យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្លឹប Man Utd បានបដិសេធសំណើរបស់កាំភ្លើងធំ Arsenal ក្នុងការនាំយកខ្សែការពារ Eric Bailly មកកាន់ទីក្រុងឡុងដ៏។
Arsenal ចង់ខ្ចីជើងកីឡាករសញ្ជាតិកូឌីវ័រ មកជួយក្រុម រហូតដល់ចប់រដូវកាលនេះ ជាមួយនឹងជម្រើសទិញផ្ដាច់នៅរដូវកាលខាងមុខ។
ទោះជាយ៉ាងណា ក្លឹបបិសាចក្រហម Man Utd មិនចង់បាត់បង់កីឡាករវ័យ២៤ឆ្នាំ នៅពេលនេះទេ ។
Bailly ត្រូវបានអតីតអ្នកចាត់ការរបស់ Man Utd លោក Jose Mourinho ទិញមកក្នុងតម្លៃ៣០លានផោន កាលពីឆ្នាំ២០១៦ ហើយពេលនេះសល់កុងត្រា១៨ខែទៀត។ បច្ចុប្បន្ន Bailly មិនស្ថិតក្រោមជម្រើសដំបូងរបស់គ្រូបណ្ដោះអាសន្ន Ole Gunnar Solskjaer ឡើយ។ ក្នុងចំណោម៧ប្រកួត ចាប់តាំងពី Solskjaer ចូលមកដឹកនាំ ខ្សែការពារកណ្ដាលរូបនេះ លេងជម្រើសដំបូងបាន១ប្រកួតគត់។
Man Utd មានគំនិតចង់ពង្រីកកុងត្រាថ្មីឲ្យ Eric Bailly ២ឆ្នាំទៀត ប៉ុន្តែពន្យារពេលរងចាំការតែងតាំងគ្រូថ្មីពិតប្រាកដសិន ខណៈកីឡាករផ្ទាល់ ក៏ចង់បន្តពង្រឹងសមត្ថភាពនៅ Man Utd ទៀតដែរ៕