តារាចម្រៀងមិនសូវចេះសំចៃមាត់ អ្នកនាងម៉ៅ ស៊ីណាត បានទទួលស្គាល់ថា ពិតជាបានទៅកែម្រស់ផ្ទៃមុខ នៅហាងឌែម៉ូគ្លីនិក របស់អ្នកស្រីហូវ ដាណេ មែន ប៉ុន្ដែចំពោះតម្លៃដែលគេថា អ្នកនាងធ្វើអស់២ម៉ឺនដុល្លារនោះ អ្នកនាងសូមមិននិយាយតួលេខនោះឡើយ។
ការថ្លែងរបស់អ្នកនាងម៉ៅ ស៊ីណាត នៅពេលនេះ ក្នុងបទសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មាន ”នគរធំ” កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
អ្នកនាងម៉ៅ ស៊ីណាត អះអាងថា ”ខ្ញុំបានទទួលស្គាល់ថា ពិតជាបានទៅកែសម្រស់នៅហាងឌែម៉ូគ្លីនិក មែន តែយូរហើយ តាំងពី៥ឆ្នាំមុនម្ល៉េះ។ ខ្ញុំសូមមិននិយាយថា កែហ្នឹងអស់លុយប៉ុន្មានទេ គឺត្រង់ហ្នឹង ខ្ញុំអត់និយាយទេ។ ប៉ុន្ដែអ្វីដែលខ្ញុំអន់ចិត្តចំពោះសារព័ត៌មានចុះផ្សាយ គឺថា ខ្ញុំហ្នឹងទៅកែមុខដើម្បីផ្គាប់ចិត្តប្រុសក្មេង ខ្ញុំឆ្ងល់ថា ហេតុអីគេចាំបាច់ចុះអាក្រក់អាក្រីអីដល់ម្លឹង? ខ្ញុំឯណាទៅកែសម្រស់ដើម្បីប្រុសក្មេងហ្នឹង? ផ្ដេសផ្ដាសពេកហើយ ខ្ញុំច្រានចោលត្រង់ហ្នឹងមួយ”។
តាមព័ត៌មានបានឲ្យដឹងថា ក្រោយកែសម្រស់ផ្ទៃមុខ ហើយអ្ននាងម៉ៅ ស៊ីណាត មានការអាក់អន់ចិត្តជាមួយថៅកែហាងសម្រស់ឌែម៉ូគ្លីនិកព្រោះតែកែអស់លុយច្រើន ហើយមិនបានស្អាតដូចចិត្ត ទើបធ្វើឲ្យអ្នកនាងស៊ីណាត និងអ្នកស្រីហូវ ដាណេ មិនត្រូវគ្នាឡើយ។
ជាក់ស្ដែង នៅពេលដែលថៅកែហាងឌែម៉ូគ្លីនិក រូបនេះ ត្រូវប៉ូលិសចាប់ខ្លួនរឿងគំរាមទារលុយជាថ្នូរនឹងការមិនបង្ហោះរូបអាក្រាតនោះ អ្នកនាងស៊ីណាត បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ”កម្មពៀរ ពិតជាមានមែន” ទៀតផង។
អ្នកនាងស៊ីណាត បន្ថែមថា ”ខ្ញុំនិងអ្នកស្រីដាណេ ពិតជាអន់ចិត្តគ្នាមែន ក្រោយខ្ញុំទៅកែសម្រស់នៅហាងគាត់ហ្នឹង។ ប៉ុន្ដែមិនដល់ថ្នាក់មានគំនុំគ្នា មើលមុខគ្នាមិនចំអីទេ គឺនៅតែនិយាយស្ដីរកគ្នាធម្មតាអីចឹង។ ចំពោះសារដែលខ្ញុំសរសេរថា ”កម្មពៀរ ពិតជាមានមែន” ហ្នឹង ខ្ញុំទទួលស្គាល់ថា ខ្ញុំជាអ្នកសរសេរមែន តែមិនមែនសំដៅលើគាត់ (ដាណេ) ធ្វើមកលើខ្ញុំទេ គែគាត់ធ្វើលើអ្នកប្ដឹងគាត់ហ្នុង”។
អ្នកនាងម៉ៅ ស៊ីណាត បានប្រាប់ដែរថា ក្រោយបែកបាក់ពីអតីតស្វាមីជាមេធាវីល្បីឈ្មោះម្នាក់មក ពេលនេះស្ថានភាពជីវភាពរបស់អ្នកនាង មានការធ្លាក់ចុះជាងមុនបន្ដិច តែអ្នកនាងនៅមានផ្ទះនៅ និងរថយន្ដជិះដូចគេដែរ។
ដោយឡែក ទាក់ទងអាជីពចម្រៀងវិញ អ្នកនាងទៅច្រៀងនៅពេលរាត្រីនៅហាង “ពិភពរាត្រីថ្មី” ទល់មុខស្ថានទូតចិន ជាមួយតារាចម្រៀងអែនឌី, ប៊ុត សីហា , ឈឿន ឧត្តម, សុះ ម៉ាច , វង្ស តារារតនា ,ស៊ិន ឧត្តមផល្លា ជាដើម ព្រោះអ្នកនាងនៅតែស្រលាញ់អាជីពចម្រៀងដែលមានដុងពីធម្មជាតិ និងមិនអាចដេកចាំចាយលុយ ដោយមិនធ្វើការឡើយ។
ចំពោះចំណងស្នេហាជាមួយស្វាមីក្មេងវិញ អ្នកនាងស៊ីណាត បញ្ជាក់ថា ក្រោយពេលបែកបាក់គ្នាមួយរយៈ ហើយអតីតប្ដីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវអ្នកនាងទៅសួរសុខទុក្ខ និងមើលថែនោះ នៅទីបំផុត ចំណងស្នេហារបស់អ្នកនាងនិងស្វាមី ក៏បានឈានមករកការផ្សះផ្សាជាថ្មីវិញ ហើយពេលនេះ ចាប់ដៃគ្នាទទួលបានចំណងដៃកូនស្រីម្នាក់ អាយុ១ឆ្នាំ៨ខែទៅហើយ៕