រូបថតមួយសន្លឹកដែលអ្នកនាងស៊ឹម សូលិកា ស្លៀករ៉ូបវៀលក្លៀកខ្លីត្រឹមជង្គង់ ហើយត្រូវបានគូស្នេហ៍ថ្មីលោកអេង រិទ្ធី យកដៃឆ្វេងទៅស្ទាបពោះដោយថ្នមៗនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេម្នាក់ៗបានលើកជាសំណួរថា តើសូលិកា កំពុងតែមានផ្ទៃពោះជាមួយគូស្នេហ៍ថ្មី លោកអេង រិទ្ធី ?
អ្នកខ្លះទៀតបានជូនពរអ្នកនាងសូលិកា ថា អបអរសាទរពិធីការិនីល្បីឈ្មោះរបស់បាយ័ន ជិតបានកូនទី២ហើយ និងខ្លះទៀត បានសរសើរលោកអេង រិទ្ធី ថា ពិតជាខ្លាំង អស្ចារ្យណាស់ទៀតផង។ ទោះជាយ៉ាងណា អ្នកនាងស៊ឹម សូលិកា និងលោកអេង រិទ្ធី មិន បានចេញមកតបចំពោះសំណួរ ដែលមហាជនកំពុងតែចង់ដឹងទាំងនោះឡើយ។
អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅ អ្នកនាងស៊ឹម សូលិកា កាលពីថ្ងៃទី១៦ ខែមករា តែទូរស័ព្ទចូលគ្មានអ្នកលើកឡើយ ទើបមិនអាចសុំការបំភ្លឺរឿងដែលគេកំពុងតែសង្ស័យថា អ្នកនាងកំពុងពពោះកូនទី២ ជាមួយសង្សារថ្មីឡើយ។
ឥប្រភពបានឱ្យដឹងថា ស៊ឹម សូលិកា ក្រៅពីធ្វើឱ្យមហាជននិងអ្នកសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំង ព្រោះពួកគេសង្ស័យថា ពិធីការិនីល្បីឈ្មោះរូបនេះមានផ្ទៃពោះជាមួយលោកអេង រិទ្ធី នោះ អតីតសង្សាររបស់អ្នកនាងសូលិកា គឺពោះម៉ាយទិត ថាវរិទ្ធ អតីតនាយករងទូរទស្សន៍បាយ័ន នោះ ក៏ស្រឡាំងកាំងមិនតិចដែរ ព្រោះតារាជាច្រើនដែលស្គាល់លោក សុទ្ធតែបានជូនដំណឹងនេះទៅលោកថាវរិទ្ធ ទើបធ្វើឱ្យអតីតប្តីអ្នកនាងលី ម៉ារីណា រូបនេះ កាន់តែមានអារម្មណ៍ច្របូកច្របល់ក្នុងចិត្ត ទោះជាពេលនេះ លោករកបានសង្សារថ្មីស្រីស្អាតវ័យក្មេង នៅ សុនិតា ស្អំរបួសបេះដូងហើយក៏ដោយ។
គួរបញ្ជាក់ថា ការដែលអ្នកនាងស៊ឹម សូលីកិា បញ្ចោញរូបថតនាំឱ្យគេគ្រប់គ្នាសង្ស័យថា អ្នកនាងកំពុងមានគភ៌នេះ បន្ទាប់ពីមុននេះ អតីតស្វាមីសូលិកា លោកភីរៈ បានរៀបការប្រពន្ធថ្មីនៅខេត្តបន្ទាយមានជ័យ បាត់ទៅហើយ។ ប៉ុន្តែអ្នកនាងសូលិកា មិនមានអារម្មណ៍ខូចចិត្តទេ គឺថែមទាំងបានដឹកដៃលោកអេង រិទ្ធី និងកូនស្រីលោកភីរៈ កញ្ញាសុកានភីរៈ ណុច ដែលមានអាយុ១៩ឆ្នាំនោះ ទៅចូលរួមអបអរសាទរស្វាមីចាស់របស់អ្នកនាងទៀតផង ដែលធ្វើឱ្យ មហាជនជាច្រើនបានកោតសរសើរចំពោះទង្វើរបស់សូលិកា គ្រប់គ្នាថា ទោះជាអ្នកនាងនិងលោកភីរៈ លែងលះគ្នាមែន តែមិនបានចងគំនុំ ឬក្លាយជាគូបដិបក្សគ្នាឡើយ គឺពួកគេនៅតែរាប់អានគ្នាធម្មតា។
ប៉ុន្តែក្រោយពីទៅកួចដៃប្តីមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ សូលិកា បានធ្វើឱ្យគេផ្អើលគ្រប់គ្នាថា ពេលនេះ អ្នកនាងមានកូនលើកដំបូងជាមួយលោកអេង រិទ្ធី ទៀត ដែលធ្វើឱ្យអ្នកតាមដានរឿងនេះខ្លាំងជាងគេ គឺលោកទិត ថាវរិទ្ធ ដែលទើបឡើងឋានៈធំក្លាយទៅជាឯកឧត្តម កាលពីពេលថ្មីៗនេះ។
ស៊ឹម សូលិកា ត្រូវបានគេចាត់ទុកថាជាតារាមានមន្តស្នេហ៍មិនធម្មតាម្នាក់ ព្រោះក្រោយពេលលែងប្តីលោកភីរៈ អ្នកនាងត្រូវបានប៉ះស្នេហ៍ដ៏រសើបជាមួយលោកឧកញ៉ាល្បីឈ្មោះម្នាក់ និងជាមួយតារាសម្តែងស៊ុក សុភា, អតីត នាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ និងពេលនេះកំពុងផ្អែមល្ហែមស្នេហ៍ជាមួយពោះម៉ាយអេង រិទ្ធី ដោយសកម្មភាពអ្នកទាំង២ មិនខុសពីប្តីប្រពន្ធថ្មោងថ្មីទើបរៀបការហើយឡើយ។ ពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍នៅបុរីប៉េង ហួត បឹងស្នោរ តម្លៃជាង៣០ម៉ឺនដុល្លារ ក្បែរគ្នាវីឡាលោកទិត ថាវរិទ្ធ និងនៅ សុនិតា ដែរ ទើបធ្វើឱ្យមានព័ត៌មានថា គូស្នេហ៍២គូនេះ កាច់កុងគ្នាកាន់តែខ្លាំង។
យ៉ាងណា អ្នកនាង ស៊ឹម សូលិកា មិនដែលហ៊ានលាតត្រដាងរឿងស្នេហាជាមួយលោកអេង រិទ្ធី ឡើយ ខណៈដែលកន្លងមក សូលិកា បានព្រមានអ្នកកាសែតថា បើសួររឿងទំនាក់ទំនងរបស់អ្នកនាងជាមួយលោកអេង រិទ្ធី គឺអ្នកនាងមិននិយាយចូលឡើយ៕