បន្ទាប់ពីយកឈ្នះកីឡាករអេដ្រៀន ប្រូន័រ (Adrien Broner) ដោយពិន្ទុជាឯកច្ឆ័ន្ទ ស្តេចប្រដាល់អាស៊ី ម៉ានី ប៉ាក់គីអាវ (Manny Pacquiao) ហាក់ដូចជាបំភ្លេចរឿងនយោបាយ និងចូលនិវត្តន៍ ហើយបានប្រកាសថា លោកចង់សងសឹកជាមួយអ្នកប្រដាល់មិនដែលចាញ់ ហ្វ្លយ មេវេឌ័រ (Floyd Mayweather) ដែលលោកធ្លាប់បរាជ័យម្តងកាលពីឆ្នាំ២០១៥។
នេះបើយោងតាមប្រភពព័ត៌មានពី CNN ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។
ប៉ាក់គីអាវ បាននិយាយថា “ខ្ញុំចង់ផ្ញើសារថា ខ្ញុំនៅមានថាមពលគ្រប់គ្រាន់ ហើយប្រសិនបើហ្វ្លយ មេវេឌ័រ វិលត្រឡប់ចូលសង្វៀនវិញនោះ ខ្ញុំស្វាគមន៍’’។
ស្តេចប្រដាល់ហ្វីលីពីហ្វីន រូបនេះ បានបន្តថា “ប្រសិនបើ ហ្វ្លយ មេវេឌ័រ ចង់ចាកចេញពីការចូលនិវត្តន៍ ហើយចង់ជួបជាមួយខ្ញុំនោះ ខ្ញុំនឹងមិនជ្រើសរើសគូប្រកួតណាផ្សេងទៀតទេ ដោយរង់ចាំជម្រះបញ្ជីជាមួយអ្នកប្រដាល់មិនដែលចាញ់រូបនេះ”។
ទោះជាយ៉ាងណាក្តី គេមិនទាន់ឃើញមានប្រតិកម្មបែបណាពីអ្នកប្រដាល់អាមេរិក នេះនៅឡើយទេ។
កីឡាករ ប៉ាក់គីអាវ វ័យ៤០ឆ្នាំ បានប្រកួតចាញ់ស្តេចប្រដាល់អាមេរិក កាលពីឆ្នាំ ២០១៥ ដោយពិន្ទុមិនឯកច្ឆ័ន្ទ។ តម្លៃសំបុត្រថ្លៃបំផុត កាលពីឆ្នាំ២០១៥ រវាងប៉ាក់គីអាវ និង ហ្វ្លយ មេវេឌ័រ មានគឺ៣៥ម៉ឺនដុល្លារ ខណៈអ្នកបើកតាមទូរទស្សន៍ ត្រូវបង់លុយ១០០ដុល្លារផងដែរ ជាមួយនឹងអ្នកស្នេហាវិស័យប្រដាល់រាប់លាននាក់ទូទាំងពិភពលោក។
ជ័យជម្នះរបស់ប៉ាក់គីអា វទៅលើអ្នកប្រដាល់អេដ្រៀន ប្រូន័រ (Adrien Broner) កាលពីថ្ងៃអាទិត្យ ស្តេចប្រដាល់អាស៊ីអាគ្នេយ៍ រូបនេះ ទទួលបានតម្លៃខ្លួនជាង ២០លាន ខណៈអ្នកចាញ់ទទួលបានជាង៨លាន៕