ភ្នំពេញ ៖ មរណភាពរបស់អតីតតារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានអង្រួនបេះដូងមហា ជនទូទៅឱ្យតក់ស្លុត និងសោកសង្រេងយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលកាន់តែរន្ធត់ចិត្តថែមទៀតនោះ គឺពិធីបុណ្យ៧ថ្ងៃរបស់នាង គឺចំនឹងថ្ងៃខួបកំណើត តែម្តង ហេតុនេះទើបក្រុមគ្រួសារបានធ្វើនំខេកមួយប្រគេនថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសជូនរូបនាង។
ពិធីបុណ្យសព៧ថ្ងៃរបស់កញ្ញា ខេរមៈ ស្រីពៅ បានបញ្ចប់ទាំងស្រុងហើយ គិតត្រឹមវេលាថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ និងកាន់តែស្រណោះស្រណោកដល់ ខេមរៈ ស្រីពៅ ថែមទៀតនោះ គឺក្រោយពីដឹងថា ពិធីបុណ្យ៧ថ្ងៃ គឺចំនឹងថ្ងៃខួបកំណើតរបស់នាងតែម្តង ហើយក្រុមគ្រួសារក៏សម្រេចចិត្តធ្វើនំខេកមួយប្រគេនថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសជូនដល់រូបនាង។
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ ត្រូវបានបញ្ចប់រួចរាល់ គេឃើញលោកធុច ស៊ីថុន និងអ្នកស្រី សំ រៀប ត្រូវជាឪពុកម្តាយ ខេមរៈ ស្រីពៅ រួមនឹងលោកខេមរៈ សិរីមន្ត ដែលជាបងប្រុស បានលើកនំខួបកំណើតធំមួយ ប្រគេនថ្វាយសម្តេចព្រះសង្ឃរាជ នន្ទ ង៉ែត សម្តេចសង្ឃនាយក នៃព្រះរាជាណាចក្រកកម្ពុជា ដើម្បីឱ្យសម្តេចព្រះសង្ឃនាយក ជួយឧទ្ទិសជូនព្រលឹង ខេមរៈ ស្រីពៅ ដោយហេតុថាវេលានេះ គឺជាថ្ងៃខួបកំណើតរបស់ ខេមរៈ ស្រីពៅ ផ្ទាល់តែម្តង។
តាមរយៈការប្រកាសរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ខាងលើនេះ បានធ្វើឱ្យមហាជនទូទៅ សម្តែងនូវការគាំទ្រ និងបានយល់កាន់តែ ច្បាស់ និងស៊ីជំរៅ ចំពោះទំហំទឹកចិត្តរបស់លោក ដែលមានចំពោះប្អូនស្រីជាទីស្រលាញ់៕