លោក Josep Maria Bartomeu ប្រធានក្លឹបអ្នកមានបុណ្យBarcelona បានប្រកាសថា លោក Ernesto Valverde នឹងបន្តអង្គុយកៅគ្រូបង្វឹកក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់រដូវកាលបន្ទាប់។
នេះបើយោងតាមប្រភពព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃ ព្រហស្បត៍ ទី១៧ ខែមករា ឆ្នាំ២០១៩។
ប្រភពព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា លោក Valverde បានដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona ឈ្នះពានអេស្ប៉ាញ ព្រីមេរ៉ាលីហ្គា និងអេស្ប៉ាញ ខាប់ កាលពីរដូវកាលកន្លងទៅ ខណៈរដូវកាលនេះ គាត់កំពុងនាំក្លឹបយក្យអេស្ប៉ាញ នាំមុខគេនៅក្នុងតារាង នាំមុខក្រុមចំណាត់ថ្នាក់លេខ២ At Madrid ៥ពិន្ទុ។
ការលើកឡើងរបស់លោក Josep Maria Bartomeu បានកើតឡើង បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា អតីតគ្រូបង្វឹកក្លឹប Bilbao រូបនេះ អាចនឹងចាកចេញពីក្លឹបនេះ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអេស្ប៉ាញ Diario Sport លោក Josep Maria Bartomeu បាននិយាយថា “ឥឡូវនេះ យើងអស់សង្ស័យហើយ ចំពោះអនាគតរបស់លោក Valverde គឺបន្តដឹកនាំក្លឹបនេះ សម្រាប់រដូវកាលបន្ទាប់។ គាត់ធ្វើការបានល្អ និងជាមនុស្សឆ្លាត”៕