ស្រីស្រស់តូចតន់និងជាពិធីការិនីរបស់ទូរទស្សន៍ហង្សមាស កញ្ញាពេជ្រ ច័ន្ទធីតា ដែលបានទៅចូលរួមអបអរសាទរមង្គលការតារាចម្រៀងនី រតនា ត្រូវជាមិត្តរួមក្រុមធ្លាប់ប្រលងចម្រៀង Camboian Idol ជាមួយគ្នា តែច័ន្ទធីតា បានខ្ទាតចេញពីកម្មវិធី ព្រោះមិនអាចតតាំងជាមួយរតនា នោះ បានឱ្យដឹងថា នាងមិនទាន់ចង់គ្រងឈុតកូនក្រមុំមែនទែនឡើយ នៅដើមឆ្នាំ២០១៩ នេះ ព្រោះមិនទាន់ចង់គិតរឿងយកប្តី។
ស្រីស្រស់ទងវងនិងជាអតីតគ្រូបង្រៀនភាសារអង់គ្លេស ថ្នាក់មត្តេយ្យនៅក្រុងតាខ្មៅ នេះ លើកហេតុផលថា ដោយសារការមមាញឹកការងារសិល្បៈទាំងច្រៀង និងពិធីការិនីនៅទូរទស្សន៍ហង្សមាស ទើបធ្វើឱ្យនាងមិនទាន់ចង់លាភាពក្រមុំ និងចង់ចូលរោងការយ៉ាងតក់ក្រហល់ឡើយ។
ពេជ្រ ច័ន្ទធីតា វាចាថា “នៅទេបងអើយ ! ខ្ញុំមិនទាន់ចង់ការពេលហ្នឹងទេ។ ឥឡូវរវល់ច្រើនដែរហ្នឹង ច្រៀងផង ធ្វើពិធីការិនីផង ហើយនៅឆ្នាំថ្មីនេះ ហង្សមាស មានកម្មវិធីថ្មីៗច្រើនទៀត អ៊ីចឹងប្រហែលជាខ្ញុំអាចទៅកាន់កម្មវិធីថ្មីណាមួយផង បន្ថែមពីកម្មវិធីចាស់ ដែលមានស្រាប់ក៏មិនដឹង អីចឹងរឿងរៀបការសុំស្លេះទុកមួយអន្លើសិន”។
ពេជ្រ ច័ន្ទធីតា ពិធីការិនី “ឋានសួគ’ក្រោមមេឃ” របស់ហង្សមាស មានសម្រស់លេចធ្លោគួរសម តែកន្លងមក ហង្សមាស ហាក់មើលមិនសូវឃើញនារីនឹមនួននេះឡើយ ព្រោះមិនហ‘នាបណ្តោយឱ្យអត្ថាធិប្បាយកម្មវិធី Live ប្រគំតន្ត្រីធំៗតាមបណ្តារខេត្ត ដូចពិធីការិនីដទៃទៀតរបស់ហង្សមាស ឡើយ សូម្បីតែស្រីស្រស់ចង់ចូលច្រៀងនៅផលិតកម្មហង្សមាស ក៏ថ្នាក់ដឹកនាំផលិតកម្មនេះមិនជួយរុញឱ្យនាងបានសម្រេចក្តីស្រមៃនេះដែរ ទើបមានព័ត៌មានថា ច័ន្ទធីតា មិនសប្បាយចិត្តទេ ហើយថែមទាំងមួម៉ៅទៀតផង។
ប៉ុន្តែក្នុងជំនួបលើកនេះ ពេជ្រ ច័ន្ទធីតា បែរជាថា នាងពេញចិត្តហង្សមាស ខ្លាំងណាស់ ដែលបន្ថែមការងារពិធីការិនីឱ្យនាងថែមទៀតចល័តជាច្រើនកម្មវិធី ហើយទោះជាមិនបានច្រៀងនៅផលិតកម្មហង្សមាស បានត្រឹមតែធ្វើជាពិធីការិនី ក៏នាងពេញចិត្តដែរ។
គួរបញ្ជាក់ថា តារាតូចច្រឡឹងពេជ្រ ច័ន្ទធីតា ធ្លាប់ប្រេះឆាជាមួយនិស្សិតរួមជំនាន់ ជាប្រុសសង្ហា ដោយលេចឮថា បុរសនោះទៅរៀបការប្រពន្ធគ្មានប្រាប់នាងមួយម៉ាត់ឱ្យបានដឹងឡើយ។ ប៉ុន្តែច័ន្ទធីតា ក៏មិនទុកបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់នាងឱ្យនៅទំនេរដែរ គឺនាងបានភ្ជាប់ស្នេហ៍ថ្មីជាមួយតន្ត្រីករល្បីឈ្មោះម្នាក់ និងមានដំណឹងថា ពួកគេគ្រោងរៀបការជាមួយគ្នាទៀតផង តែនៅពេលសាកសួររឿងត្រៀមធ្វើជាភរិយាតន្ត្រីករនោះ ច័ន្ទធីតា បែរជាថា គ្មានពេលធ្វើកូនក្រមុំ ដោយសាររវល់ពេកទៅវិញ៕