លី ម៉ារីណា បានរស់នៅបែកប្ដីច្រើនជាងការជួបជុំគ្នា ព្រោះលោកសាត ចាន់ថន ជាប់រកស៊ីនៅសហរដ្ឋអាមេរិក រកស៊ីនាំយកអីវ៉ាន់មកស្រុកខ្មែរ ទើបធ្វើឲ្យជីវិតប្ដីប្រពន្ធអស់បាត់អស់ភាពផ្អែមល្ហែម។ ប៉ុន្ដែនៅពេលនេះ លោកចាន់ថន បានវិលមកថ្នាក់ថ្នមកាយាភរិយាសាច់សខ្ចី ម៉ារីណា វិញ ហើយដែលការមកស្រុកខ្មែរ លើកនេះ អាណិកជនខ្មែរ រស់នៅអាមេរិក រាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែមរូបនេះ ហាក់មិនចង់ទៅណាឆ្ងាយពីភរិយាឡើយ ព្រោះតែមុននេះ មានដំណឹងថា មានមន្រ្ដីធំៗជាច្រើនតាមឆ្វែលស្នេហ៍ភរិយារបស់លោក ទើបធ្វើឲ្យលោកចាន់ថន មិនដាច់ចិត្តទៅចោលប្រពន្ធ ព្រោះខ្លាចប្រុសៗសម្បូរទ្រព្យឆក់ប្រពន្ធទៅបាត់។
ទោះជាយ៉ាងណា លី ម៉ារីណាធ្លាប់អះអាងថា នាងពិតជាមានអ្នកធំៗតាមស្រលាញ់ច្រើនមែន តែបុរសដែលនាងផ្ញើប្រាណ គឺមានតែស្វាមីម្នាក់ប៉ុណ្ណោះ បើទោះជាគាត់គ្មានទ្រព្យច្រើន ហ៊ឺហាដូចគេមែន តែលោកចាន់ថន ផ្ដល់នូវសុភមង្គលដល់នាងយ៉ាងពិតប្រាកដ។
លី ម៉ារីណា បានធ្លាក់ខ្លួនមេម៉ាយ ក្រោយលែងលះជាមួយអតីតនាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ ដោយចម្រូងចម្រាស។
អ្នកមេម៉ាយសាច់សខ្ចីទ្រលុកទ្រលន់ ម៉ារីណា បានសម្រេចចិត្តរៀបការជាមួយលោកសាត ចាន់ថន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ចំពេលដែលដំណឹងស្នេហ៍ដែលលេចឮថា ម៉ារីណា ត្រូវបានលោកផ្កាយ៣ម្នាក់ តាមស្នេហ៍ ហើយត្រូវប្រពន្ធគេព្រមាន ល្បីរន្ទឺពេញផ្ទៃប្រទេស។
យ៉ាងណា ចំណងស្នេហ៍ឆ្លងទ្វីប ពេលនេះ ម៉ារីណា ទទួលបានចំណងដៃកូនប្រុសម្នាក់ ឈ្មោះសាត ថៃសាន់ អាយុជាង៣ឆ្នាំ ហើយនាងនិងស្វាមី មានគម្រោងយកកូនស្រីម្នាក់ទៀត តែពេលនេះបានលុបចោលវិញ ដោយនាងអះអាងថា ជាប់រវល់ទាំងការងារសិល្បៈ និងរកស៊ី មិនអាចពពោះបានឡើយ។
ម៉ារីណា ឆក់បានតំណែងតួសំខាន់ក្នុងរឿង ”កូនពស់កេងកង” និងរឿង ”រាជិនីភូមិគ្រឹះ” ហើយពេលនេះកំពុងសម្ងំថតរឿង ”ភរិយាឆ្នាំ២០១៩” របស់ហង្សមាស។
តារាកូន១រូបនេះ ត្រូវបានគេស្ញប់ស្ញែងផងដែរ តាមរយៈការទិញរថយន្ដទំនើប Lexus LX 570 តម្លៃជិត២០ម៉ឺនដុល្លារ ដោយជិះយ៉ាងកាលីព មិនចាញ់ជំទាវឡើយ៕