បន្ទាប់ពីម៉ូដែលទូរស័ព្ទ ១០ដុល្លារ ឬមិនត្រឹមតែប៉ុណ្ណោះគឺ ៣,៦ដុល្លារ ស្រាប់តែមានបន្ថែមក្រុមហ៊ុនប្រទេសឥណ្ឌាមួយទៀត មានឈ្មោះថា ChampOne បែរជាប្រកាសស្មាតហ្វូតមានតម្លៃត្រឹមតែប្រមាណ ៧ដុល្លារ ។
នៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះមានម៉ាកចំនួន៦៥ កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមចំណែកទីផ្សារក្នុងបរិមាណស្មាតហ្វូនសរុបចំនួន ២៥លានគ្រឿងត្រូវបានផលិតក្នុងត្រីមាសនីមួយៗ ។ Samsung, Micromax និង Xiaomi សុទ្ធតែបានលក់ចេញបណ្តាស៊េរីមានតម្លៃក្រោម ១០០ដុល្លារនៅទីនេះ ។ ដូច្នេះ ធ្វើដូចម្តេចដើម្បីឲ្យម៉ាកទូរស័ព្ទរបស់អ្នកឆាប់បានមនុស្សជាច្រើនស្គាល់នៅលើទីផ្សារទូរស័ព្ទចល័ត ដែលតាំងពីយូរមកហើយមានយ៉ាងច្រើនសម្បើម? ដំណោះស្រាយរបស់ក្រុមហ៊ុនមួយចំនួននៅប្រទេសមានចំនួនប្រជាជនលំដាប់ទីពីរនៅលើពិភពលោក គឺឲ្យចាប់កំណើតបណ្តាស្មាតហ្វូនមានតម្លៃថោកមិនគួរឲ្យជឿ ។
សប្តាហ៍នេះ មុខមាត់មួយថ្មីទាំងស្រុង គឺ ChampOne អះអាងថា នឹងចេញលក់ទូរស័ព្ទដើរដោយ Android មានឈ្មោះ C1 ក្នុងតម្លៃត្រឹមតែ ៧ដុល្លារ ។ ទោះបីកំពូលថោក ប៉ុន្តែតាមការប្រកាស C1 មានការកំណត់រចនាសម្ព័ន្ធខ្នាតមធ្យមជាមួយអេក្រង់ HD ៥អ៊ីញ ក្បាលស្កែនក្រយ៉ៅដៃ រ៉េម២ជីកាបៃ កាមេរ៉ា ៨មេហ្គាភិចសែល និងឈីប Media Tek 1,3 Ghz ។
ChampOne ឲ្យដឹងថា វគ្គបើកលក់ទូរស័ព្ទលើកដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២កញ្ញា ។ បន្ទាប់ពីវគ្គនេះ ផលិតផលនឹងមានតម្លៃ ១២០ដុល្លារ ។
ក៏ប៉ុន្តែ មុន ChampOne មានក្រុមហ៊ុនមិនតិចទេលក់ទូរស័ព្ទកំពូលថោកនៅប្រទេសឥណ្ឌា បានប្រឈមនឹងភាពចម្រូងចម្រាស ។ ឧទាហរណ៍ កាលពីខែកុម្ភ: Ringing Bells ធ្លាប់បង្កឲ្យមានការជ្រួលច្របល់ ពេលឧទ្ទេសនាម Freedom 251 «ថោកដូចឲ្យទទេ» ៣,៦ដុល្លារ ។ បន្ទាប់ពីនោះ ក្រុមហ៊ុននេះ ត្រូវបានរកឃើញថា បានយកទូរស័ព្ទរបស់ក្រុមហ៊ុន Adcom រួចហើយបិទម៉ាក Freedom ពីលើ ។ ពួកគេសន្យាថានឹងចេញលក់ទូរស័ព្ទ ២,៥លានគ្រឿង នៅចុងខែមិថុនា ប៉ុន្តែមកដល់នេះ ទើបតែលក់បាន ៧០.០០០គ្រឿងប៉ុណ្ណោះ ។
ក្នុងពេលនោះ ក្រុមហ៊ុន mPhone ឃោសនាចរន្តទូរស័ព្ទ Mango ត្រូវបានអះអាងថាស្ថិតក្នុង កម្មវិធី “Make in India” របស់រដ្ឋាភិបាល ។ ក៏ប៉ុន្តែ នៅថ្ងៃប្រកាសផលិតផលកាលពីខែមីនា សហស្ថាបនិក២នាក់ គឺ Anto Augustine និង Josekutty Augustine បានត្រូវចាប់ខ្លួន ដោយសារការក្លែងបន្លំ ។
រហូតដល់ខែមេសា ក្រុមហ៊ុនមួយទៀត គឺ Docoss ដាក់តាំងបង្ហាញ Docoss X1 តម្លៃ ១០ដុល្លារ ។ ប៉ុន្តែ៤ខែបានកន្លងផុតទៅ ទូរស័ព្ទនេះនៅតែទទួលបានការពេញនិយមនៅលើទីផ្សារ ៕
ដោយ: តូច រំលឹក
ក្រុមហ៊ុនឥណ្ឌាចេញលក់ស្មាតហ្វូត ៧ដុល្លារ
RELATED ARTICLES