ស្រីស្អាតរបស់ផលិតកម្មថោន រ៉ាប៊ី ពេលនេះមានគូប្រជែងថ្មី ដែលអាចធ្វើឱ្យតំណែងរបស់នាងនៅផលិតកម្មថោន មានការប្រែប្រួលក៏អាចថាបានដែរ ព្រោះការមកដល់របស់ស្រីស្រស់បេប៊ី បើសិនជាម្ចាស់បទ “មាន់ស្រែ” មិនមានការរៀបចំជើងព្រួលជាមុន ទេនោះ បេប៊ី ដែលមានរូបសម្រស់មិនចាញ់ រ៉ាប៊ី ហើយក្បាច់រាំក៏គួរឱ្យគ្រឺតក្នាញ់ថែមទៀតនោះ អាចធ្វើឱ្យទីផ្សារតារាចម្រៀងស្រីផលិតកម្មថោន មានការប្រែប្រួលជាមិនខាន ខណៈដែលមាស សុខសោភា នៅតែឈរលើគេដដែល។

ក្នុងជំនួបផ្ទាល់ ផាន វីរ៉ាទី ហៅរ៉ាប៊ី បានឱ្យដឹងថា នាងនិងបេប៊ី រាប់អានគ្នាជាមិត្តភក្តិ ហេតុនេះហើយ ការប្រជែងយកឈ្នះ ចាញ់ គឺពិតជាមិនមានទេ មានតែការប្រឹងប្រែងរៀងៗខ្លួនដើម្បីឱ្យថោន កាន់តែរឹងមាំថែមទៀត។

អតីតពិធីការិនីហង្សមាស រ៉ាប៊ី វាចាថា “ខ្ញុំសប្បាយចិត្តចំពោះការមកដល់របស់បេប៊ី គឺធ្វើឱ្យផលិតកម្មថោន កាន់តែមានតារាចម្រៀងផ្នែកផ្សេងៗគ្នាថែមទៀត ហើយខ្ញុំសូមនិយាយដោយស្មោះត្រង់អស់ពីពោះតែម្តង គឺខ្ញុំបន់ឱ្យតែថោន មានអ្នកចម្រៀងកាន់តែច្រើន គឺកាន់តែល្អ ខ្ញុំមិនដែលមានគំនិតថា ខ្លាចគេមកដណ្តើមតំណែងអី អត់មានទាល់តែសោះ។ ចំពោះបេប៊ី ខ្ញុំគិតថា គាត់និងខ្ញុំមាន Style ខុសគ្នាមិនជាន់គ្នាទេ គឺម៉្យាងម្នាក់ អ៊ីចឹង ខ្ញុំគ្មានការព្រួយបារម្ភខ្លាចបាត់ទីផ្សារអីនោះទេ គឺមានតែខិតខំប្រឹងប្រែងខ្លួនឯងថែមទៀត”។

រ៉ាប៊ី បានបំបែកឯតទគ្គកម្មនៅផលិតកម្មថោន ព្រោះការល្បីបទ “មាន់ស្រែ” ធ្វើឱ្យស្រីស្អាតរូបនេះបានកើបលុយ១បទនេះ រហូតដល់ទៅ១០ម៉ឺនដុល្លាឯណោះ។ ដោយឡែក ការរាំបទ “លុយ លុយ លុយ” យ៉ាងសិចស៊ីចេញរន្ធផ្ចិតនោះ ធ្វើឱ្យតាតាជាច្រើនជ្រួលជ្រើមលង់ស្នេហ៍រ៉ាប៊ី តែស្រីស្រស់រូបនេះបានបញ្ជាក់ថា នាងមិនត្រូវការជ្រើសយកគូស្នេហ៍បុរសចំណាស់ឡើយ បើទោះជាប្រុសនោះមានដុល្លារក្រាស់យ៉ាងណាក្តី គឺសូមជ្រើសរើសយកប្រុសក្មេងវិញ ងាយស្រួលបណ្តើរគ្នាផ្អែមល្ហែមបាន៕



