ឱក សុគន្ធកញ្ញា នឹងគ្រងឈុតកូនក្រមុំមែនទែនរបស់លោកអ៊ឹង សុខលី នៅខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ បន្ទាប់ពីពួកគេបានភ្ជាប់ពាក្យកាលពីថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨។ សុគន្ធកញ្ញា បានត្រៀមសំបុត្រការ ហៅតារាសិល្បករល្បីៗរាប់រយនាក់ សម្រាប់ថ្ងៃពិសេសរបស់នាង ខណៈដែលលោកសុខលី ហៅភ្ញៀវជាអ្នកជំនួញ និងម្ចាស់ក្រុមហ៊ុនជាច្រើន ដែលរកស៊ីជាមួយហង្សមាស ស្របពេលដែលថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក៏មានភ្ញៀវជាអ្នកជំនួញធំៗ និងឧកញ៉ាជាច្រើនរូបផងដែរ ក្នុងមង្គលការប្អូនប្រុសរបស់លោកជាមួយតារាចម្រៀងជ្រកកោនក្រោមដំបូលហង្សមាស ដែលលោកជាម្ចាស់ក្រុមហ៊ុននេះ។
ព័ត៌មានបានឱ្យដឹងថា ចាប់ពីពេលនេះ រហូតដល់ថ្ងៃរៀបការ គឺសុគន្ធកញ្ញា នៅតែបន្តអាជីពសិល្បៈជាធម្មតា មិនបានចូលម្លប់បន្ទំស្បែកឱ្យសខ្ចីដូចគេទេ ព្រោះថា នាងបានកុងត្រាច្រៀងឱ្យផលិតផលជាច្រើន នៅមុនពេលលាភាពនៅលីវ ត្រឹមឆ្នាំ២០១៩ នេះ។
ម្តាយឱក សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិត តែគាត់ព្យាយាមលាក់ថ្ងៃពិតប្រាកដនៃមង្គលការកូនស្រី ដោយថា មិនទាន់កំណត់នៅឡើយទេ។
អ្នកស្រីអ៊ិន ថាច និយាយថា “អូ! រឿងការហ្នឹងអី! ដំណឹងអាកញ្ញា រៀបការនោះ គឺជាការពិតមែន ដែលធ្វើនៅពាក់កណ្តាលឆ្នាំក្រោយ (២០១៩) ហ្នឹងហើយ។ ចំពោះការរៀបចំនៅថ្ងៃណានោះ ពេលនេះ យើងមិនទាន់បានកំណត់ទេ ខ្ញុំគ្រាន់តែអាចប្រាប់បានថា គេការមែន នៅខែហ្នុង (ឧសភា)”។
ឱក សុគន្ធកញ្ញា បានក្លាយទៅជាតារាចម្រៀងទី១ ដែលបានក្លាយទៅជាសមាជិកគ្រួសារម្ចាស់ក្រុមហ៊ុនហង្សមាស លើកដំបូងបំផុត ព្រោះកន្លងមក គ្រួសារអ្នកជំនួញនេះ តែងតែភ្ជាប់សាច់ឈាមជាមួយអ្នករកស៊ីធំៗ និងឧកញ៉ាដូចគ្នាដូចជាលោកអ៊ឹង សុខលាភ អ្នកគ្រប់គ្រងហង្សមាស បានរៀបការជាមួយកូនពៅលោកឧកញ៉ាតាំង ផេងប៉ោ ជាដើម។
មជ្ឈដ្ឋានមហាជនជាច្រើន ក៏បានសម្តែងការកោតសរសើរចំពោះឱក សុគន្ធកញ្ញា ដែរ ព្រោះនាងបានទាត់ចោលសំណើសុំស្នេហ៍ពីមន្ត្រីធំៗទាំងឡាយ ដោយមើលរំលងតំណែង “ជំទាវ” ហើយ មកយកស្វាមីជាអ្នកនៅក្នុងរង្វង់សិល្បៈដូចគ្នា ដែលអាចយល់ចិត្តគ្នាច្បាស់ និងអាចរក្សាចំណងស្នេហា ឱ្យបានគង់វង្សយូរអង្វែង។
ការលាភាពនៅលីវរបស់ឱក សុគន្ធកញ្ញា ក្រោយពេលដែលនាងបានភ្ជាប់ពាក្យ ១២ខែ និងស្វែងយល់ចិត្តគ្នា ជាង៥ឆ្នាំនេះ ក៏ជាការកប់ដានស្នេហ៍ចាស់ជាមួយតន្ត្រីករ រ៉េតធី ដូណា នៅត្រឹមឆ្នាំ ២០១៩ នេះដែរ ក្រោយពេលពួកគេចែកផ្លូវគ្នា កាលពីឆ្នាំ ២០១១។
ទស្សនិកជនជាច្រើន និយាយថា សុគន្ធកញ្ញា នឹងកាន់តែមានឥទ្ធិពលខ្លាំងក្លានៅហង្សមាស ថែមទៀត ក្រោយពេលដែលនាងក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នេះ៕