បន្ទាប់ពីខេមរៈ ស្រីពៅ បានទទួលមរណៈភាពដោយសារជំងឺ ហើយក្រុមគ្រួសារនាង រួមទាំងលោកខេម ប៊ុនថន ដែលជាបងប្រុសបង្កើតរបស់ស្រីពៅ អះអាងថា នាងមានជំងឺសួត និងក្រលៀននោះ ឌួង ហ្សូរីដា បានប្រាប់ថា នាងមិនច្បាស់ថា ស្រីពៅ មានជំងឺអ្វីទេ ទោះជានាងនិងលោកខេមរៈ សិរីមន្ត ជិតស្និទ្ធនឹងគ្នាក៏ដោយ តែនាងមិនដែលបានសួរសិរីមន្ត ពីជំងឺស្រីពៅ ទេ។ ប៉ុន្តែឌួង ហ្សូរីដា បានដាក់ការសង្ស័យថា ខេមរៈ ស្រីពៅ អាចប្រើប្រាស់ថ្នាំច្រើនពេក ឬប្រើថ្នាំខុស ទើបបណ្តាលឱ្យនាងឈឺធ្ងន់ រហូតព្យាបាលមិនជាបែបនេះ។
ក្នុងនាមជាសិល្បការិនីម្នាក់ឌួង ហ្សូរីដា បានផ្ញើសារដល់ប្រជាជនទាំងឡាយ រួមទាំងយុវវ័យថា មុននឹងប្រើប្រាស់ថ្នាំពេទ្យត្រូវតែពិនិត្យឱ្យបានច្បាស់លាស់ ព្រោះបើយើងប្រើប្រាស់មិនបានត្រឹមត្រូវវានឹងវិវឌ្ឍទៅរកជំងឺផ្សេងទៀត។
ចំពោះមរណភាពរបស់កញ្ញាខេមរៈ ស្រីពៅ វិញ ហ្សូរីដា មានការស្តាយស្រណោះក្រៃលែង ព្រោះហ្សូរីដា ចាត់ទុកស្រីពៅ ជាក្មេងស្រីល្អម្នាក់ មិនគួរណា អភ័ព្វដូចនេះទេ ហេតុនេះហើយ នាងមានតែសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារខេមរៈ ស្រីពៅ ផង។
ឌួង ហ្សូរីដា បានផ្អាកអាជីពពីធីការិនីនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្រោយពេលនាងរងភាពអាម៉ាស់ ត្រូវគេចោទថា នាងជាម៉ែយ៉ែមនាំតារាស្រីស្អាតៗ ឱ្យកូនមន្ត្រីធំ តែហ្សូរីដា មិនតបតបឡើយ ដោយនាងអហោសកម្មឱ្យអ្នកដែលថា នាងជាម៉ែយ៉ែម ដោយអះអាងថា រវល់រកស៊ី គ្មានពេលឈ្លោះអត់ប្រយោជន៍។
ថ្មីៗនេះ ហ្សូរីដា ទើបតែទិញកាដូរថយន្ត Toyata ដ៏ថ្មីសន្លាង1គ្រឿង ជូនម្តាយនាង អ្នកស្រីលឹម យ៉ាលីន ផងដែរ ក្រោយស្ថានភាពរបស់ម្តាយនាងកាន់តែប្រសើរ។ ចំណែកកាលពីខែមុន ហ្សូរីដា ក៏បានធ្វើពិធីសម្ពោធវីឡាដ៏ប្រណីតមួយខ្នង តម្លៃជាង20ម៉ឺនដុល្លារផងដែរ ទើបគេចាត់ទុកថា តារារូបនេះមានទ្រព្យស្តុកមិនធម្មតាឡើយ។ តែហ្សូរីដា បែរជានិយាយថា សម័យនេះហើយ អ្នកណាក៏អាចមានផ្ទះវីឡានៅដែរ មានវីឡា មានអីអស្ចារ្យទៅ ព្រោះអាចបង់រំលស់បានតើ៕