Wednesday, November 20, 2024
Homeតារាខ្មែរមាស សុខសោភា រឹតចំណងស្នេហ៍មុនថ្ងៃរៀបការចូលមកដល់

មាស សុខសោភា រឹតចំណងស្នេហ៍មុនថ្ងៃរៀបការចូលមកដល់

មាស សុខសោភា ទើបតែឡង់សេប្ដីអាណីកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា តាមរយៈការថត MV ជាមួយបុរសដែលមានជំនាញខាងពេទ្យនេះ បទ ”Every Where Together” ដែលមានការថតនៅ៣ប្រទេស គឺអាឡឺម៉ង់ បារាំង និងកាដាណា ធ្វើឲ្យគូស្នេហ៍តារាជាច្រើនបានច្រណែនពួកគេថា ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ហើយសោភា ដែលធ្លាប់តែបណ្ដើរស្វាមីភ្នែកនៅកញ្ចឹងកនោះ ប្រែប្រួល១៨០ដឺក្រេ ទៅជាយកស្វាមីមកថតខារ៉ាអូខេទៅវិញ។

ក្រៅពីបង្ហាញភាពផ្អែមល្ហែមនៅក្រៅស្រុកនេះ មាស សុខសោភា ថ្មីៗនេះ ក៏នាំប្ដីទៅដើរកម្សាន្ដនៅរមណីយដ្ឋាន Mafiya នៅខេត្តព្រះសីហនុ ក្រុងកំពង់សោម ផងដែរ ។

រូបភាពដែលមាស សុខសោភា បង្ហាញពីភាពស្អិតល្មួតជាមួយលោកអ៊ឹត រ៉ាដា នោះ បញ្ជាក់ថា ពួកគេចិត្តមួយថ្លើមមួយទៅហើយ គឺមិនចាញ់គូស្នេហ៍ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស ឡើយ។

ទោះជាយ៉ាងណា ការបង្ហាញភាពផ្អែមល្ហែមរបស់មាស សុខសោភា និងស្វាមី នៅពេលនេះ មិនមែនជាកាចៃដន្យឡើយ តែវាជាការដល់ពេលវេលាដែលពួកគេជិតដល់ថ្ងៃរៀបការតាមប្រពៃណីខ្មែរ ទើបសម្រេចចិត្តសាងអនុស្សារីយ៍ស្នេហ៍ឲ្យបានកាន់តែច្រើនទុកជាមុនសិន។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងអាចរៀបការចន្លោះពី២ទៅ៣ឆ្នាំទៀត នាពេលខាងមុខនេះ បន្ទាប់ពីនាងនិងលោករ៉ាដា បានរួមរស់ក្រោមដំបូលជាមួយគ្នាដូចប្ដីប្រពន្ធ រយៈពេល១១ឆ្នាំទៅហើយនោះ។ ប៉ុន្ដែការអះអាងរបស់មាស សុខសោភា អាចនឹងមានការប្រែប្រួលគ្រប់ពេលទាំងអស់ ព្រោះគេជឿថា បើដៃគូចម្រៀងដែលប្រជែងយ៉ាងស្វិតស្វាញរបស់នាង គឺឱក សុគន្ធកញ្ញា រៀបការពេលណានោះ ច្បាស់ជាសោភា ត្រូវរៀបការនៅពេលនោះដែរជាមិនខានឡើយ ព្រោះថា បើល្បីគឺល្បីទាំងអស់គ្នា តែបើធ្លាក់ចុះ គឺប្រឈមទាំងអស់គ្នាផងដែរ។

មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយនៅឆ្នាំ២០០៨ រូបភាពស្នេហាស្រើបស្រាលរបស់នាង ត្រូវបានបែកធ្លាយផ្អើលពេញផ្ទៃប្រទេស។

ទោះជាយ៉ាងណា ភ្លាមៗនោះ មាស សុខសោភា បានចេញមកអះអាងថា នាងនិងនាំបុរសកំពូលស្នេហ៍ចូលរោងការ មិនឲ្យលើសពីឆ្នាំ២០០៩ឡើយ។ សោភា ថែមទាំងដឹកដៃលោករ៉ាដា ទៅថតរូប Pre Wedding​ទៀតផង ខណៈដែលសំបុត្រការត្រូវបានរៀបចំរួចរាល់អស់ហើយ។ ប៉ុន្ដែភ្លាមៗនោះ មាស សុខសោភា បានលុបចោលមង្គលការនោះយ៉ាងទាន់ហន់វិញ ក្រោយពីមិត្តភក្ដិរបស់នាងបានឲ្យយោបល់ថា បើហ៊ានតែរៀបការចំហរ នឹងធ្លាក់ចុះខ្សោយវិញនោះ។ សោភា បានប្រែកម្មវិធីមង្គលការទៅជាធ្វើពិធីជប់លៀងជាមួយប្ដី នៅក្រុងកំពង់សោម ។

មាស សុខសោភា បានលើកហេតុផលថា នាងមានរៀបការជាមួយប្ដីម្ដងរួចទៅហើយ កាលពីឆ្នាំ២០០៨ ដោយគ្រាន់តែបំពាក់ចិញ្ជៀនឲ្យគ្នា នៅព្រះវិហារមួយ នៅកាណាដា តាមបែបសាសនាគ្រិស្ត។ ចាប់តាំងពីរំសាយមង្គលការចោលជិត១០ឆ្នាំនេះមក សោភា លែងហ៊ានកំណត់ពេលវេលាជាក់លាក់ក្នុងការរៀបការទៀតហើយ។ ប៉ុន្ដែតាមរយៈការបង្អួតភាពស្អិតល្មួតជាមួយប្ដីកាន់តែខ្លាំង ទាំងនៅក្នុងនិងក្រៅស្រុក នៅពេលនេះ បញ្ជាក់ថា សោភា ជិតដល់វេលាគ្រងឈុតកូនក្រមុំមែនទែនហើយ៕

RELATED ARTICLES