តួឯកស្រីរឿង “ហ្លួងព្រះស្តេចកន” កញ្ញាឆុំ វត្តី បានបណ្តើរសង្សារបណ្តូលចិត្តលោករិទ្ធ ហួរ ទៅចូលរួមមង្គលការតារាចម្រៀងនី រតនា ជាចំហ កាលពីរាត្រីថ្ងៃទី18 ខែមករា ឆ្នាំ២០១៩។
តារាស្រីស្រអែមស្រស់ វត្តី និយាយចំៗថា នាងស្រលាញ់គ្នាជាមួយលោកហួរ 2ឆ្នាំមកហើយ តែមិនទាន់បានធ្វើពីធីភ្ជាប់ពាក្យ ឬកំណត់ថ្ងៃចូលរោងការជាក់លាក់ឡើយ ។
តារាខ្ពស់ស្រឡះ ឆុំ វត្តី វាចាថា “ខ្ញុំនិងគាត់ស្រលាញ់គ្នាមែនហ្នឹង។ បើមិនស្រលាញ់ ស្មានតែបណ្តើរគ្នាចឹងកើតអីបង? គាត់ជាមនុស្សពិសេសរបស់ខ្ញុំចេះយល់ចិត្តខ្ញុំគ្រប់ពេលវេលាទាំងអស់ តែពួកយើងអត់ទាន់បានភ្ជាប់ពាក្យអីជាមួយគ្នាទេ។ ចំណែករឿងរៀបការ ក៏មិនទាន់កំណត់ដែរបង ព្រោះខ្ញុំចង់ឱ្យមានមុខរបរអ្វីមួយក្រៅពីសិល្បៈសិន ទើបរៀបការតាមក្រោយ”។
ដោយឡែក លោករិទ្ធ ហួរ វិញ ញញឹមបិទមាត់មិនជិតឡើយ ពេលដែលរកបានសង្សារជាស្រីស្អាត និងជាតារាសម្តែងល្បី ឆុំ វត្តី ធ្វើជាម្ចាស់បេះដូងនៅពេលនេះ ព្រោះថា វត្តី មានមន្ត្រីធំៗតាមស្នេហ៍ច្រើន តែទីបំផុត ស្រីស្រអែមស្រស់រូបនេះ ជ្រើសយករូបលោកជាអនាគតស្វាមី។
លោកហួរ និយាយទាំងរីករាយថា “ខ្ញុំស្រលាញ់អូនតី ខ្លាំងណាស់។ ឥឡូវឪពុកម្តាយទាំងសងខាងបានដឹងឮអស់ទៅហើយ និងគ្មានអ្នកណាជំទាស់ទេ។ ប៉ុន្តែខ្ញុំនិងអូនតី មិនទាន់គិតគូរដល់ការភ្ជាប់ពាក្យហ្នឹងរៀបការឆាប់ៗនេះទេ ព្រោះនៅមើលចិត្តគ្នាថែមទៀតសិន”។
គួរបញ្ជាក់ថា ឆុំ វត្តី បានថតរឿងភាគជាច្រើនឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ5 ហើយទីបំផុត ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកដឹកនាំសម្តែងរឿងភាគរបស់ប៉ុស្តិ៍នេះ គឺលោករិទ្ធ ហួរ ហើយចំណងស្នេហ៍2ឆ្នាំនេះ ក៏បើកចំហ ដោយពួកគេបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ ធ្វើឱ្យមន្ត្រីធំៗទាំងឡាយដែលធ្លាប់តាមស្នេហ៍តួឯកស្រី “អ្នកម្នាងផាលែង” ជាមហេសីស្តេចកន នេះ ខកចិត្តជាខ្លាំង ព្រោះតែវត្តី ថា កុំតាមស្នេហ៍នាងទៀត គឺពេលនេះមានម្ចាស់ចិត្តហើយ៕