ព្រះកាយ ច័ន្ទ និងលោកសូឆានី បានលេចមុខក្នុងពិធីក្រុងពលី រឿង ”ពិសស្នេហ៍” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នៅសណ្ឋាគាសូហ្វីតែល ភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ដោយមានតារាកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន បានចូលរួមផងដែរ។
ព្រះកាយ ច័ន្ទ ដែលតែងខ្លួនជានារីរបាំសម័យបុរាណនោះ បានផាត់មុខជ្រុល កកម្សៅឡើងពេញមុខ ធ្វើឲ្យតារាសម្ដែងរួមអាជីពមានការភ្ញាក់ផ្អើលខ្លាំង សូម្បីតែរូបនាងផ្ទាល់ក៏មានអារម្មណ៍ថា ខ្លាចខ្លួនឯងដែរ។
ស្រីស្រអែមស្រស់រូបនេះ បានឲ្យដឹងថា នៅក្នុងរឿង ”ពិសស្នេហ៍” នោះ នាងជាតួឯកសម្ដែងជានារី (ស្ងួនម) របាំសម័យបុរាណ ជាមនុស្សដែលមានចិត្តស្រលាញ់ស្មោះត្រង់ចំពោះផែនដី និងស្វាមី គឺជាព្រះជ័យជេស្ដា។ ដោយសារតែការស្រលាញ់ផែនដី និងភាពស្មោះត្រង់ចំពោះផែនដី ធ្វើឲ្យព្រះជ័យជេស្ដា សម្រេចចិត្តជ្រើសរើសយករូបនាងជាអ្នកចាំទ្រព្យសមត្តិផែនដី ដោយសម្លាប់កាត់កនាង ដើម្បីឲ្យវិញ្ញាណរបស់នាងនៅចាំទ្រព្យផែនដី។
ចំណែកលោកសូឆានី បានឲ្យដឹងដែរថា ក្នុងរឿង ”ពិសស្នេហ៍” នេះ លោកសម្ដែងជាតួព្រះជ័យ (ជេស្ដា) ជាមេទ័ព លះបង់ខ្លួនដើម្បីទឹកដី មិនខ្លាចគ្រោះថ្នាក់ផ្សេងៗឡើយ។
លោកឆាន្នី បន្ថែមថា រឿងនេះលោកជាមេទ័ពម្នាក់ ប៉ិនប្រសព្វក្នុងការប្រើដាវជាស្វាមីរបស់រាជនី នៅក្នុងសម័យបុរាណ ជាអ្នកសម្លាប់កាត់ក្បាលរាជនី…។
លោកឆាន្នី បន្ថែមទៀតថា កន្លងមកនេះ លោកធ្លាប់ប៉ះព្រះកាយ ច័ន្ទ តាមរយៈរឿង ”ជញ្ជីងជីវិត” និងរឿង ”ទណ្ឌកម្មស្នេហ៍” ហេតុនេះហើយបានជាការជួបគ្នាលើកទី៣នេះ ហាក់គ្មានអ្វីត្រូវញញើតគ្នាក្នុងការសម្ដែងជាដៃគូឡើយ។
ក្រៅពីព្រះកាយ ច័ន្ទ និងលោកសូ ឆាន្នី ជាតួឯកប្រុសស្រីនោះ រឿង ”ពិសស្នេហ៍” មានតារាល្បីៗជាច្រើនដួងទៀត ចូលរួមសម្ដែង ដូចជា ទឹម រដ្ឋា , ញឹម ចាន់ថន , លឹម រដ្ឋា, ជា សំណាង , ហេង ណារី , បូរី ចិត្ត និងសុខ ដែន ជាដើម។
លោកស៊ិន សុផាត ប្រធានគណៈកម្មាការត្រួតពិនិត្យកម្មវិធីរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា រឿង ”ពិសស្នេហ៍” នេះ មាន៣០ទៅ៣៥ភាគ ហើយចេញថតចាប់ពីថ្ងៃទី១៥ ខែមករា ដែលមានរយៈពេល៣ទៅ៣ខែកន្លះ។ ចំពោះទីតាំងថតរឿងនេះ គឺនៅខេត្តបាត់ដំបង, សៀមរាប និងភ្នំពេញ ហើយវាជារឿងសម័យ៥០% និងបុរាណ៥០% ដែលមាន២ជាតិ គឺតាំងពីសម័យឧដុង្គ និងលង្វែក ហើយសជាតិមកជារឿងសម័យ ក្លាយទៅជាស្នេហាពិសពុល។ ចំពោះការអប់រំវិញ គឺរឿងនេះបង្ហាញកុំឲ្យមនុស្សមានការឈ្នានីសគ្នា ច្រណែនគ្នា និងកុំឲ្យមានការកេងប្រវ័ញ្ចគ្នា។ នេះក៏ជារឿងរបស់ភាពយន្ដថៃ ដែលយើងបានយកមកកែច្នៃឲ្យទៅជារឿងខ្មែរ ហើយរឿងតួសម្ដែងវិញ កញ្ញាព្រះកាយ ច័ន្ទ និងលោកឆាន្នី ការសម្ដែងរឿងមុនៗ ពួកគេលេងបានល្អ ណែនាំអ្វីឆាប់ចាប់បាន និងគោរពពេលវេលាបានល្អ។ រឿង ”ពិសស្នេហ៍” នឹងដាក់បញ្ចាំងនៅឆ្នាំ២០១៩ នេះតែម្ដង ហើយជារឿងភាគខ្មែរទី១៧ហើយ ដែលទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានផលិតឡើង។
អ្នកដឹកនាំរឿងរូបនេះ បានឲ្យដឹងថា “ព្រះកាយ ច័ន្ទ បានក្រោកតែងខ្លួនជានារីរបាំនោះ តាំងពីម៉ោង៥ព្រឹក ហើយនៅពេលផាត់មុខទៅកកម្សៅជ្រុល ធ្វើឲ្យតួប្រុសឆាន្នី រាងផ្អើលៗ មិនចង់នៅជិត ឬប៉ះពាល់នាងឡើយ ដែលមើលទៅប្រាកដជាច្រឡំថា ព្រះកាយ ច័ន្ទ ជាខ្មោចឆៅជាមិនខាន៕