Wednesday, November 20, 2024
Homeតារាខ្មែរស្រីស្អាតសុឹម ស្រីនិច្ច សង្ឃឹមល្បី ”កញ្ញាជើងខ្លាំង”

ស្រីស្អាតសុឹម ស្រីនិច្ច សង្ឃឹមល្បី ”កញ្ញាជើងខ្លាំង”

តារាបង្ហាញម៉ូដរាងតូចច្រឡឹង សុឹម ស្រីនិច្ច បានបង្ហាញខ្លួនក្នុងកម្មវិធីជប់លៀងរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នៅភោជនីយដ្ឋានទន្លេបាសាក់២ (ក្បាលថ្នល់) ដោយស្រីស្អាតរូបនេះ បានដឹកដៃប្រុសសង្ហា លោកសុខ​សាន់នី ដែលអ្នកទាំង២ ជាតួឯករឿង ”កញ្ញាជើងខ្លាំង” ដែលទើបថតបញ្ចប់កាលពីពេលថ្មីៗនេះ។

សុឹម ស្រីនិច្ច ដែលសម្ដែងជាតួស្រី ចេះវ៉ៃប្រដាល់នោះ បានឲ្យដឹងថា “ក្នុងរឿង ”កញ្ញាជើងខ្លាំង” នេះ នាងហាក់ទ្រោមខ្លួនដែរ ព្រោះលេងតួចរិតប្រុស តែនាងពិតជាមានការពេញចិត្តតួមួយនេះខ្លាំងណាស់ ព្រោះថា ចំណូលចិត្តរបស់នាង គឺស្រលាញ់ការសម្ដែងតួក្រមិចក្រមើម ពូកែង៉ក់ងរ និងឡប់ៗនេះឯង។

ស្រីនិច្ច បានឲ្យដឹងថា “នៅពេលដែលរឿងនេះដាក់បញ្ចាំងនៅអំឡុងខែកុម្ភៈ ឬខែមីនា នោះ​នាងនឹងបានល្បីថែមទៀតជាមិនខានឡើយ”។

ដោយឡែក លោកសុខ សាន់នី ជាតួឯកប្រុសវិញ បានឲ្យដឹងថា “ក្នុងរឿង ”កញ្ញាជើងខ្លាំង” នេះ លោកសម្ដែងជាតួស្រលាញ់យុត្តិធម៌ ឋានៈជាអ្នកមាន មាត់អាក្រក់ តែចិត្តល្អ ចូលចិត្តយកអាសាអ្នកដទៃទៀតផង”។

លោកសាន់នី បានឲ្យដឹងទៀតថា “រឿងនេះ លោកពេញចិត្តសម្ដែងជាមួយតួឯកស្រីខ្លាំងណាស់ ហើយឈុតដែលលោកអាណិតស្រីនិច្ច ជាងគេ គឺត្រង់ត្រូវគេច្រានធ្លាក់ទឹកស្រះ ហើយលោកធ្វើជាអ្នកក្លាហានចុះជួយស្រង់ស្រីស្អាតនេះពីក្នុងទឹកទៀតផង”។

សុឹម ស្រីនិច្ច ដែលចូលចិត្តថតរូបសិចស៊ី ពេលខ្លះហ៊ានទាំងលេងខ្លួនស៊ិចស៊ីស្លៀកប៊ីគីនី មិនខ្វល់ប្រុសៗឡើងសាច់ដុំភ្នែកនោះ បានឲ្យដឹងថា “រយៈពេលដែលនាងប្រឡូកសិល្បៈ រយៈពេលជាង២ឆ្នាំនេះ នាងបានថតជាតួឯកជាង២០រឿងមកហើយ​គឺនាងគ្មានបក្ខពួក ឬខ្សែទេ ដោយសារតែអ្នកដឹកនាំសម្ដែងឃើញពីសមត្ថភាពរបស់នាងផ្ទាល់តែម្ដង។ ដោយឡែក រឿង ”កញ្ញាជើងខ្លាំង” នេះ នាងពេញចិត្តបំផុត គឺខ្ញុំក្នុងរឿងហ្នឹងក្លាហានខ្លាំងណាស់ ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីក្រុមគ្រួសារ”។

លោកម៉ារុត ប៊ុនថាំ អ្នកដឹកនាំសម្ដែងរឿង ”កញ្ញាជើងខ្លាំង” បានឲ្យដឹងថា “រឿងនេះមាន៤៥ភាគ ហើយសាច់រឿងទាំងមូល គឺឆ្លុះបញ្ចាំងពីវណ្ណៈជាន់ទាប កណ្ដាល និងខ្ពស់។ ក្នុងរឿងនេះ លោកសូមកោតសរសើរក្រុមការងារ និងតារាសម្ដែងទាំងអស់ ដែលបានសហការគ្នាបានយ៉ាងល្អ ហេតុនេះហើយ ពេលដាក់បញ្ចាំង លោកមានជំនឿចិត្តថា ទស្សនិកជននឹងចូលចិត្តតាមដានទស្សនាទាំងអស់គ្នាជាមិនខាន”៕

 

RELATED ARTICLES