ស៊ឹម សូលិកា ដែលថ្មីៗនេះបានណាត់ប្ដីចាស់ លោកសៅ ភីរៈ ផឹកស៊ីជាមួយសង្សារថ្មីរបស់នាង លោកអេង រិទ្ធី នោះ ស្រាប់តែបានបណ្ដើរគូស្នេហ៍ថ្មីទៅស៊ីការអតីតប្ដី ដល់ខេត្តបន្ទាយមានជ័យ។
ស៊ឹម សូលិកា ក្រៅពីកាន់ដៃលោកអេង រិទ្ធី ទៅចងដៃអតីតប្ដីនោះ នាងក៏នាំកូនស្រីកញ្ញាសុកាន់ ភីរៈណុច អាយុ១៨ឆ្នាំ ដែលជាតំណក់ឈាមប្ដីមុននេះ ទៅចងដៃឪពុករបស់គេផងដែរ ហើយអ្វីដែលប្លែកនោះ លោករិទ្ធី និងលោកភីរៈ រាប់អានគ្នាដូចជាពួកម៉ាកអីចឹង ហើយសូលិកា បានទាំងជូនពរប្ដីចាស់ឲ្យមានសចក្ដីសុខជាមួយប្រពន្ធថ្មីទៀតផង។
តាមព័ត៌មានបានឲ្យដឹងថា ទោះជាស៊ឹម សូលិកា និងលោកភីរៈ បានលែងលះគ្នាជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្ដែពួកគេនៅតែរាបអានគ្នាធម្មតា ហើយលោកភីរៈ មកលេងកូនស្រីចេញចូលផ្ទះសូលិកា ដូចក្រុមគ្រួសារតែមួយដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ នៅពេលសូលិកា បាននាំសង្សារថ្មីជិះឡានរាប់រយគីឡូទៅការប្ដីនេះ លោកភីរៈ ក៏សន្យាថា នឹងដឹកដៃប្រពន្ធថ្មីមករៀបការសូលិកា ជាមួយអេង រិទ្ធី វិញនាពេលខាងមុខនេះផងដែរ ដើម្បីជូនពរគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា ស៊ឹម សូលិកា ក្រោយចែកផ្លូវគ្នាជាមួយលោកភីរៈ ក៏បានទៅភ្ជាប់ស្នេហាជាមួយលោកទិត ថាវរិទ្ធ អតីតនាយករងទូរទស្សន៍បាយ័ន ដោយរួមរស់ជាមួយគ្នាជាង៥ឆ្នាំ ក៏ប្រេះឆាស្នេហ៍ ព្រោះក្រុមគ្រួសារលោកថាវរិទ្ធ មិនព្រមទទួលស្គាល់សូលិកា ជាសមាជិក។ ដោយក្ដៅចិត្ត សូលិកា ក៏បានភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅលោកថាវរិទ្ធ ប៉ុន្ដែអ្នកខ្លះថា ចំណងស្នេហ៍នេះគ្រាន់តែជាល្ខោនដែលសូលិកា សម្ដែងដើម្បីឲ្យលោកថាវរិទ្ធ ឈឺចាប់ប៉ុណ្ណោះ ព្រោះសូលិកា មានប្រុសផ្សេងនៅក្រោយខ្នង។ ដោយឡែក លោកទិត ថាវរិទ្ធ វិញ ក៏មិននៅស្ងៀមទ្រឹងឈរមើលអតីតសង្សារបញ្ឈឺចិត្តឡើយ គឺលោកបានភ្ជាប់ស្នេហ៍ថ្មីជាមួយស្រីក្មេងនៅ សុនិតា និងថែមទាំងបានទិញវីឡាទ្រនំស្នេហ៍ក្បែរវីឡាសូលិកា និងលោកអេង រិទ្ធី ទៀត នៅបុរីប៉េង ហួត បឹងស្នោរ ទើបធ្វើឲ្យគូស្នេហ៍២គូនេះ មានភាពចម្រូងចម្រាស់ និងកាច់កុងគ្នាកាន់តែខ្លាំង៕