះហង្សមាស ពេញចិត្តតែឱក សុគន្ធកញ្ញា និងរ៉េត ស៊ូហ្សាណា ហេតុនេះហើយបានជាធ្វើឲ្យសុផាឡែន នៅទ្រឹងថ្កល់។
ទោះជាយ៉ាងណា សុផាឡែន ក៏ត្រូវបានផលិតកម្មថោន ព្យាយាមអូសទាញនាងឲ្យទៅចូលរួមជាសមាជិករបស់ខ្លួនដែរតែជម្រើសចុងក្រោយ គឺសុផាឡែន សុខចិត្តបន្ដកុងត្រារយៈពេល៥ឆ្នាំបន្ថែមទៀត ដោយផ្ញើខ្លួនជាមួយហង្សមាស ព្រោះនាងយល់ថា ទ្រនំនេះមាន Concert ច្រើន ឲ្យនាងចេញច្រៀងជារៀងរាល់ឆ្នាំ ទើបមិនដាចចិត្តហើរចេញ៕