តារាចម្រៀងធា រ៉ានី ដែលត្រូវគេស្គាល់ថា ជាម្ចាស់បទ ”អូនដឹង” គ្រាន់តែចេញជា Audio មានអ្នកចូលស្សនាជាង៤លាននោះ នៅទីបំផុត រ៉ានី បានយកបទមនោសញ្ចេតនា១បទនេះ ថតជា MV ដូចបំណងហើយ។
អ្នកចម្រៀងសំនៀងស្រទន់ ធា រ៉ានី បានឲ្យដឹងថា នាងមិនហ៊ានរំពឹងទុកជាមុនថា បទចម្រៀងរបស់នាងពេលចេញជា MV នោះ មានអ្នកទស្សនាច្រើនដូចកាលចេញជា Audio នោះទេ តែតាមរយៈការជ្រើសរើសតួសម្ដែង និងក្រុមការងារដឹកនាំសម្ដែងបទនេះ ធ្វើឲ្យនាងពេញចិត្តខ្លាំង។
រ៉ានី បានវាចាថា ”ខ្ញុំចំណាយលុយខ្ទង់៥០០ដុល្លារ ក្នុងការផលិតបទ ”អូនដឹង” នេះ ជា MV បទនេះបានចេញជាផ្លូវការហើយ។ ប៉ុន្ដែខ្ញុំមិនហ៊ាននិយាយទុកមុនថា នឹងមានការគាំទ្រច្រើនដូចកាលចេញជា Audio នោះទេ គ្រាន់តែដឹងថា បទនេះមានយុវវ័យស្គាល់ច្រើន។ ចំពោះការជ្រើសរើសតួសម្ដែងវិញ ខ្ញុំគិតថា តួប្រុស លោកស៊ីណាវ៉ាត់ត្រា និងកញ្ញាខ្លឹម ស្រីគា រួមទាំងតារាសម្ដែងជាច្រើនទៀត គាត់លេងស៊ីចង្វាក់គ្នាបានល្អណាស់”។
ធា រ៉ានី អាយុ២៥ឆ្នាំ មកពីខេត្តស្វាយរៀង បានប្រឡូកអាជីពចម្រៀងរយៈពេល៧ឆ្នាំមកហើយ នឹងធ្លាប់ចេញបទចម្រៀងជាច្រើនផងដែរ មុនចេញបទ ”អូនដឹង” ដែលនាងរំពឹងថា អាចកែប្រែមុខមាត់ថ្មីជាការពង្រីកទីផ្សារចម្រៀងរបស់នាង ឲ្យទូលាយជាងពេលនេះ។ ប៉ុន្ដែរ៉ានី បង្ហាញអារម្មណ៍ពិតថា ទោះជាទឹកដមសំឡេងរបស់នាង ស៊ីទៅនឹងបទស្លូវមនោសញ្ចេតនាច្រើនមែន តែអារម្មណ៍ពេលនេះ នាងចង់ច្រៀងបទបែបបែកស្លុយវិញម្ដង នៅឆ្នាំ២០១៩នេះ ហើយនាងកំពុងតែរៀបចំឲ្យអ្នកជំនាញភ្លេង និងអ្នកសរសេរប៉ារ៉ូលល្អ ដើម្បីយកគុណភាពជាងបរិមាណ។
ធា រ៉ានី មិនដែលលាតត្រដាងរឿងស្នេហាឡើយ ដោយសារនាងថា ចង់ពង្រឹងអាជីពចម្រៀងឲ្យរលូនទៅមុខ ជាងនិយាយរឿងស្នេហា ហើយក្នុងពេលឆាប់ៗនេះ នាងនឹងចេញឡើងច្រៀងតាមបណ្ដាប៉ុស្ដិ៍ទូរទស្សន៍ផ្សេងៗ ព្រមគ្នានឹងមានគម្រោងចង់ចេញទៅចម្រៀងសម្ដែងនៅក្រៅស្រុកផងដែរ បន្ទាប់ពីអាកខានចេញទៅច្រៀងនៅប៉ែកអឺរ៉ុប កាលពីឆ្នាំមុនម្ដង ព្រោះជាប់រវល់ក្នុងស្រុក៕